ម៉ែន សំអនៈ សូម​ទិញ​សម្ភារ​សិក្សា និង សៀវភៅ ជា​អំណោយ​សម្រាប់​កូនៗ​ជាទី​ស្រឡាញ់​

ដោយៈ មេសា​/ភ្នំពេញៈ អនុសាសន៍​ដ៏​ថ្លៃថ្លា​បំផុត​មួយ ដែល​គេ​កម្រ​បានឮ​នៅក្នុង​សង្គម​ខ្មែរ ជាពិសេស នៅក្នុង​សម័យ​សម្ភារ​ទំនើបនិយម ដែល​មនុស្ស​ក្នុងសង្គម​ខ្មែរ​ភាគច្រើន ជាពិសេស​មាតាបិតា ចូលចិត្ត​ទិញ​សម្ភារ​ទំនើបៗ​ឱ្យ​កូនៗ ដូចជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាដើម លោកស្រី សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច បានផ្តល់​អនុសាសន៍​ដ​ល់​មាតាបិតា​អាណាព្យាបាល​ទាំងអស់​ថា មាតាបិតា អាណាព្យាបាល​គួរ​លៃលក​ចំណាយ​នៅក្នុង​គ្រួសារ សម្រាប់​ការទិញ​សម្ភារ​សិក្សា និង សៀវភៅអាន​ជូន​កូនៗ​ជាទី​ស្រឡាញ់​ជា​អំណោយ ។ នេះ​ចាត់ទុកជា​ការវិនិយោគ​មួយ ដ៏​សំខាន់​សម្រាប់​បង្កើន​ចំណេះដឹង និង ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​ពួកគេ ។​

លោកស្រី ម៉ែន សំអន ថ្លែង​នៅក្នុង​ទិវា​ជាតិ អំ​ណាន លើក​ទី ៥ ឆ្នាំ ២០២០ ( រូបៈ មេសា )


​លោកស្រី សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់​អនុសាសន៍​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ទិវា​ជាតិ​អំ​ណាន​លើក​ទី ៥ ឆ្នាំ ២០២០ រៀបចំ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ សាលា​តិច​ណូ នា​ព្រឹក​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ នេះ ។​


លោកស្រី សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បានផ្តល់​អនុសាសន៍​បន្ថែម ៥ ចំណុច ទៀត សំដៅ​ធ្វើយ៉ាងណា​បង្កើន​វប្បធម៌ នៃ ការអាន​ឱ្យ​គ្រប់ៗ​គ្នា និង គ្រប់​ទីកន្លែង គឺ​៖
​ទី​១. ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត ត្រូវ​ចូលរួម​អាន និង​សិក្សា​ស្រាវជ្រាវ តាម​គ្រប់​លទ្ធភាព ដែលមាន​ស្រាប់ ដូចជា បណ្ណាល័យ និង នៅ​ស្ថាប័ន​ផ្សេងទៀត ។​


​ទី​២. ក្រសួង​អប់រំ ត្រូវបង្កើត​កម្មវិធី​នានា​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សិស្សានុសិស្ស និង យុវជន​អាចមាន​លទ្ធភាព​បន្ត​ការសិក្សា ដូចជា កម្មវិធី​អំ​ណាន​ដំបូង​នៅ​បឋមសិក្សា កម្មវិធី​កុមារ​រៀន កុមារ​ចេះ បង្រៀន​អក្ខរកម្ម​នៅតាម​រោងចក្រ សហគ្រាស ពន្ធនាគារ​។​ល​។ និង​បន្ត​បង្កើត​មាតិកា​អប់រំ សម្រាប់​អំ​ណាន​តាមបែប​ឌីជីថល​បន្ថែមទៀត ដើម្បី ផ្សព្វផ្សាយ​និង​ចែករំលែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្លូវការ​តាម​គ្រប់​រូបភាព​។​


​ទី​៣. គ្រឹះស្ថាន និង មណ្ឌល​សិក្សា ទី​វត្ត​អារាម​ទាំងអស់​ត្រូវខិតខំ​ឱ្យអស់​លទ្ធភាព បង្កើត​បណ្ណាល័យ ឬ ជ្រុង​អំ​ណាន ដើម្បី ឱ្យ​សិស្ស និស្សិត សាម​ណ​សិស្ស សាម​ណ​និស្សិត អាច​ទទួលបាន និង ជ្រួតជ្រាប អំពី​កម្មវិធី​ពាក់ព័ន្ធ​អំ​ណាន និង ស្វែងរក​ប្រភព​សម្រាប់​អំ​ណាន កាន់តែ​សម្បូរបែប និង មាន​ភាពបត់បែន ឆ្លើយតប​នឹង​តម្រូវការ​អ្នកអាន​។


​ទី​៤. ក្រសួង ស្ថាប័ន​នានា​ត្រូវ​រៀបចំ​ឱ្យមាន​បណ្ណាល័យ ឬ មជ្ឈមណ្ឌល​រក្សា​ឯកសារ ទោះជា​បណ្ណាល័យ​ធម្មតា ឬ បណ្ណាល័យ​ឌីជីថល​ក្តី​។​

​លោកស្រី ម៉ែន សំអន ប្រគល់​ពានរង្វាន់​ដល់​ជយលាភី ( រូបៈ មេសា​)


​ទី​៥. សិស្ស និស្សិត ក្រុមយុវជន​ទាំងអស់ ត្រូវ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​អំ​ណាន ។ មាតាបិតា អ្នកអាណាព្យាបាល ក៏​សូម​ជំរុញ និង បង្កលក្ខណៈ​កាន់តែច្រើន​ដល់​បងប្អូន កូនចៅ​ឱ្យចូល​រួម​អាន​។


​ទិវា​ជាតិ​អំ​ណាន​លើក​ទី ៥ ឆ្នាំ ២០២០ នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ ការអាន បណ្តុះ​បញ្ញា ការស្រាវជ្រាវ និង នវានុវត្តន៍ ហើយ​ក៏មាន​សកម្មភាព​ជាច្រើន​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ក្របខណ្ឌ​ទិវា​ជាតិ​អំ​ណាន​នា​ឆ្នាំ​នេះដែរ ដូចជា​ការប្រឡងប្រជែង​តែង​និពន្ធ អាន​អត្ថបទ ការ​ស្មូត​កំណាព្យ យុទ្ធនាការ​អំ​ណាន​ដំបូង បាឋកថា របស់លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ស្ដីពី ភាសា​និង​អក្សរសិល្ប៍​ខ្មែរ​សម័យមុន​អង្គរ និង សម័យអង្គរ កិច្ចពិភាក្សា​លើ​ប្រធានបទ តួនាទី​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា ក្នុងការ​លើកកម្ពស់​អក្សរសិល្ប៍​ខ្មែរ តួនាទី​អក្សរសិល្ប៍​ក្នុងសង្គម និង ការ​តែង​និពន្ធ​ក្នុងសម័យ​ឌីជីថល និង ពិធី​ពិព័រណ៍​សៀវភៅ ជាដើម ៕ Kh

​លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​បាឋកថា ស្ដីពី ភាសា និង អក្សរសិល្ប៍​ខ្មែរ​សម័យមុន​អង្គរ និង សម័យអង្គរ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...