ដោយៈសុផល/ភ្នំពេញៈ•អេស៊ីលីដានឹងឡើងផ្សារហ៊ុនក្រោយចូលឆ្នាំខ្មែរ។ធនាគារអេស៊ីលីដាភីអិលស៊ីបានរៀបចំកម្មវិធីរ៉ូដសូ(RoadShow)ឬហៅថាកម្មវិធីបង្ហាញព័ត៌មានលំអិតរបស់ខ្លួនអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិទៅកាន់ដៃគូវិនិយោគនិងសាធារជនជាលើកទី២កាលពីរសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២០នៅការិយាល័យកណ្ដាលធនាគារអេស៊ីលីដាដោយមានការចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជានិងគណៈកម្មការមូលបត្រកម្ពុជាផងដែរ។

កម្មវិធីរ៉ូដសូលើកទី១បានត្រូវធ្វើឡើងកាលពីថ្ងៃទី៣ខែមីនាសប្តាហ៍មុន។គោលបំណងសំខាន់នៃការបង្កើតកម្មវិធីរ៉ូដសូ(Roadshow)គឺដើម្បីធ្វើបទបង្ហាញព័ត៌មានលម្អិតស្តីពីការលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដល់អតិថិជនប្រកបដោយទំនុកចិត្តនិងភាពជឿជាក់ខ្ពស់ក្នុងការទិញភាគហ៊ុន។

លោកស៊ូសុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងថាៈនេះជាប្រវត្តិសាស្ត្រមួយចាប់តាំងពីឆ្នាំ២០១២មកពេលដែលការបោះផ្សាយមូលបត្រកម្មសិទ្ធិចាប់ផ្តើមដំណើរការ។ពីមុនកម្មវិធីរ៉ូដសូបានត្រូវធ្វើឡើងតែម្តងទេចំពោះ៥ក្រុមហ៊ុនកន្លងមក។តែចំពោះក្រុមហ៊ុនទី៦នេះ(ធនាគារអេស៊ីលីដា ភីអិលស៊ី)បានធ្វើកម្មវិធីបង្ហាញពត៌មានលំអិតរ៉ូដសូចំនួនពីរលើក។មិនត្រឹមតែប៉ុណ្ណោះបានរៀបចំសិក្ខាសាលាជាច្រើនលើកទៀត។

លោកអគ្គនាយកបានលើកឡើងថា៖«ការរៀបចំសិក្ខាសាលាជាច្រើនលើកនិងការរៀបចំកម្មវិធីរ៉ូដសូជាលើកទី២ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈនេះជាការបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនិងសហការីធនាគារអេស៊ីលីដា ចង់ឱ្យការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈ ជ្រាបទៅដល់គ្រប់វិនិយោគិនដោយស្មើៗគ្នា»។

លោកស៊ូសុជាតិបានគូសបញ្ជាក់ថា៖«ធនាគារអេស៊ីលីដាធ្វើអាជីវកម្មមិនដែលខាតទេ។ដូច្នេះនេះជាឱកាសល្អមួយដើម្បីពិចារណាថាតើគួរទិញឬមិនទិញភាគហ៊ុនដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់អេស៊ីលីដា»។លោកបានបន្តថា៖នេះមិនមែនជាការញុះញង់ឱ្យទិញភាគហ៊ុននោះទេគ្រាន់តែលើកគំនិតឱ្យពិចារណា តែលោកបានបង្ហើបថា៖តាំងពីដើមមក ធនាគារអេស៊ីលីដា មិនដែលខាតទេ និងជាធនាគារដ៏រឹងមាំមួយខាងហិរញ្ញវត្ថុ»។

លោកអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានឱ្យដឹងថា៖កម្មវិធីរ៉ូដសូនេះជាលំអានមួយដើម្បីបង្ហាញពត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិននិងសាធារណជនទាំងអស់ដែលចាប់អារម្មណ៍។នៅពេលនេះបានឈានមកដល់ពាក់កណ្តាលនៃប៊ុកបៀលឌីង(BookBuilding)៖ដំណើរការស្ទាប់ស្ទង់តម្លៃពីវិនិយោគិនមុនឈានទៅកំណត់ថ្លៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាលើកដំបូង)។

