អភិបាលខេត្តកំពង់ចាមសម្តែងការខ្វាយខ្វល់ករណីឆេះលំនៅស្ថានពល រដ្ឋនៅកោះប៉ែន

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសម្តែងការខ្វាយខ្វល់ជាពន់ពេកដោយទើបបានអំពាវនាវឳ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពិនិត្យឳ្យគ្រប់ជ្រុងជ្រោយ មុនចេញពីផ្ទះ ដើម្បីបង្ការកុំឳ្យមានអគ្គិសភ័យភ្លើងឆេះក្នុង«ទិវាជាតិបង្ការ និងពន្លត់អគ្គិសភ័យ»នៅពេល ពីព្រឹក។ បែរជានៅពេលរសៀលថ្ងៃទី ១០ មីនាដដែល គឺអគ្គិសភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ពីរ ខ្នងនៅកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។ ករណីនេះបានបណ្តាលឳ្យរងរបួសរលាកបុរសម្ចាស់ផ្ទះម្នាក់។

លោក វ៉ែន នាង មេឃុំកោះមិត្តប្រាប់កាសែតរស្មីកម្ពុជាថា អគ្គិសភ័យខាងលើដែលផ្តើមពីការឆ្លងចរន្តអគ្គិសនីបានបណ្តាលឳ្យឆេះអស់ទាំងស្រុង ផ្ទះប្រជាពលរដ្ឋចំនួន ពីរ ខ្នងនៅភូមិស្វាយជ្រុំ ឃុំកោះមិត្តស្រុកកំពង់សៀម។

លោកមេឃុំបានឳ្យដឹងទៀតថា ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលផ្តើមឆេះមុនគេមានទំហំទទឹង ប្រាំបី ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រសង់អំពីឈើ ប្រក់ក្បឿង និងឆេះអស់សម្ភារ:ជាច្រើនបន្ថែមទៀតដែល ជាកម្មសិទ្ធិរបស់បុរសពោះម៉ាយអាយុ ៧០ឆ្នាំ ឈ្មោះ ហេង អ៊ាន ។ ភ្លើងបានឆេះរាលដាលឆ្លងបន្តទៅផ្ទះទីពីរ សង់អំពីឈើ ប្រក់ក្បឿងដែរមានទំហំទទឹង ប្រាំពីរ ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ និងបណ្តាលឳ្យឆេះរលាកបុរសជាម្ចាស់ផ្ទះអាយុ ៥០ឆ្នាំឈ្មោះ កែវ ណារិន រួមជាមួយសម្ភារ:ប្រើប្រាស់ជាច្រើនទៀត។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅកោះប៉ែនភ្លាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះអន្តរាគមន៍ជួយពន្លត់ជួយពន្លត់ភ្លើងឆេះលំនៅស្ថានប្រជាពលរដ្ឋ។ ដោយសម្តែងការខ្វាយខ្វល់ និងសោកស្តាយជាពន់ពេក ចំពោះការធ្វេសប្រហែស គឺលោកទើប បានអំពាវនាវឳ្យមានការប្រុងប្រយ័ត្ន ពិនិត្យឳ្យបានគ្រប់ជ្រុងជ្រោយមុនចាកចេញផ្ទះ ដើម្បីបង្ការកុំឳ្យមានភ្លើងឆេះ ខណ:ដែលលោកបានចូលរួមអបអរ«ទិវាជាតិបង្ការ និងពន្លត់អគ្គិសភ័យ» លើកទីបួន របស់ខេត្តកំពង់ចាមនៅក្នុងអនុវិទ្យល័យព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀមនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ដដែលនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular