មនុស្ស៣នាក់ត្រូវបានសម្លាប់បន្ទាប់ពីមូលដ្ឋានមួយដែលមានកងទ័ពអង់គ្លេសនិងអាម៉េរិកស្ថិតនៅនៅប្រទេសអ៊ីរ៉ាក់នោះ បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែត កាលពីថ្ងៃពុធទី១១ខែមីនា។
មនុស្សយ៉ាងតិចណាស់ចំនួន១២នាក់ បានរងរបួសក្នុងការវាយប្រហារនេះ នៅមូលដ្ឋានទ័ពតាជី(Taji) ភាគខាងជើងនៃទីក្រុងបាដាត។
ប្រភពព័ត៌មានពីយោធាអាម៉េរិកបាននិយាយថា ទាហានអាម៉េរិកម្នាក់ អ្នកម៉ៅការជនជាតិអាម៉េរិកម្នាក់ និងទាហានអង់គ្លេសម្នាក់ ត្រូវបានសម្លាប់។
សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្ពស់ចាប់តាំងពីសហរដ្ឋអាម៉េរិកបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់កាសេម សូឡេម៉ានីនៅក្នុងការវាយប្រហារដោយយន្តហោះឌ្រូន កាលពីខែមករា។
មិនមាននរណាឬក្រុមណាប្រកាសទទួសខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃពុធទី១១ខែមីនានោះទេ ហើយសហរដ្ឋអាម៉េរិកនិងអង់គ្លេសមិនទាន់និយាយយ៉ាងណាដែរប៉ុន្តែ កាលពីពេលកន្លងទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ថាបានធ្វើការវាយប្រហារស្រដៀងគ្នានេះ៕ប្រែសម្រួល៖សុខា/sn

ទាហានអាម៉េរិកស្ថិតក្នុងអំឡុងហ្វឹកហាត់ជាមួយទាហានអ៊ីរ៉ាក់នៅមូលដ្ឋានទ័ពTaji ភាគខាងជើងនៃទីក្រុងបាដាត