ដំណើរការប៊ុកបៀលឌីងបានធ្វើឡើងចាប់ពីថ្ងៃទី៣មីនាមកនោះមានអ្នកចាប់អារម្មណ៍ច្រើនណាស់់។នៅល្ងាចថ្ងៃទី១៤មីនានឹងបិទបញ្ចប់ហើយនឹងដឹងតម្លៃភាគហ៊ុនពិតប្រាកដ។បន្ទាប់ពីរកតម្លៃបានហើយធនាគារមានកាតព្វកិច្ចសុំពិនិត្យសម្រេចតម្លៃមុនចាប់ផ្តើមបរិវិសកម្ម(Subscription៖ការចុះឈ្មោះទិញភាគហ៊ុន។បន្ទាប់មកគណៈកម្មការមូលបត្រកម្ពុជា នឹងសម្រេចផ្តល់ការអនុញ្ញាតចុងក្រោយជូនធនាគារ។

លោកបានបន្ថែមថា៖ បើមិនមានការផ្លាស់ប្តូរទេ បរិវិសកម្មនឹងធ្វើនៅចុងខែមីនាឬដើមខែមេសាខាងមុខ ហើយលីស្ទីង(Listing) ការឡើងផ្សារហ៊ុន នឹងចាប់ផ្តើមនៅចុងខែមេសា ឆ្នាំ២០២០។បណ្ឌិត IN Channyប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា៖ធនាគារអេស៊ីលីដាធ្វើអ្វីទៅតាមលំដាប់លំដោយនិងមិនបង្ខំក្នុងការលក់មូលបត្រទៅអតិថិជនឆាប់ៗនោះទេតែយើងចង់ឱ្យសាធារណជនដែលគ្រោងទិញមូលបត្រកម្មសិទ្ធិសាធារណៈរបស់ធនាគារអេស៊ីលីដាបានយល់ច្បាស់។មិនឱ្យចេះតែទិញដោយមិនបានយល់ពីអ្វីទៅជាការទិញលក់ភាគហ៊ុននោះទេ។

ដូច្នេះហើយទើបអេស៊ីលីដា បានបង្កើតនូវសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើក និងបន្តបន្ទាប់មកទៀត ក៏ធ្វើកម្មវិធីបន្តបន្ទាប់ជាក់ស្ដែងដូចជាកម្មវិធីរ៉ូដសូដែលបានធ្វើពីរលើកនិងកម្មវិធីបុកបៀលឌីងជាច្រើនថ្ងៃផងដែរ។អេស៊ីលីដាចង់ចែករំលែកឱ្យដៃគូនិងសាធារណជនទទួលបានផលចំណេញនិងក្លាយជាម្ចាស់ភាគទុនិករបស់ធនាគារអេស៊ីលីដាស្របតាមពាក្យស្លោកថា៖ អេស៊ីលីដា ជាប្រជាធនាគារ។

លោកបណ្ឌិតបានឱ្យដឹងថា៖ធនាគារអេស៊ីលីដាបានបន្តរីកចម្រើនជាលំដាប់ប្រែក្លាយពីអង្គការក្នុងស្រុកមកជាធនាគារឯកទេសនិងពាណិជ្ជដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា។អេស៊ីលីដាមានហិរញ្ញវត្ថុរឹងមាំនិងធ្វើអាជីវកម្មមិនដែលខាតទេ។នៅដំណាច់ឆ្នាំ២០១៩បន្ទាប់ពីធ្វើសវនកម្មហើយទុនម្ចាស់ទ្រព្យកើន៧០០ដងទ្រព្យសកម្មកើន៧០០០ដងហើយប្រាក់ចំណេញក្រោយបង់ពន្ធហើយកើនជិត២០០០ដង។

សូមជម្រាបថា៖អេស៊ីលីដាមានភាគទុនិកចំនួន៦គឺខ្មែរចំនួន២ដែលកាន់កាប់៥១ភាគរយនិង៤ទៀតធនាគារបរទេសដែលក្នុងនោះ២មកពីជប៉ុន១មកពីបារាំងនិង១ទៀតមកពីហុល្លង់។ធនាគារគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិថ្មីចំនួន៨.៧៥១.៣៩១ភាគហ៊ុននិងភាគហ៊ុនដែលមានស្រាប់ រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់សាធារណជន ៕S/



ចំណងជើងរូបថត៖ធនាគារអេស៊ីលីដាបានរៀបចំកម្មវិធីរ៉ូដសូ(RoadShow)ឬហៅថាកម្មវិធីបង្ហាញព័ត៌មានលំអិតរបស់ខ្លួនអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិទៅកាន់ដៃគូវិនិយោគ និងសាធារជនជាលើកទី២ កាលពីរសៀលថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នៅការិយាល័យកណ្ដាល(រូបៈ សុផល)