ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖អតីតមេខ្មែរក្រហមតំបន់ម៉ាឡៃឬរណសិរ្សកងពលធំលេខ៤៥០ បានត្រូវដំឡើងពីអនុរដ្ឋលេខាធិការទៅរដ្ឋលេខាធិការក្រសួងការពារជាតិ។យោងព្រះរាជក្រឹត្យលេខនស/រកត០៣២០/៣០៣របស់ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះថ្ងៃទី៩ខែមីនាឆ្នាំ២០២០បានឱ្យដឹងថា បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកយោធាចំនួន៣រូប។បានតែងតាំងមុខតំណែងនាយទាហាននៃកងយោពលខេមរភូមិន្ទជារដ្ឋលេខាធិការក្រសួងការពារជាតិ៩រូប។និងជាអនុរដ្ឋលេខាធិការ ៥រូប ។

សូមរំលឹកថា សម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីក្នុងពេលអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ៥៨ ជាផ្លូវក្រវាត់ព្រំដែនកម្ពុជានិងថៃប្រវែងជាង១៧៤,១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោងខេត្តឧត្តរមានជ័យក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលសាធរណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ អតីតមេខ្មែរក្រហមសុខភាពនៅតំបន់ម៉ាឡៃនិងលោកអ៊ីឈាន អតីតមេខ្មែរក្រហមតំបន់ប៉ៃលិន ជាមេបេះបោរមុនគេបំបែកផ្តាច់ខ្លួនពីអតីតឧទ្ទាមខ្មែរកហម ហើយគាំទ្រគោលនយោបាយឈ្នះឈ្នះរបស់សម្តេចកាលពីឆ្នាំ១៩៩៦។សម្តេចបន្តថា៖ លោកទាំង២មានគុណបំណាច់ធំណាស់ក្នុងការរួមចំណែកបញ្ចប់សង្គ្រាមនិងនាំមកសន្តិភាព ។
សម្តេចបន្តថា៖លោកនាយឧត្តមសេនីយ៍សុខភាព បានត្រឹមជាអនុរដ្ឋលេខាក្រសួងការពារជាតិ២អាណត្តិហើយ ។ កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ សម្តេចបានជួបលោកសុខ ភាព ហើយសម្តេចថា ភ្លេចលោកសុខ ភាពមួយ មិនបានឡើងឋានៈទៀត ។ ហេតុនេះ ពេលសម្តេចមកភ្នំពេញវិញ សម្តេចនឹងដំឡើងឋានៈលោកសុខ ភាព ពីអនុរដ្ឋលេខាធិការឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ ។គឺតាមការស្នើសុំរបស់នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ផងដែរ ។

នាយឧត្តមសេនីយ៍សុខភាព បានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ថា៖លោករំភើបនិងថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីណាស់ដែលបានដំឡើងឋានៈនេះ(រដ្ឋលេខាធិការក្រសួងការពារជាតិ)ហើយប្តេជ្ញាបន្តដើរតាមគោលមាគ៌ាសម្តេចនិងគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាព ការអភិវឌ្ឍប្រទេសនិងប្រជាជនយើង៕S/Ha

រូបថត ៖ នាយឧត្តមសេនីយ៍សុខ ភាព អតីតមេខ្មែរក្រហមតំបន់ម៉ាឡៃ ឡើងពីអនុរដ្ឋលេខាធិការ ទៅរដ្ឋលេខាធិការក្រសួងការពារជាតិហើយ(រូប៖ ភ្នំស្វាយ -AP)