
ដោយៈដេប៉ូ/ភ្នំពេញៈស្របពេលដែលជំងឺខូវីដ១(Covid-019)កំពុងរាតត្បាតស្ទើរពាសពេញពិភពលោកនិងកំពុងបង្កការព្រួយបារម្ភខ្លាំងdl’ប្រជាពលរដ្ឋនោះព័ត៌មានក្លែងក្លាយកំពុងតែបំពុលបរិយាកាសក្នុងសង្គមពិសេសនៅកម្ពុជាតែម្តង។តាមរយៈនេះក្រសួងព័ត៌មាន,ក្រសួងសុខាភិបាលនិងក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)បានជំរុញឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់និងបានសំណូមពរឱ្យពលរដ្ឋមិនត្រូវជឿជាក់ដោយគ្មានមូលដ្ឋាននោះឡើយ។
ការជំរុញដល់អ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់មន្ត្រីពាក់ព័ន្ធនេះដែរធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពី «សារព័ត៌មានចំពោះមុខCovid-19និងព័ត៌មានក្លែងក្លាយ»ដែលបានរៀបចំឡើងក្លិបអ្នកកាសែតកម្ពុជានាភោជនីយដ្ឋានទន្លេ បាសាក់២ កាល ពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២០។

លោកប៉ែនបូណាប្រធានក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថាព័ត៌មានក្លែងក្លាយបច្ចុប្បន្នងាយកើតឡើងណាស់ដោយសារនាពេលបច្ចុប្បន្នយើងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបពិសេសហ្វេសប៊ុក។ហេតុនេះនៅពេលកើតបញ្ហាឡើងគេងាយចែករំលែកបន្តធ្វើឱ្យព័ត៌មានងាយទទួលបានច្រើនគ្នាពីមនុស្សម្នាក់ទៅម្នាក់ដែលហេតុនេះធ្វើឱ្យពលរដ្ឋងាយទទួលបាននូវអ្វីដែលមិនពិត។
លោកថាដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋអ្នកសារព័ត៌មានមុនចុះផ្សាយអ្វីមួយត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់បើពុំនោះទេអាចធ្វើឱ្យគ្រោះថ្នាក់ដល់សង្គម។ព្រមជាមួយគ្នានេះដើម្បីឱ្យពលរដ្ឋជឿជាក់អ្នកសារព័ត៌មានត្រូវដកស្រង់ព័ត៌មានដែលជាប្រភពពិតប្រាកដនិងជាមន្ត្រីជំនាញពាក់ព័ន្ធ។
ដោយឡែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នដោយសារតែក្នុងស្រទាប់ប្រជាពលរដ្ឋមានការព្រួយបារម្ភលើបញ្ហាជំងឺ Covid-19 ធ្វើឱ្យជនឆក់ឱកាសមួយចំនួនបំពុលសង្គម។ព្រមជាមួយគ្នាការចែករំលែកនូវព័ត៌មានមិនពិតនេះដែរធ្វើឱ្យកើតចេញនូវការបំភ័យនិងវាបានបំភាន់ឱ្យពលរដ្ឋមានការភ្ញាក់ផ្អើល។
លោកស្រីមានប្រសាសន៍ថាបច្ចុប្បន្ននេះតាមការសរសេរក៏ដូចជាការលើកឡើងបស់អង្គការសុខភាពពិភពលោក ហើយក៏មានអត្ថបទលើកឡើងពីមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងបញ្ជាក់ថា ពាក់ព័ន្ធនឹងជំងឺក្លែងក្លាយ ឬព័ត៌មានមិនពិតគឺមានចំនួន១៤២ដង ច្រើនជាងព័ត៌មានដែលពិតមានតែមួយដងប៉ុណ្ណោះ។ ដោយសារចំនួនព័ត៌មានមិនពិតលើសលប់នេះដែរ បានធ្វើឱ្យមានការជ្រួលច្របល់។

ជាមួយគ្នានេះលោកស្រីបានមានប្រសាសន៍ថា “សូមបងប្អូនកុំមើលព័ត៌មានដែលតក់ស្លុតផ្ទុយមកវិញត្រូវស្រាវជ្រាវព័ត៌មានដែលទុកចិត្តបាន។យើងត្រូវមើលប្រភពដែលទុកចិត្តបានពិសេសសារព័ត៌មានដែលជាទុកចិត្តក្នុងនេះរាប់ទាំងការដកស្រង់ពីមន្ត្រីជំនាញនិងពិសេសអង្គការសុខភាពពិភពលោកចេញផ្សព្វផ្សាយទើបប្រើជាផ្លូវការបាន”។
ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានអំពីវីរុស Covid-19នេះដែរ លោកស្រីបានស្នើដល់អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានដែលចេញពីក្រសួងសុខាភិបាល ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រោះមានតែ២ស្ថាប័ននេះ ដែលអាចបញ្ជាក់ពីបញ្ហារបស់វីរុស Covid-19 ។
ទន្ទឺមជាមួយនឹងវត្តមានវីរុស Covid-19ដែលត្រូវបានគេពិនិត្យរកឃើញចុងក្រោយថ្មីៗនៅខេត្តសៀមរាបនិងកំពង់ចាមនេះដែរលោកស្រីឱ វណ្ណឌីនបានលើកឡើងថាពលរដ្ឋត្រូវតែនឹងចិត្តហើយប្រកបរបរកស៊ីធម្មតា ហើយដាច់ខាតមិនត្រូវជឿលើក្រុមមនុស្សបំពុលសង្គមឡើយ។
យ៉ាងណាក្តីលោកស្រីឱ វណ្ណឌីនបានលើកឡើងដែរថាគ្រូពេទ្យគឺជាអ្នកនៅជួរមុខប្រយុទ្ធប្រឆាំងទៅនឹងវីរុស Covid-19ប៉ុន្តែគិតរហូតមកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់រកឃើញគ្រូពេទ្យកម្ពុជាឆ្លងជំងឺនេះនៅឡើយទេ។
ដោយឡែកលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានថ្លែងពាក់ព័ន្ធទៅនឹងព័ត៌មានក្លែងក្លាយកំពុបង្កការបំភិតបំភ័យក្នុងស្រទាប់ប្រជាពលរដ្ឋនេះដែរថាក្រសួងកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់។ ចំពោះចំណាត់របស់ក្រសួង គឺត្រូវតាមដានព័ត៌មានណាដែលមិនពិត ឬក្លែងក្លាយ ដើម្បីស្រង់ព័ត៌មានក្លែងក្លាយនេះ ផ្ញើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដើម្បីស្វែងរកម្ចាស់គណនីហ្វេសប៊ុកណា ដែលបានធ្វើការផ្សាយព័ត៌មានមិនពិត ធ្វើអោយប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិ។
ទន្ទឹមជាមួយគ្នានេះក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ចូលរួមក្នុងការធ្វើប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋកុំឱ្យ មានការភ័យខ្លាច។
គួរបញ្ជាក់ដែរថាគិតរហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺCovid-19 ចំនួន៣នាក់ប៉ុណ្ណោះក្នុងនេះរួមមាន ជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន ,ទី២ បុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន និងទី៣ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានចូលមកកម្ពុជា តាមរយៈនាវាទេសចរណ៍របស់វៀតណាម៕សរន
