តាមព័ត៌មានថា ក្លឹប Real Madrid ត្រៀមនាំយកលោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochettino) អតីតគ្រូបង្វឹកក្លឹប Tottenham និងលោក ម៉ាសស៊ីមីលីយ៉ាណូ អាលឡេហ្គ្រី (Massimiliano Allegri) អតីតគ្រូបង្វឹកក្លឹប Juventus ដើម្បីជំនួសលោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) ។
អតីតវីរបុរសបារាំងរូបនេះជួយក្រុម Real Madrid លើកពានបីនៅអាណត្តិដំបូងរបស់លោក ប៉ុន្តែហាក់ដូចជាមានការពិបាកនៅអាណត្តិទី២។ ក្រុម Real Madrid ត្រូវបានទម្លាក់ចេញ ពីតំណែងកំពូលក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រកួតចាញ់ក្រុម Real Betis និងប្រឈមមុខជាមួយនឹងក្រុមម៉េនឆេស្ទ័រ ស៊ីធីជាក្រុមខ្លាំងមួយនៅក្របខណ្ឌឆេមពានលីក នៅសប្តាហ៍ក្រោយ។
លោក ហ្ស៊ីដាន លើកពាន Supercopa de Espana កាលពីខែមករា ហើយទទួលបានការធានា ពីប្រធានក្លឹប ផ្លរិនទីណូ ផេរ៉េស (Florentino Perez) ប៉ុន្មានថ្ងៃក្រោយថា ការងាររបស់លោក មានសុវត្ថិភាព។
ប៉ុន្តែមានពាក្យចរចាមអារ៉ាមពីមាត់មួយទៅមាត់មួយថា ប្រសិនបើគ្រូបង្វឹកវ័យ៤៧ឆ្នាំ រូបនេះ ខកខានមិនបានលើកពាន គាត់អាចនឹងត្រូវបណ្តេញចេញ។លោក ប៉ូចេតទីណូវ័យ៤៨ឆ្នាំបាន ចាត់ទុកការងារនៅក្លឹប Real Madrid គឺជាសុបិន្ត នេះបើតាមការលើក ឡើងរបស់កាសែត អេស្ប៉ាញ Marca និងបានបដិសេធកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Barcelona នៅដើមរដូវ កាលនេះ៕ ប្រែសម្រួល: ពិសិដ្ឋ
