ពិធីជួបជុំ«អិជទីម៉ាក»នៅស្រុកក្រូច​ឆ្មារពន្យារពេលគ្មានការកំណត់ដោយ​វិប្បត្តិកូរ៉ូណាវីរុស

390
ចែករម្លែក

ដោយ:គង់ហេង/ត្បូងឃ្មុំ ៖ ជំនួបសាសនិកឥស្លាមកម្ពុជារាប់ម៉ឺននាក់ ដែលគ្រោងនឹងចូលរួមសូត្រធម៌« អិជទីម៉ាក» នៅវិហារឥស្លាមស្ថិតក្នុងឃុំទ្រា ស្រុកក្រូចឆ្មារ ពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០២០ នោះ ត្រូវបានពន្យារពេលគ្មានការកំណត់ ដោយសារវិប្បត្តិខូរ៉ូណាវិរុស ឬជំងឺខូវិដ ១៩។

លោក តេះ ហ៊ីម ជាមេឃុំទ្រាបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០នេះថា កាលពីម្សិលមិញថ្ងៃទី ១០ មីនាខាងគណ:កម្មការបុណ្យ«អិជទីម៉ាក» នៃវិហារឥស្លាមស្ថិតក្នុងឃុំទ្រា ស្រុកក្រូចឆ្មារ បានដាក់លិខិតជូនដំណឹង សុំផ្អាកការជួបជុំសាសនិកឥស្លាមកម្ពុជាប្រមាណជាង ប្រាំម៉ឺន នាក់ ដែលតែងធ្វើឡើងយ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំនោះ។

លោកមេឃុំបានឳ្យដឹងថា ការផ្អាកពន្យារពេលធ្វើបុណ្យសូត្រធម៌ដើម្បីជួបជុំ គោរពសាសនាឥស្លាម«អិជទីម៉ាក»នឹងគ្រោង ចំនួន បី ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់ ១៥ ខែមីនា ឆ្នាំ២០២០នោះ គឺគ្មានការកំណត់ឡើយ។ សូមសាសនិកដែលត្រូវបានអញ្ជើញចូលរួមទាំងអស់ ជ្រាបជាព័ត៌មាន គឺដោយបញ្ហាវិប្បត្តិជំងឺផ្លូវដង្ហើមខូរ៉ូណាវិរុស ជំងឺខូវិដ ១៩ បាន និងកំពុងរីករាលដាលស្ទើរទូទាំងពិភពលោក។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំបានឳ្យដឹងថា ពិតជាមានការលើកពេលប្រារព្ធធ្វើបុណ្យសាសនាឥស្លាម« អិជទីម៉ាក» មែន។ ក្រោយពីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងក្រសួងធម្មការ និងសាសនាបានពិភាក្សាគ្នា។ ដោយសារថា ពិធីបុណ្យជួបជុំមនុស្សដ៏ច្រើននាក់នេះ គឺមានការចូលរួមពីបណ្តាជនបរទេសពីច្រើនប្រទេស គឺអាចនាំឳ្យមានភ័យបារម្ភពីជំងឺផ្លូវដង្ហើមថ្មីខូវិដ១៩ កំពុងផ្ទុះឡើងស្ទើរពេញពិភព​លោកនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម