ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុន Z1 Data Co., LTD(Cambodia)ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI)ដើម្បីស្រាវជ្រាវនិងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនTheDevMastersដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុនTheDevMastersគឺជាក្រុមហ៊ុនមានឯកទេសខាងប្រឹក្សានិងបណ្តុះបណ្តាលការប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence(AI)ដើម្បីវិភាគទិន្នន័យដែលបានជួយក្រុមហ៊ុនជាច្រើនក្នុងការអភិវឌ្ឍន៍កម្មវិធីទិន្នន័យពាណិជ្ជកម្មឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data Co., LTD(Cambodia)និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters កាលពីព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២០ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

លោក ហ៊ឹម សីហា នាយក ក្រុមហ៊ុន Z1 Data Co., LTD (Cambodia)បានលើកឡើង ថា៖វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្កើតគម្រោងលំនៅឋាន និង គម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះតម្រូវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំនិងមានគុណភាពមួយដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងដើម្បីងាយស្រួលវិភាគពីនិន្នាការអភិវឌ្ឍន៍កន្លងមក និងការព្យាករសម្រាប់ថ្ងៃអនាគត។

លោកបន្តថា៖«បញ្ញាសិប្បនិម្មិត Artificial Intelligence (AI)ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យតាមរយៈការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសិប្បនិម្មិត អេអាយ ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់និងប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ»។


លោក ហ៊ឹម សីហា បន្តថា កិច្ចសហការរវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីអាមេរិកនេះគឺជាការវិវត្តន៍យ៉ាងសំខាន់សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយសារថាការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការវិភាគនិងព្យាករទិន្នន័យអចលនទ្រព្យដោយប្រើប្រាស់ Artificial Intelligence(AI)នឹងរួមចំណែកបង្កើនទំនុកចិត្តដល់វិនិយោគិននិងលំហូរទុន
វិនិយោគក្នុងវិស័យនេះ។

កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតArtificial Intelligence(AI)ដើម្បីពង្រឹងប្រសិទ្ធភាពនិងកាត់បន្ថយពេលវេលាដែលកម្មវិធីទាំងនោះមានជាឧទាហរណ៍ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និង ការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

យោងតាមលោក ហ៊ឹម សីហា ការអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលមានគុណភាព នឹងផ្តល់ប្រយោជន៍ដល់ប្រតិបត្តិករក្នុងទីផ្សារអចលនទ្រព្យ ម្ចាស់ទ្រព្យ ភ្នាក់ងារទិញលក់ និង រដ្ឋាភិបាល។

លោក Arshad Khan នាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters បានឱ្យដឹងថា៖ TheDevMasters គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់GBCSLLCដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកទិន្នន័យដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ។ TheDevMasters មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិង បានបង្កើតឡើងនៅឆ្នាំ ២០១២ ដែលកាលពីមុនត្រូវបានស្គាល់ថា Codecamp5។ TheDevMasters ផ្តល់ការបណ្តុះបណ្តាល និងការពិសោធន៍ពីវិទ្យាសាស្ត្រទិន្នន័យ Machine Learning និងវគ្គបណ្តុះបណ្តាលនានាដែលមានកម្មវិធីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង៕S/

