Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សេដ្ឋក...

ក្រសួង​សេដ្ឋកិច្ច​រៀបចំ​កិច្ចប្រជុំ​អំពី​ផែនការមេ​ប្រយុទ្ធ​ប្រឆាំងនឹង​ខូ​វីដ​១៩

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ដោយៈ ស៊ា ថាំង​/​ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា មន្ត្រី​រាជរដ្ឋាភិបាល បណ្តា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មូល​និ​ធី​អន្តរជាតិ និង​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​បានមក​ជួបប្រជុំគ្នា​មួយ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​ដើម្បី​ពិភាក្សា​អំពី​ផែនការមេ​ប្រយុទ្ធប្រឆាំង​ជំងឺ​នឹង​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កូ​វិដ​១៩ ដែល​បានរៀបចំ​ដោយ​ក្រសួងសុខាភិបាល​សហកា​រ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​ភាព​គ្រប់​ជ្រុងជ្រោយ និង​តម្រូវការ​ហិរញ្ញប្បទាន​នៃ​ផែនការ​នេះ​។​

​កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួងសុខាភិបាល និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដូចជា អង្គការ​សុខភាព​ពិភពលោក (WHO), តំណាង​ស្ថានទូត​ចិន​, ជប៉ុន​, អាល្លឺម៉ង់​, ការិយាល័យ​សម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​, ធនាគារពិភពលោក​, ធនាគារអភិវឌ្ឍន៍អាស៊ី​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ជាដើម​។​


​ ​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន មានប្រសាសន៍ថា​គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ផែនការមេ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វីដ​១៩) មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​, គួរឱ្យ​ជឿទុកចិត្ត​បាន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ក្របខណ្ឌ​យុទ្ធសាស្ត្រ​, បណ្តា​វិធានការ​ឆ្លើយតប និង​ការរៀបចំ​យន្តការ​ស្ថាប័ន​សម្រាប់​អនុវត្ត​ផែនការ​មេនេះ ក្នុងខណៈដែល​ជំងឺ បាន និង​កំពុងតែ​ឆ្លង​រីក​រាល​ដល់​ច្រើន​ប្រទេស​នៅក្នុង​ពិភពលោក ដែល​មិនអាច​ប៉ាន់ប្រមាណ​បាន​។ កិច្ចប្រជុំ​ពិភាក្សា​នេះ ក៏មាន​គោលបំណង​កៀរគរ​នូវ​ប្រភពធនធាន​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នានា សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​នូវ​ផែនការ​មេនេះ ទាំង​នៅក្នុង​រយៈពេល​ខ្លី និង​បន្ទាន់​ចំពោះមុខ និង​ទាំង​នៅក្នុង​ដំណាក់កាល​បន្ទាប់​។​
​លោក​មានប្រសាសន៍ថា​ទោះបី​កម្ពុ​ជាមាន​គោលនយោបាយ​ថ្នាក់ជាតិ ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​ក្តី​ប៉ុន្តែ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​,​ការរៀបចំ​ឱ្យមាន​ផែនការមេ​ប្រយុទ្ធប្រឆាំង​ជំងឺ នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​យ៉ាងខ្លាំង​នៅក្នុង​ការដោះស្រាយ​ជា​លក្ខណៈ​យុទ្ធសាស្ត្រ ដោយមាន​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់​។ ជារួម ផែនការ​មេនេះ​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ដូចជា
(១).​កាត់បន្ថយ​ការឆ្លង​ជំងឺ (២).​ការពារ និង​កាត់បន្ថយ​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជំងឺ កូ​វិដ​១៩ និង​កាត់បន្ថយ​ការស្លាប់​, (៣).​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​សេវា​សុខាភិបាល ជាពិសេស​នៅពេល​មាន​ការរីក​រាលដាល​ខ្លាំង និង (៤). កាត់បន្ថយ​នូវ​ផលប៉ះពាល់ មកលើ​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​វិធានការ​ការឆ្លើយតប​ជា​អន្តរ​វិស័យ​។ ផែនការ​មេនេះ ត្រូវបាន​គ្រោងឡើង​សម្រាប់​អនុវត្ត​រយៈពេល មួយ ឆ្នាំ ក្នុង​សេណា​រី​យ៉ូ​ចំនួន​បី ទៅតាម​សភាពការណ៍​នៃ​ការផ្ទុះ​ជំងឺ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ប្រមាណ ៦០ លាន​ដុល្លារ​អាម៉េរិក​។
​លោក វ​ង្សី វិស្សុត បានស្នើ​ដល់​បណ្តា​ដៃគូ​ទាំងអស់ ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ជា​ហិរញ្ញប្បទាន សម្រាប់​អនុវត្ត​ផែនការ​មេនេះ ទៅតាម​អាទិភាព និង​លទ្ធភាព​របស់​ស្ថាប័ន​រៀងៗ​ខ្លួន ហើយ​សល់​ពីនេះ​នឹងត្រូវ​បំពេញ​ដោយ​ប្រភពពី​ថវិកា​រាជរដ្ឋាភិបាល​ផ្ទាល់ ជាពិសេស​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​នូវ​វិធានការ​ឆ្លើយតប​ភ្លាមៗ នៅក្នុង​សេណា​រី​យ៉ូ​ទី​១​។


