ដោយ:គង់ហេង/កំពង់ចាម:ក្រសួងសុខាភិបាលនិងអាជ្ញាធរខេត្តកំពង់ចាមនៃប្រទេសកម្ពុជាបានសម្រេចយកវត្ថុសំណាកពីជនបរទេសចំនួន ៥៩ នាក់ដែលបានរួមដំណើរតាមនាវាឈ្មោះ VIKING CRUISE JOURNEY ជាមួយស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំម្នាក់ ដែលត្រូវបានរកឃើញវិជ្ជមានវីរុសខូវីដ ១៩ទៅពិសោធនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០។
ដោយឡែកស្ត្រីដែលមានវីរុសខូវីដ១៩ជាតិអង់គ្លេសរូបនោះដែលបាននិងកំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមគឺក្រសួងសុខាភិបាលបានសម្រេចបញ្ជួនគាត់(ស្ត្រីអង់គ្លេសវ័យ៦៥ឆ្នាំ)ទៅកាន់រាជធានីភ្នំពេញនៅថ្ងៃទី១១ខែមីនា។ដើម្បីឱ្យសម្រាកព្យាបាលបន្ទប់ដាច់ដោយឡែកដែលមានបង្គន់អនាម័យ សម្រាប់ជនពិការ តាមការស្នើសុំរបស់ស្ត្រីនោះ។
លោកជាក្រូចអ្នកនាំពាក្យសាលាខេត្តនិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជាកាលពីរសៀលថ្ងៃទី១១មីនាថានៅព្រឹកមិញនេះយើងបានសម្រេចយកវត្ថុសំណាកជនបរទេសចំនួន ៥៩ នាក់ ទៅធ្វើតេស្តរកកូរ៉ូណាវិរុស នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អាចនឹងដឹងលទ្ធផលនៅថ្ងៃនេះ ឬថ្ងៃស្អែកថ្ងៃទី ១២ មីនា។
លោកអ្នកនាំពាក្យសាលាខេត្តកំពង់ចាមបានឱ្យដឹងទៀតថានៅចន្លោះរង់ចាំលទ្ធផលវិភាគខាងអាជ្ញាធរខេត្តបានសម្រចយកពួកគាត់ដែលសង្ស័យពីការផ្ទុកវិរុសខូវិដ ១៩ ទាំង ៥៩នាក់ ចេញពីនាវាVIKING CRUISE JOURNEY ស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែករបស់សណ្ឋាគារក្នុងក្រុងកំពង់ចាម។
លោកប្រធានមន្ទីរព័ត៌មានបានបន្តថាសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ មេត្តាកុំមានព្រួយបារម្ភ និងភ្ញាក់ផ្អើលពីជំងឺខូវិដ១៩ ។ សូមប្រកបការងារ ធ្វើអាជីវកម្មដូចធម្មតា ដោយសារថា ជំងឺផ្លូវដង្ហើមដ៏កាច់សាហាវមួយនេះ គឺឆ្លងតាមរយ:ដំណក់ទឹកមាត់ និងទឹកសំបោរ ហើយការនិយាយប្រាស្រ័យទាក់ទងគ្នានៅឃ្លាតគ្នាចម្ងាយ មួយ ម៉ែត្រឡើងមិនអាចចម្លងបានទេ។
គួរបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសខាងលើដែលបានពិនិត្យរកឃើញមានវិជ្ជមានវិរុសខូវិដ១៩ កាលពីរសៀសថ្ងៃទី ១០ ខែមីនា ជាលទ្ធផល នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាអ្នកដំណើរតាមនាវាឈ្មោះ VIKING CRUISE JOURNEY បានចេញដំណើរពីកំពង់ផែឈ្មោះ MY THO នៃទីក្រុងហូជីមិញ ឆ្ពោះមកទីក្រុងភ្នំពេញតាមច្រកចូវដុក-ក្អមសំណរ(ស្រុកលើកដែកខេត្តកណ្តាល)។
បង្ហួសចូលចតនៅចំណតនាវារបស់ទីក្រុងកំពង់ចាមជាមួយអ្នកដំណើរជាភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀតចំនួន៣០នាក់និងបុគ្គលិកបម្រើការលើនាវាចំនួន៣៤នាក់។សរុបចំនួន៦៤នាក់កាលពីម៉ោងប្រហែលជាង ៤ រសៀលថ្ងៃទី ៩ ខែមីនា៕S/