ដោយៈសុផល/បាត់ដំបង៖មាតាបិតាសិស្សកុមារតូចៗមួយចំនួនបានយល់ឃើញថា៖ការបញ្ជូនកូនៗរបស់ពួកគេមកសិក្សានៅថ្នាក់មត្តេយ្យសិក្សាគឺអត់មានប្រយោជន៍ដោយពួកគេគិតថាកូនរបស់ពួកគេមិនចេះអ្វីក្រៅតែពីចេះច្រៀងរាំលេងជាធម្មតាតែប៉ុណ្ណោះ។ប៉ុន្តែអ្នកជំនាញអប់រំនិងគ្រូដែលជាអ្នកបង្រៀនកុមារផ្ទាល់បានលើកឡើងថា៖ការគិតដូច្នេះគឺខុសស្រឡះ។អត្ថប្រយោជន៍ដែលទទួលបានមានច្រើនហួសពីការស្មាន។

អ្នកគ្រូភាពគឹមហេងគ្រូបង្រៀនសាលាមត្តេយ្យធនធានក្រុងបាត់ដំបងជាសាលាមត្តេយ្យមួយដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅថាចៃកា កំពុងរៀបចំឱ្យក្លាយជាសាលាមត្តេយ្យគំរូ បានអំពាវនាវដល់អាណាព្យាបាល សិស្សកុមារទាំងអស់ មេត្តាប្តូរការគិតថា យកកូនមកសាលាគឺ គ្មានទទួលបានចំណេះអ្វី នៅមត្តេយ្យសិក្សាមានតែរាំ និងច្រៀង គ្មានចេះសរសេរអក្សរ ឬអានអក្សរនោះទេ។

អ្នកគ្រូបញ្ជាក់ថាការចេះសរសេរអក្សរឬអានអក្សរគឺជាតួនាទីនៃការបង្រៀនរបស់ថ្នាក់ទី១នៃថ្នាក់បឋមសិក្សាមិនមែនថ្នាក់មត្តេយ្យនោះទេ។ប៉ុន្តែប្រសិនបើអាណាព្យាបាលកុមារទាំងអស់ងាយមកពិនិត្យមើលការអភិវឌ្ឍរបស់កុមារតូចវិញនឹងឃើញថាសកម្មភាពចម្រៀងនិងតន្ត្រីនោះហើយ។ដែលធ្វើឱ្យកុមារតូចមានការរីកចម្រើនដូចជា៖ មានសុជីវធម៌ និងសីលធម៌ល្អស្គាល់ពីវប្បធម៌រូបរាងកាយមានការលូតលាស់ រស់នៅមានអនាម័យ ចេះគិតត្រិះរិះពិចារណា វិភាគ មានភាពក្លាហានពិសេសការប្រើប្រាស់ពាក្យពេចន៍ ភាសាក្នុងការទំនាក់ទំនងគឺច្បាស់ៗ។

នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដែលដឹកនាំដោយJICAដើម្បីចុះពិនិត្យមើលម្រោងបង្កើតបណ្ណាល័យមត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបង នាពេលថ្មីៗនេះ អ្នកគ្រូ ភាព គឹមហេង បានបញ្ជាក់ទៀតថាដើម្បីទាក់ទាញកុមារឱ្យចូលចិត្តចង់មកសាលាគ្រូមត្តេយ្យសិក្សាគ្រូត្រូវចំថ្នាក់រៀនឱ្យមានសោភណភាព សម្ភារៈបង្រៀន។

រៀនត្រូវមានលក្ខណៈសម្បូរបែប សម្របទៅតាមវ័យ ដើម្បីឲ្យកុមារតូចអាចអភិវឌ្ឍន៍វិស័យទាំង៥គឺការអភិវឌ្ឍផ្នែករូបរាងកាយនិងសុខភាព,ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌, ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍, ការអភិវឌ្ឍផ្នែកពិចារណា និងការយល់ដឹង, និងការអភិវឌ្ឍផ្នែកភាសា ឲ្យត្រូវគោលការណ៍ នៃមត្តេយ្យសិក្សាគឺ «រៀន គឺលេង លេង គឺរៀន»។ ទន្ទឹមនឹងនេះដែរគ្រូត្រូវប្រកាន់ខ្ជាប់នូវធម៌ទាំង៤គឺមេតា្តករុណាមុទិតាឧបេក្ខាព្រោះកុមារតូចមានការប្រុងប្រយ័ត្នទាប។

