ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀល ថ្ងៃទី១៤ មីនា ខាងមុខនេះ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា វង្ស វិឆ័យ ក្លិបទ័ពឆ័ត្រយោង ៩១១
ត្រូវជួបតតាំងជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ អាវ វ៉ាតាន (Ao Watan) ដែលពួកគេជួបគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម។
មានអ្នកប្រដាល់លំដាប់កំពូលកម្ពុជា ចំនួន ២ រូបហើយ គឺរឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ និង ធឿន ធារ៉ា ក្លិបអេភូថងកីឡា ដែលប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ថៃរូបនេះ ។ ពេលនេះ អាវ វ៉ាតាន ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំង របស់កម្ពុជាហើយ ។ វិឆ័យ មានប្រៀប លើ អាវ វ៉ាតាន មុនពេលប្រកួត ព្រោះ វិឆ័យ មានកំពស់ ១,៧២ ម៉ែត្រ។ ចំពោះ អាវ វ៉ាតាន មានកំពស់ត្រឹមតែ ១,៦៦ ម៉ែត្រ តែប៉ុណ្ណោះ។

សម្រាប់ការប្រកួតនេះ នរណា ក៏មានជំនឿចិត្ត លើ វិឆ័យ ដែរ ព្រោះអ្នកប្រដាល់កម្ពុជា រូបនេះ រឹង និងវ៉ៃចេញបានច្បាស់ល្អ ។ ចំពោះ អាវ វ៉ាតាន ការវ៉ៃចេញរបស់គេ ក៏អស្ចារ្យដែរ តែបញ្ហាកំពស់ អាចជាឧបសគ្គ សម្រាប់គរ ក្នុងការតតាំងជាមួយវិឆ័យ តែគ្រូបង្វឹករបស់ អ្នកប្រដាល់ថៃរូបនេះ និយាយថា ការប្រកួត មានឈ្នះ មានចាញ់ តែអាវ វ៉ាតាន ធ្លាប់ប្រកួតជាមួយ អ្នកខ្ពស់ជាងគេ មិនតិចនាក់ទេ ។ ទោះជាយ៉ាងណា ក៏គ្រូបង្វឹករូបនេះ បញ្ជាក់ថា វិឆ័យ ពិតជាអ្នកខ្លាំងមួយរូបមែន ។
កំណត់ត្រាប្រកួតរបស់ វិឆ័យ ល្អខ្លាំងណាស់ ព្រោះប្រវត្តិប្រកួត ចំនួន៦៦ដង គេឈ្នះ ៦០ដង និងចាញ់តែ ១ដងប៉ុណ្ណោះ ។ ចំពោះ អាវ វ៉ាតាន ក្នុងប្រវត្តិប្រកួត ចំនួន១១០ដង ឈ្នះ៨៩ដង ចាញ់១៩ដង និងស្មើពិន្ទុ ២ដង។ ក្នុងជំនួបលើកដំបូងនេះ មិនដឹងថា វង្ស វិឆ័យ អាចយកឈ្នះ អាវ វ៉ាតាន បានឬទេ ?។

ផាន រះ ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ដែលពុំធ្លាប់ប្រកួត ជាមួយបរទេស លើសង្វៀនអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ ចំណូលថ្មីថៃ ផេត ណាធី (Phat nathy) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ ផាន រះ ពុំមែនជាអ្នកប្រដាល់ ដែលមានឈ្មោះបោះសម្លេង ណាស់ណាទេ ចំពោះអ្នកប្រដាល់ថៃ ផេត ណាធី ក៏មិនមាននរណា ដឹងថា ខ្លាំង ឬ ខ្សោយដែរ ព្រោះគេទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។
ផាន រះ គេមានប្រវត្តប្រកួត ចំនួន៦៦ដង ឈ្នះ៤៣ ដង ចាញ់២០ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ថៃ ផេត ណាធី វិញនោះ គេមានប្រវត្តិប្រកួត ចំនួន៨៦ដង ឈ្នះ៦៩ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ផាន រះ អាចប្រជែងយក ជ័យជំនះបានឬទេ ?។

ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ ខ្លាចាស់ ហ៊ឹម សារ៉ាន សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ អ៊ុំ កំសត់ ក្លិបព្រៃទទឹងកីឡា ខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ។
ជើងខ្លាំង ខេត្តបាត់ដំបង សេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ ប្រកួតជាមួយអ្នកលេង កណ្ដាប់ដៃរន្ទះ ពុទ្ធ ភារិន្ទ ក្លិបពុទ្ធសេរីវង្ស ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ អ្នកប្រដាល់ជើងថ្មី លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយ អ្នកប្រដាល់ជើងថ្មី ដូចគ្នាគឺ សូត្រ សុខឃីមមកពីក្លិបបក្សីស្លាបដែក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ៕v