អាជ្ញាធរស្រុកមណ្ឌលសីមា ប្រើវិធានការក្តៅចំពោះសកម្មភាពលួចចាក់ ដីចូលចំណីព្រែកនៅឃុំទួលគគីរ

ដោយ:សុផានីតា/កោះកុង ៖ អភិបាលស្រុកមណ្ឌលសីមា បានប្រើវិធានការក្តៅហើយចំពោះការអ្នកលួចចាក់ដីចូលចំណីព្រែកធម្មជាតិនៅភូមិទួលគគីរលើ ឃុំទួលគគីរ ដោយតម្រូវឱ្យវាយកម្ទេចរបង និងជីកកាយអាចម៍ដីដែលបានចូលមាត់ព្រែកគ្មានការអនុញ្ញាតទទឹង១០ម៉ែត្រឥតលក្ខខណ្ឌ។

លោកប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា អះអាងកាលរសៀលថ្ងៃទី១០ ខែមីនា ថា វិធានការក្តៅលក្ខណៈបឋមនេះ ក្រោយពីបានចុះពិនិត្យចំនួន២លើកនៅទីតាំងដែលរងការចោទប្រកាន់លោកផ្កាយ២យោធានៅកងវិស្វកម្មក្រសួងការពារជាតិម្នាក់ លួចរំលោភចំណីព្រែក និងព្រៃលិចទឹកធ្វើឱ្យប៉ះពាល់សម្បត្តិរដ្ឋ និងការអាស្រ័យផលចិញ្ចឹមជីវិតពលរដ្ឋក្រីក្រ។

លោក ប្រាក់ វិចិត្រ អះអាងថា រូបលោកផ្ទាល់ កំពុងរងចាំឯកសារលក់ទិញ ឬឯកសារកាន់កាប់ដីធ្លីពិតប្រាកដពីម្ចាស់ដីសិន ដើម្បីយកមកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ជាមួយការចុចនិយាមការ ដើម្បីទទួលបានទិន្នន័យពិតប្រាកដចំពោះការចាក់ដីចូលចំណីព្រែក ថាតើមានការចាក់ចូលទំហំប៉ុណ្ណាអោយពិតប្រាកដ។ ចំពោះចំណាត់ការបន្តទៀតយ៉ាងណានោះ គឺនឹងសុំគោលការណ៍លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

បន្ថែមលើនេះ លោកអភិបាលស្រុកមណ្ឌលសីមា ដាក់កំហិបដល់អាជ្ញាធរភូមិ/ឃុំ  ត្រូវពិនិត្យ និងរាយការណ៍ជូនថ្នាក់ស្រុក នៅពេលដែលមានការលក់ទិញដីធ្លីនៅក្នុងមូលដ្ឋានគ្រប់គញរងរបស់ខ្លួន។ ការអនុវត្តបែបនេះ ដើម្បីជៀសវៀងការមានរំលោភបំពាន ឬមានផលប៉ះពាល់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់អែបមាត់ព្រែក ពិសេសកុំនាំគ្នាធ្វើការកាប់រានទន្រ្ទានដីព្រៃលិចទឹក ដីចំណីព្រែកដែលជាសម្បត្តិ សាធារណៈរបស់រដ្ឋ ដែលជាហេតុនាំអោយមានការបាត់បង់នូវជីវៈចម្រុះ និងជម្រកពងកូនរបស់មច្ឆាជាតិ ។

រីឯលោក អុក ច័ន្ទហ៊ុន ជំនួយការផ្ទាល់របស់លោកផ្កាយ២ សោម សុដេត បានឱ្យដឹងថា ដីនេះគឺលោកបានទិញតាំងពីអំឡុងឆ្នាំ២០១៣មកម៉្លេះ អំឡុងពេលនោះបានទិញពីពលរដ្ឋមួយចំនួនដោយខ្លះមានឯកសារ និងខ្លះទៀតពុំមានឯកសារនោះទេ។

អ្វីដែលលោកហ៊ានចាក់ដីនេះ ក៏ព្រោះតែលោកបានស្នើសុំអាជ្ញាធរភូមិឃុំរួចរាល់ហើយ ដោយថែមទាំងមានការស៊ីញ៉េឯកសារពីរដ្ឋបាលឃុំថែមទៀងផង ទើបខាងលោកហ៊ានធ្វើការចាក់ដីបំពេញបែបនេះ ប៉ុន្តែបើចោទថា ខាងលោកខុសតែម្ខាងក៏វាមិនត្រឹមត្រូវនោះដែរ ។

ទោះយ៉ាងណា លោកទទួលស្គាល់ថា ខ្លួនបានចាក់លើចំណីព្រែកធម្មជាតិពិតប្រាកដមែន ហើយស្មោះចិត្តជីកកាយឡើងវិញតាមការបញ្ជារបស់អាជ្ញាធរស្រុក។ ទំហំនៃការចាក់ទាំងមូលរូបលោកស្វាគមន៍សហការពិនិត្យជាមួយអាជ្ញាធរ ប្រសិនបើចាក់លុបព្រៃលិចទឹក។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អំពាវនាវជាច្រើនលើកច្រើនសារឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃលិចទឹក ការចាក់ដីលុបចំណីព្រែក អូរ ស្ទឹង និងសមុទ្រ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងតំបន់ហាមឃាត់។

អភិបាលខេត្តកោះកុង ប្រាប់ដល់អ្នកពាក់ព័ន្ធទៀតថា កុំ​ចាញ់ល្បិច​ញុះ​ញង់ បោក​បញ្ឆោត របស់​ជន​ឆ្លៀតឱកាស​មួយចំនួនដែល​ចង់បានប្រយោជន៍​ផ្ទាល់ខ្លួន​។ បើ​មិន​ដូច្នោះ​ទេបងប្អូនប្រជាពលរដ្ឋទាំងនោះ នឹង​ត្រូវ​ប្រឈមមុខជាមួយ​ច្បាប់​ជា​ធរមាន​។

បែបនេះក្តីចុះ អាជ្ញាធរមូលដ្ឋានខ្លះហាក់ធ្វើមិនដឹង មិនឮនិងមិនបានខ្វល់ខ្វាយនឹងការក្រើនរម្លឹករបស់អាជ្ញាធរខេត្ត ដោយកង្វះការចូលរួមទប់ស្កាត់ និងមួយចំនួនទៀតឃុបឃិតគ្នាជាមួយនឹងអ្នកមានអំណាចបង្កបាតុភាពល្មើសច្បាប់ជាហូរហែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​ធនាគារចំនួនពីរត្រូវប...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...