អ្នកគ្រូបានបន្ថែមទៀតថាគ្រូត្រូវមានភាពអំណត់ព្យាយាមភាពទាក់ទាញរួសរាយរាក់ទាក់សិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់កុមារផ្តល់ក្តីស្រឡាញ់មើលថែទាំយកចិត្តទុកដាក់មានទំនួលខុសត្រូវខ្ពស់និងត្រូវបកស្រាយរាល់ចម្ងល់របស់កុមារ។ពិសេសគ្រូមត្តេយ្យជាម្តាយទី២ជាអ្នកតម្រង់ទិស មានតួនាទីជាអ្នកអប់រំកុមារតូចឲ្យក្លាយជាទំពាំងស្នងឬស្សីព្រោះកុមារទាំងអស់នេះនិងក្លាយទៅជាធនធានដ៏សំខាន់នៃការអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត។មួយវិញទៀតសូមឲ្យអាណាព្យាបាលទាំងអស់ ចូលរួមគ្រប់សកម្មភាព ឬផែនការ ដែលសាលាស្នើសុំទាក់ទងនឹងការអភិវឌ្ឍរបស់កុមារតូចផងដែរ។

លោកយន់វាសនាប្រធានអង្គការសន្តិស្ម័គ្រចិត្តប្រចាំខេត្តបាត់ដំបងដែលជួយលើគម្រោងមត្តេយ្យសិក្សាធនធានគម្រូក្នុងខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ការយល់ដឹងរបស់មាតាបិតាកុមារតូចមួយចំនួននៅមានកម្រិតទាប។ពួកគាត់គិតថាមត្តេយ្យសិក្សា មិនសូវមានសារៈសំខាន់សម្រាប់កូនៗពួកគាត់ និងបានគិតថាកូនៗរបស់គាត់មិនចេះអក្សរអ្វីទេក្រៅពីច្រៀងនិងរាំ។

តាមពិតការបញ្ជូនកូនមករៀននៅសាលាមត្តេយ្យមានសារៈសំខាន់ណាស់។លោកបានបន្ថែមថា៖កុមារៗស្រឡាញ់ខ្លួនគាត់ណាស់តាមរយៈការមករៀននៅមត្តេយ្យនេះពួកគាត់បានហៅខ្លួនគាត់ថា«អូនៗ»ពួកគាត់ស្គាល់ពីក្តីស្រឡាញ់មានសុជីវធម៌សីលធម៌ល្អនិងមានអនាម័យហើយរូបរាងកាយមានការលូតលាស់ជាដើម។

នាយិកាសាលាមត្តេយ្យធនធានក្រុងបាត់ដំបងបានលើកឡើងថា៖កុមារតូចៗនៅផ្ទះមិនសូវបានចូលរួមជាមួយកុមារផ្សេងៗទៀតទេ។ដូច្នេះមិនសូវមានការអភិវឌ្ឍនិងការរីកចម្រើន។តាមពិតកម្មវិធីកុមារតូចនៅសាលាមានច្រើនដូចជាអប់រំពួកគាត់ឱ្យចេះនិយាយស្តីល្អចរិតសុភាពរាបសារចេះទំនាក់ទំនងជាមួយកុមារដទៃ ធ្វើអ្វីដោយខ្លួនឯង ចេះរៀបចំទុកដាក់ និងធ្វើឱ្យពួកគាត់សប្បាយរីករាយចង់មករៀន៕S/


ចំណងជើងរូបថត៖ការយកកុមារតូចទៅរៀនសាលាមត្តេយ្យមានផលប្រយោជន៍ច្រើនដល់កុមារ(រូបៈសុផល)