Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់យល់ព្រ...

អ៊ីរ៉ង់យល់ព្រមប្រគល់ប្រអប់ខ្មៅយន្តហោះធ្លាក់ឱ្យទៅអ៊ុយក្រែន

អ៊ីរ៉ង់បានសន្យាកាលពីថ្ងៃពុធទី១១មីនា នៅឯកិច្ចប្រជុំទីភ្នាក់ងារអាកាសចរណ៍ ស៊ីវិលរបស់អង្គការសហប្រជាជាតិថានឹងប្រគល់ប្រអប់ខ្មៅពីយន្តហោះធ្លាក់ជើងហោះហើរលេខ ៧៥២ ឱ្យទៅអ៊ុយក្រែនឬបារាំងសម្រាប់ការវិភាគ ដែលនេះ ជាចំណាត់ការមួយត្រូវបានស្វាគមន៍ដោយកាណាដានិងអ៊ុយក្រែន។

ប្រភពនានាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា តំណាងអ៊ីរ៉ង់នៅ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅទីក្រុងម៉ុងរ៉េអាល់គឺលោកហ្វាហាដ ផាវ៉ារ៉េស បាននិយាយថា ប្រអប់ខ្មៅនឹងត្រូវបញ្ជូនទៅទីក្រុងគៀវ។

ប្រអប់ខ្មៅទាំងនោះរំពឹងផ្ទុកព័ត៌មានអំពីពេលវេលាចុងក្រោយ មុនពេលយន្តហោះ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនត្រូវបានវាយប្រហារដោយមីស៊ីល ហើយធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន តេហេរ៉ង់នៅថ្ងៃទី ៨ ខែមករា។

នៅទីក្រុងអូតតាវ៉ា រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដា លោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការចែករំលែកប្រអប់ខ្មៅ ដោយនិយាយថា នេះជា “ជំហានមួយក្នុងទិសដៅត្រឹមត្រូវដោយអ៊ីរ៉ង់”។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកាណាដា លោក អេនឌ្រី សេវឆិនកូ បានសរសេរលើ Twitter ថា ប្រទេសរបស់លោកក៏ស្វាគមន៍ចំពោះការ សម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការប្រគល់ប្រអប់ខ្មៅដែរ ដោយបន្ថែមថា “ប្រសិនបើ ត្រូវការជំនាញអ្វីបន្ថែមទៀត” ម៉ាស៊ីនថតទិន្នន័យហោះហើរនេះនឹងត្រូវបញ្ជូន ទៅបារាំងដើម្បីធ្វើការវិភាគ។

អ៊ីរ៉ង់សារភាពថា ប្រអប់ខ្មៅពីរបានខូចខាត និងថាខ្លួនខ្វះលទ្ធភាពបច្ចេកទេស ដើម្បីទាញយកទិន្នន័យពីពួកវា ប៉ុន្តែសម្រាប់រយៈពេលពីរខែមកនេះ អ៊ីរ៉ង់មិនដឹងថាត្រូវសម្រេចចិត្តធ្វើអ្វីចំពោះប្រអប់ខ្មៅទាំងនេះនោះទេ។

គួររំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១១មករា យោធាអ៊ីរ៉ង់បានសារភាពថា យន្តហោះអ៊ុយក្រែននេះត្រូវបានបាញ់ទម្លាក់ដោយសារ “កំហុសរបស់មនុស្ស” ដោយសម្លាប់មនុស្ស ១៧៦ នាក់៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រអប់ខ្មៅនឹងត្រូវប្រគល់ឱ្យទៅអ៊ុយក្រែនវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular