
ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់ រស្មីកម្ពុជា កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤នាក់ (អ្នកដំណើរចំនួន ៣០ នាក់ និងអ្នកបម្រើការចំនួន ៣៤ នាក់) ក្នុងនោះ មានស្រីចំនួន ២៣នាក់ និងបុរស ៤១នាក់ ។ នៅលើនាវានោះ មានប្រាំពីរសញ្ជាតិ គឺអាមេរិក ១៤នាក់ (ស្រី៧ ប្រុស៧) ចក្រភពអង់គ្លេស ១១ នាក់ (ស្រី៧ ប្រុស៤) កាណាដាបួន នាក់ (ស្រី២ ប្រុស២) ហូឡង់ មួយនាក់ (ស្រី) ភូមា មួយនាក់ (ប្រុស) វៀតណាមប្រាំពីរនាក់ (ប្រុស) និងកម្ពុជា ២៤ នាក់ (ស្រី៦ ប្រុស១៨)។
អ្នកនាំពាក្យដដែលបានបន្តថា អ្នកដំណើរជាជនជាតិអង់គ្លេសចំនួនប្រាំនាក់(ស្រី៤នាក់ ប្រុស១នាក់) ពីថ្ងៃទី១០ ខែមីនា បានធ្វើតេស្តរួចហើយ ដែលមានស្ត្រីពិការខាងលើ វិជ្ជមានវីរុសខូវីដម្នាក់ និង បួននាក់ មានលទ្ធផលអវិជ្ជមាន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាមផ្នែកពាក់ព័ន្ធផ្សេងៗព្រមទាំងប្រធានអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរលើនាវា Viking Cruise Journey ទាំងអស់ ហើយសំណាកពីអ្នកដំណើរដែលនៅសេសសល់ចំនួន ៥៩នាក់ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយដែរ។ ដោយមានសំណើពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងដោយសារស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំ វិជ្ជមានវីរុសកខូវីដ១៩ ជាអ្នកដែលមានជើងសិប្បនិមិត្តម្ខាងនិងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឲ្យមានទីកន្លែងនិងបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិកមក ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចឲ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយមន្ទីរពេទ្យមាន លក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះនៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យខេត្តកំពង់ចាម នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១១ ខែមីនា តាមរថយន្តគិលានសង្គ្រោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។
អ្នកនាំពាក្យបានបញ្ជាក់ថា “យើងកំពុងរងចាំលទ្ធផលតេស្តបុគ្គល ៥៩ នាក់ ដែលពេលវេលាមិនទាន់អាចបញ្ជាក់ជូនបានឡើយ អាស្រ័យតាមបច្ចេកទេសវិភាគនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ទាំងនៅកំពង់ចាម និងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ន យើងបានរកឃើញជាបឋមនៅរាជធានីភ្នំពេញ មានស្ត្រីជាអ្នកបកប្រែមួយនាក់ មានកូនស្រីអាយុបួនឆ្នាំ ម្នាក់ និងអ្នកបើករឺម៉កម៉ូតូ ពីរ នាក់ ដែលបានធ្វើតេស្តវិភាគសំណាករួចរាល់ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នាហើយដែរ។ បច្ចុប្បន្នអ្នកទាំងបួននាក់ ត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយបានណែនាំឲ្យអនុវត្តន៍វិធានការតាមដានសុខភាពផ្ទាល់ខ្លួន (self-monitoring) ជាបន្តទៀតក្នុងរយៈពេល១៤ថ្ងៃ”៕សរន