​ ​លោក វ​ង្សី វិស្សុត មានប្រសាសន៍​ផងដែរ​ថា វិធានការ​ឆ្លើយតប​ត្រូវមាន​លក្ខណៈ​សមស្រប​តាម​សភាពការណ៍​នៃ​ការផ្ទុះ​ជំងឺ តែ​ក៏​មិនគួរ​ជ្រុល​ហួសហេតុ​ពេក​នោះដែរ​។ ក៏ប៉ុន្តែ​យើង​ក៏​មិនអាច​មើលស្រាល​ស្ថានការណ៍​បានដែរ ក្នុងខណៈដែល​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់នូវ​បច្ច័យ​អវិជ្ជមាន​មកលើ​សេដ្ឋកិច្ច និង​សង្គម​ទាំងមូល​ផងដែរ ជាពិសេស​យើង​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ ក្នុងការ​ទប់ស្កាត់​ការឆ្លង និង​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ កូ​វិដ​១៩ ឱ្យបាន​ទាន់ពេលវេលា សំដៅ​ធ្វើយ៉ាងណា​ការពារ​កុំឱ្យ​ប្រទេស​កម្ពុជា​របស់​យើង​កុំ​ធ្លាក់​ចូលទៅក្នុង​សេណា​រី​យ៉ូ​អាក្រក់​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ ទន្ទឹមនឹងនេះ យើង​ក៏ត្រូវ​ជំរុញ​អនុវត្ត​នូវ​បណ្តា​វិធានការ​ទាំងឡាយ​ដែល​បានដាក់​ចេញ​ជា​បន្តបន្ទាប់ ដើម្បី​សម្រាល​ផលប៉ះពាល់​ចំពោះ វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង និង​ដើម្បី​ធានា​ឱ្យ​សកម្មភាព​សេដ្ឋកិច្ចជាតិ​ទាំងមូល​នៅតែ​អាច​ដំណើរការ​ជា​ប្រក្រតី ហើយ​អាច​រក្សា​ការងារ​, ប្រាក់ចំណូល និង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​
​ ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​បានអោយដឹង​បន្ថែមថា​ជារួម​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​នេះ បណ្តា​ដៃគូ​ទាំងអស់​បាន​នូវ​ផ្តល់​មតិ និង​បន្ទាប់មក​បាន​យល់ស្រប​ជារួម ចំពោះ​ផែនការមេ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វិដ ដែល​ត្រូវបាន​រៀបចំ​ឡើយ ស្របតាម​ស្តង់ដារ​នៃ​ការអនុវត្ត​ជាស​កល ។​ទន្ទឹមនឹងនេះ ដៃគូ​អភិវឌ្ឍន៍​ក៏បាន​បង្ហាញ​ជំហរ​ជា​វិជ្ជមាន​ក្នុងការ​ចូលរួម និង​គាំទ្រ​ការអនុវត្ត​ផែនការ​មេនេះ​ដែល​ក្នុងនោះ​ដៃគូ​មួយចំនួន​នឹងចូលរួម​ក្រោម​ក្របខ័ណ្ឌ​គម្រោង ដែល​កំពុង​អនុវត្ត​ស្រាប់ ឬ​/​និង​ហិរញ្ញប្បទាន​ថ្មី​បន្ថែម​។ ចំពោះ​ការអនុវត្ត​ក្រោម​ក្របខ័ណ្ឌ​នៃ​គម្រោង​ដែលមាន​ស្រាប់​, ដៃគូ​នឹង​ផ្តល់នូវ​ភាពទន់ភ្លន់ ក្នុងការ​បង្វែរ​មុខសញ្ញា​ចំណាយ​មក​គាំទ្រ​ការអនុវត្ត​ផែនការមេ​ប្រយុទ្ធប្រឆាំង​ជំងឺ ។ ជាក់ស្តែង ធនាគារពិភពលោក បាននិងកំពុង​ត្រៀម​ដាក់ឱ្យអនុវត្ត​សមាសភាព​ឆ្លើយតប​ភាព​បន្ទាន់​គ្រាអាសន្ន​(Contingency Emergency Response Component) ក្រោម​ក្របខ័ណ្ឌ​គម្រោង (H-EQIP)​។ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី ក៏​កំពុង​ត្រៀម​ដូចគ្នានេះ​ផងដែរ ក្រោម​គម្រោង GMS Health Security Project​។ ទន្ទឹមនឹងនេះ បណ្តា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ក៏បាន​ឯកភាព​ឱ្យប្រើ​ប្រាស់​នូវ​នីតិវិធី​សម្រាប់​ឆ្លើយតប​ភាព​បន្ទាន់ (Emergency Response Procedures) ដែលមាន​លក្ខណៈ​អនុគ្រោះ និង​បត់បែន​ច្រើន ក្នុងការ​ផ្គត់ផ្គង់​ទំនិញ និង​សម្ភារៈ​បរិក្ខា​ផ្សេងៗ ដូចជា​តាមរយៈ​ការអនុវត្ត​នីតិវិធី​ចុះកិច្ចសន្យា​ផ្ទាល់ (Direct Contracting) ជាមួយ​អ្នកផ្គត់ផ្គង់​ជាដើម​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...