ទូត​សហភាព​អឺរ៉ុប​ថ្មី​នៅតែ​រក្សា​ជំហរ​សហការ​ជាមួយ​វិស័យ​កសិកម្ម​កម្ពុជា

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី​CarmenMoreno​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ដើម្បី​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​វិស័យ​កសិកម្ម​។

​ជា​កិច្ច​ស្វាគមន៍​លោក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​លោកស្រី​ដែល​ទទួលបាន​ការគាំទ្រ​និង​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ទោះបី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ក៏ដោយ​។

តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល​និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែលជា​និច្ច​ជា​កាល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​មក​កម្ពុជា តាមរយៈ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញប្បទាន​ដល់​កម្មវិធី​និង​គម្រោង​ជាច្រើន​លើ​គ្រប់​វិស័យ ។​

ជាពិសេស​លើ​វិស័យ​កសិកម្ម ដែល​សហភាព​អឺរ៉ុប​នៅតែ​បន្ត​គាំទ្រ ដូចជា​ក្នុង​អនុវិស័យ​ជលផល ដែល​សហភាព​អឺរ៉ុប​បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ជាង ១៤០​លាន​អឺរ៉ូ ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​នៅតែ​បន្ត​មានការ​កើនឡើង​គួរ​ជាទី​មោទនៈ​ផងដែរ​ដោយ​ក្នុង​រយៈពេល​០២​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​គឺមាន​ការកើនឡើង​ជា​ង​២១,៧១%​។​ទិន្នផល​សរុប​សម្រាប់​រយៈពេល​០២​ខែ​ដើម​ឆ្នាំនេះ​គឺ​បាន​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ជាង ៤១,៣​ពាន់​តោន និង​បន្លែ​បាន​ប្រមាណ​ជា ៣៤,៥​តោន​ផងដែរ​។

​លោក​បន្ថែមថា​ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច​និង​ប្រជាជន​ក្នុងពេល​បច្ចុប្បន្ន​និង​ជាពិសេស​នាពេល​អនាគត​ដែល​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​គឺ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​ទាមទារ​ឲ្យ​ក្រសួង​ធ្វើកំណែទម្រង់​គោលនយោបាយ​និង​បង្វែរ​ទិសដៅ​របស់ខ្លួន​ពី​ការផលិត​ផលិតផល​កសិកម្ម​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​មកជា​ការផលិត​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

​ដូច្នេះ​ដើម្បី​ឆ្លើយតប​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម យ​ន្តុ​ប​នី​កម្ម​កសិកម្ម កសិកម្ម​បៃតង​និង​ជាពិសេស​ការ​ពិពិធ​កម្ម​កសិកម្ម​សំដៅ​ទៅមុខ​ដំណាំ​ដែល​កំពុងមាន​សក្តានុពល​ក្នុង​ទីផ្សារ ដូចជា​ចេកអំបូង​លឿង ស្វាយ ដំឡូង​មី ពោត ។​ល​។ និង​ជំរុញ​វារីវប្បកម្ម​ទាំង​ត្រី​ទឹកសាប និង​ត្រី​សមុទ្រ ផលិតកម្ម​សត្វ ស្តារ​និង​អភិវឌ្ឍន៍​ព្រៃឈើ រួមជាមួយ​ការលើកទឹកចិត្ត​ដល់​ការកែច្នៃ វេច​ខ្ចប់​ប្រកបដោយ​អនាម័យ​និង​គុណភាព​ដើម្បី​បំពេញ​នូវ​សេចក្ដីត្រូវការ​នៃ​ទីផ្សារ​និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ឲ្យ​នៅត្រឹម​អប្ប​បរិ​មា​។​

​ជារួម​ការងារ​នេះ​សម្រេច​ទៅបាន​គឺ​ត្រូវមាន​កិច្ចសហការ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រទាក់ក្រឡា​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ស្ថាប័នរដ្ឋ​វិស័យ​ឯកជន​ដៃគូ​អភិវឌ្ឍន៍​និង​ប្រជាកសិករ​ដែលជា​អ្នក​ផលិត​។​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​លោកស្រី​ឯកអគ្គរដ្ឋទូត​នឹង​ខិតខំ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​បន្ថែមទៀត ហើយ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ក្រសួង ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រជាកសិករ​កម្ពុជា​។

​ក្នុងឱកាស​នោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្តន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​កម្ពុជា​សម្រេចបាន​នាពេល​បច្ចុប្បន្ន​និង​កន្លងមក​។​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ដល់​ក្រុមការងារ​នៃ​សហភាព​អឺរ៉ុប​រួមគ្នា​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ដែល​សមិទ្ធផល​ទាំងអស់​នេះហើយ​បាននិងកំពុង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ហើយ​បាន​ចាត់ទុកជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។

​ទន្ទឹមនឹងនេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ពិសេស​លើ​ការជំរុញ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​លើ​មុខ​ដំណាំ​អាទិភាព និង​ការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ រួច​ជាមួយ​ការប្រែប្រួល​អាកាសធាតុ ដែល​ទាំងអស់នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា​គឺ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​គាំទ្រ​ដល់​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​។

​ដូច្នេះ លោកស្រី​ជឿជាក់ថា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នឹង​សហការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី និង​គម្រោង​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...