ក្នុងកិច្ចសម្ភាសន៍មួយ បណ្ឌិត មហាធៀ ម៉ូហាម៉ាត បានទាយថា គណៈរដ្ឋមន្ត្រីថ្មីរបស់អ្នកស្នងតំណែងពីលោក គឺលោកតាន់ស្រ៊ី មូយីតឌីន យ៉ាស៊ីន នឹងមានអាយុរហូតដល់ការបោះឆ្នោតលើកក្រោយ ដោយលោកទទួលស្គាល់ថា ការបោះឆ្នោតសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកមូយីតឌីន ទំនងជានឹងមិនជោគជ័យទេ។
លោកក៏បានអះអាងផងដែរថា អតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ នៅពីក្រោយការសមគំនិតគ្នាដើម្បីទម្លាក់រដ្ឋាភិបាលចម្រុះរបស់លោក។

បណ្ឌិតមហាធៀ ម៉ូហាម៉ាត (ស្តាំ)និងអតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់
មហាធៀ បាននិយាយថា «វា (គណៈរដ្ឋមន្ត្រី)នឹងនៅរហូតដល់ការបោះឆ្នោតសកលលើកក្រោយ។ឥឡូវ គាត់ មូយីតឌីន ដឹកនាំរដ្ឋាភិបាល ។គាត់អាចផ្តល់”ស្ករគ្រាប់”ទៅមនុស្សជាច្រើន។ខ្ញុំមើលឃើញថា អ្នកធ្លាប់គាំទ្រខ្ញុំ ឥឡូវត្រូវបានតែងតាំងជារដ្ឋមន្ត្រី និងពួកគេងាកទៅគាំទ្រម្ខាងទៀត»។
លោកបានបន្តថា«យើងធ្លាប់មាន១១៤កៅអីក្នុងសភា តែឥឡូវកាន់តែធ្លាក់ចុះ។ទោះជាមានការបោះឆ្នោតសម្តែងការមិនទុកចិត្តនាយករដ្ឋមន្ត្រីនៅក្នុងសភា វាមិនអាចជោគជ័យបានទេ ដោយសារតែគាត់ដណ្តើមអ្នកគាំទ្រពីខ្ញុំ។ពិតហើយ នៅពេលគាត់សុំផ្តល់មុខតំណែងរដ្ឋមន្ត្រី វាពិបាកនឹងអោយអ្នកទាំងនោះបដិសេធ។ចំណែកខ្ញុំ មិនអាចផ្តល់អ្វីទេ»។
មហាធៀបានផ្តល់ការសម្ភាសន៍ដល់កាសែតកាលពីថ្ងៃ១០មីនានិងជាលើកដំបូងដែលលោកនិយាយជាមួយសារព័ត៌មានចាប់តាំងពីពេលលោកលាឈប់កាលពីថ្ងៃ២៤កុម្ភៈ។លោកក៏បាននិយាយថា លោកសង្ឃឹមថាលោកមូយីតឌីន នឹងបន្តគោលនយោបាយកាលពីលោកនៅជានាយករដ្ឋមន្ត្រី៕ប្រែសម្រួល៖វាសនា