សមាជិក៦នាក់នៃក្រុមជួញដូរថ្នាំញៀនមួយ បានទទួលទោសប្រហារជីវិតនៅក្នុងសវនាការរបស់តុលាការខេត្តកាវ បាងកាលពីថ្ងៃចន្ទទី០៩មីនាខណៈមនុស្ស៥នាក់ទៀតជាប់គុកមួយជីវិតនិងម្នាក់ជាប់គុក២៧ឆ្នាំ។
បើតាមតុលាការ ក្រុមនេះបានជួញដូរថ្នាំញៀនហេរ៉ូអ៊ីនប្រមាណ១៥៧គគីឡូក្រាមចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែកុម្ភៈឆ្នាំ២០១៨។
ការបំបែកក្រុមជួញដូរថ្នាំញៀននេះកើតឡើងក្រោយពីការចាប់ខ្លួនមេក្លោងថ្នាំញៀនម្នាក់ជាមួយនឹងថ្នាំញៀនហេរ៉ូអ៊ីននិងមេតំហ្វេតាមីន កាលពីខែកុម្ភៈឆ្នាំ២០១៨។

សមាជិកក្រុមជួញដូរថ្នាំញៀនមួយ នៅក្នុងតុលាការប្រជាជនខេត្តកាវ បាង
ការស៊ើបអង្កេតបន្តនាំអោយប៉ូលិសរឹបអូសបានថ្នាំញៀនជាង៣០០គីឡូក្រាមនិងចាប់ខ្លួនមនុស្សមួយចំនួន។
វៀតណាមជាមណ្ឌលជួញដូរសំខាន់មួយសំរាប់ថ្នាំញៀនមកពីតំបន់ត្រីកោណមាស។ទោះជាមានច្បាប់ប្រឆាំងថ្នាំញៀនតឹងរឹងបំផុតក្តី ប្រទេសនេះតែងចាប់បានថ្នាំញៀនជារឿយៗ។
ជនណាមានឬលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនចាប់ពី០,៦គីឡូក្រាមឡើង ឬមេតំហ្វេតាមីន២,៥គីឡូក្រាមឡើងនឹងទទួលទោសប្រហារជីវិត។ការផលិតឬលក់ហេរ៉ូអ៊ីន០,១គីឡូក្រាម ឬថ្នាំញៀនដទៃទៀត០,៣គីឡូក្រាមឡើងក៏ទទួលទោសប្រហារជីវិតដែរ៕ប្រែសម្រួល៖វាសនា