ដោយៈសុផល/បាត់ដំបង៖ការធានាបាននូវការថែទាំនិងការអប់រំកុមារតូចប្រកបដោយគុណភាពគឺចាំបាច់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនិងកាត់បន្ថយភាពក្រីក្រ។ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំថ្នាក់មត្តេយ្យអង្គការសន្តិស្ម័គ្រចិត្ត(SVA)បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
ក្រសួងការបរទេសជប៉ុននិងក្រសួងអប់រំយុវជននិងកីឡារបស់កម្ពុជាបានផ្តួចផ្តើមគម្រោងបង្កើតសាលាមត្តេយ្យគំរូក្នុងខេត្តបាត់ដំបង។គម្រោងនេះរួមមានការសាងសង់សាលាមត្តេយ្យគំរូសួនកុមារបណ្ណាល័យព្រមទាំងបំពាក់គ្រឿងសង្ហារឹមនិងសម្ភារៈសិក្សា។គម្រោងសាងសងសង់នេះចាប់ផ្តើមពីខែកុម្ភៈឆ្នាំ២០១៩ដល់ខែមីនាឆ្នាំ២០២០ដោយប្រប្រាស់ថវិកាជាង៣០ម៉ឺនដុល្លារអាម៉េរិក។
ក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដឹកនាំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់ថាJICAដើម្បីចុះពិនិត្យមើលគម្រោងបង្កើតបណ្ណាល័យមត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបង។កាលពីពេលថ្មីៗនេះ លោក យន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត ប្រចាំខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖គម្រោងនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំថ្នាក់មត្តេយ្យដោយបង្កើតសាលាមត្តេយ្យគំរូបំពាក់ដោយបណ្ណាល័យកំរិតមត្តេយ្យនិងលើកកម្ពស់ទម្លាប់នៃការអាននៅវ័យកុមារភាព។
គម្រោងនេះផ្តោតសំខាន់ទៅលើការកែលម្អបរិស្ថានតាមរយៈការកសាងអគារសិក្សាជាមួយសួនកុមារនិងបណ្ណាល័យដែលអាចផ្តល់នូវសេវាគុណភាពអប់រំកុមារតូចដ៏សមស្របដល់កុមារនិងការកសាងសមត្ថភាពគ្រូមត្តេយ្យនិងបណ្ណារក្សដើម្បីលើកកម្ពស់ការអានតាមរយៈការប្រើប្រាស់បណ្ណាល័យ។
លោកបានបញ្ជាក់បន្ថែមថា៖ដោយសារអគារសិក្សាថ្នាក់មត្តេយ្យមានការខ្វះខាតហើយគ្រូបង្រៀនមត្តេយ្យសិក្សាក៏នៅមានការខ្វះខាតជាច្រើននិងសាលាខ្លះត្រូវយកគ្រូបង្រៀនបឋមមកបង្រៀនសាលាមត្តេយ្យ។ចំណែកវិធីសាស្ត្របង្រៀនថ្នាក់ទាំងពីរនេះគឺវាមានភាពខុសគ្នា។
ដោយមើលឃើញពីចំណុចខ្វះខាតនេះហើយទើបJICAបានសហការជាមួយអង្គការសន្តិស្ម័គ្រចិត្តនិងក្រសួងអប់រំយុវជននិងកីឡារៀបចំគម្រោងសាងសង់សាលាមត្តេយ្យគំរូនិងសួនកុមារនេះ។រៀបចំគម្រោងសាងសង់ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារតូចឱ្យកាន់តែមានប្រសិទ្ធភាពជាមួយនឹងការរៀបចំគ្រូបង្រៀនឱ្យបានត្រឹមត្រូវតាមជំនាញផងដែរ ។
លោកយន់វាសនាបានឱ្យដឹងទៀតថា៖សាលាមត្តេយ្យគោលដៅនេះត្រូវបានគេរំពឹងថានឹងក្លាយជាសាលាមត្តេយ្យគំរូមួយក្នុងការលើកកម្ពស់គុណភាពអប់រំកុមារតូចនៅក្នុងខេត្តបាត់ដំបងហើយតាមរយៈគម្រោងនេះ រំពឹងថា គុណភាពអប់រំកុមារតូចនឹងត្រូវបានពង្រឹង។
លោកស្រីសុខអេងនាយិការងសាលាមត្តេយ្យបាត់ដំបងបានមានប្រសាសន៍ថា៖ដើម្បីអប់រំកុមារតូចប្រកបដោយប្រសិទ្ធភាពគ្រូត្រូវមានភាពអំណត់ព្យាយាមភាពទាក់ទាញរួសរាយរាក់ទាក់សិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់កុមារផ្តល់ក្តីស្រឡាញ់។មើលថែទាំយកចិត្តទុកដាក់មានទំនួលខុសត្រូវខ្ពស់និងត្រូវបកស្រាយរាល់ចម្ងល់របស់កុមារ។ពិសេសគ្រូមត្តេយ្យជាម្តាយទី២ជាអ្នកតម្រង់ទិសមានតួនាទីជាអ្នកអប់រំកុមារតូចឱ្យក្លាយជាទំពាំងស្នងឬស្សីព្រោះកុមារទាំងអស់នេះនិងក្លាយទៅជាធនធានដ៏សំខាន់នៃការអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត។
សូមជម្រាបថា៖ តាមរយៈគម្រោងជំនួយរបស់ JICA និងអង្គារ SVA បានសាងសង់សាលា មត្តេយ្យគំរូ មានដូចជា៖សាងសង់អគារសាលា២ជាន់មាន៥បន្ទប់បណ្ណាល័យ១បន្ទប់បន្ទប់ទឹក១៥បន្ទប់និងសួនកុមារនិងរៀបចំបន្ទប់បណ្ណាល័យគំរូចែកសៀវភៅគ្រឿងសង្ហារឹមនិងសម្ភារៈផ្សេងៗសម្រាប់បណ្ណាល័យជាដើម ៕S/
ចំណងជើងរូបថត៖សាលាមត្តេយ្យនៅខេត្តបាត់ដំបងរួមចំណែកលើកកម្ពស់គុណភាពអប់រំដល់កុមារតូច