នៅថ្ងៃពុធទី១១មីនានេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថាមានករណីថ្មីនៃវីរុសកូវីដ១៩ចំនួន ៦ ក្នុងស្រុក ក្នុងនោះមានជនជាតិថៃ ៥ នាក់និងសិង្ហបុរីម្នាក់ ដោយនាំឱ្យករណីសរុបឡើងដល់ ៥៩ នាក់។
លោកសុផុន អៀមសិរីថាវ័ន ប្រធាននាយកដ្ឋានត្រួតពិនិត្យជំងឺ បាននិយាយថា ក្នុងចំណោមករណីថ្មីទាំង ៦ មាន២នាក់ជាមន្ត្រីធ្វើការនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ អ្នកទាំងពីរជាមន្រ្តីអន្តោប្រវេសន៍។
ម្នាក់ក្នុងចំណោមបុរសទាំងពីរនាក់ គឺបុរសអាយុ ២១ ឆ្នាំ បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ៨ ខែមីនា ដោយមានអាការៈគ្រុនក្តៅ ហៀរសំបោរ និងឈឺក្បាល។ លោកវេជ្ជបណ្ឌិតសុផុននិយាយថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ពីរបង្ហាញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩។
មន្រ្តីអន្តោប្រវេសន៍ទី ២ អាយុ ៤០ ឆ្នាំបានធ្វើការនៅតំបន់ផ្សេងគ្នា។ គាត់មានអាការៈគ្រុនក្តៅនិងក្អកនៅថ្ងៃទី ៧ ខែមីនាហើយស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជន។
បុរសទាំងពីរនាក់បានប៉ះពាល់ជាមួយភ្ញៀវទេសចរបរទេស ហើយបានប៉ះវត្ថុផ្សេងៗដូចជាវ៉ាលិសនិងលិខិតឆ្លងដែន។
អ្នកជំងឺទី៦ជនជាតិសិង្ហបុរីអាយុ ៣៦ ឆ្នាំ គឺជាពាណិជ្ជកររកស៊ីនៅក្នុងប្រទេសថៃ ហើយជនជាតិថៃ៣នាក់ទៀតគឺមានប្រុស២និងស្រីម្នាក់ អាយុពី២៥ដល់៣៦ឆ្នាំ និងទើបមកពីកូរ៉េខាងត្បូង និងជប៉ុន៕ ដោយ៖ កញ្ញាដាលីស
