តារាភាពយន្តលំដាប់កំពូល លោកថម ហ៊ែង (Tom Hanks)និងភរិយា រីតា វីលសុន ត្រូវបានពិនិត្យរកឃើញ វីរុសកូរ៉ូណាថ្មី កូវីដ១៩។
លោកថម ហ៊ែង និងភរិយា រីតា វីលសុន
តារា វ័យ៦៣ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃពុធទី១១មីនាថា លោកនិងភរិយា បានក្តៅខ្លួនកាលពីនៅក្នុងប្រទេសអូស្ត្រាលី ពេលថតខ្សែភាពយន្តថ្មីមួយអំពីឆាកជីវិតរបស់ស្តេចចម្រៀង អែលវីស ព្រីសលី។
ប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃពុធក៏បានចាត់វិធានការគំហុកមួយ ដោយលោកបានប្រកាសផ្អាកការធ្វើដំណើរពីអឺរ៉ុបមកកាន់អាម៉េរិកដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩ ដែលកំពុងអុកឡុកបំផ្លាញទីផ្សារហ៊ុន ហិរញ្ញវត្ថុនិងថាមពល ព្រមទាំងធ្វើឲ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាម៉េរិក។
បើតាមលោកត្រាំ ការកាត់ផ្តាច់ការធ្វើដំណើរពីអឺរ៉ុបនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលយប់ថ្ងៃសុក្រ វាមានពេល៣០ថ្ងៃ តែអាចបញ្ចប់មុនឬលើសកាលកំណត់អាស្រ័យសភាពការណ៍។
ត្រាំក៏បានបន្ទោសសហភាពអឺរ៉ុបថាមិនបានចាត់វិធានការខ្លាំងសមល្មមដើម្បីដោះស្រាយការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មីឲ្យទាន់ពេល និងបានអះអាងថាការឆ្លងកូវីដ១៩ជាក្រុមនៅអាម៉េរិកមានប្រភពចេញពីអឺរ៉ុប។លោកបាននិយាយដូច្នេះថា «យើងបានចាត់វិធានការសង្គ្រោះជីវិតមនុស្ស ដោយចាត់វិធានការមិនបង្អែរបង្អង់លើចិន ឥឡូវលើអឺរ៉ុប»។
តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អាម៉េរិកនឹងតាមដានសភាពការណ៍នេះជាប់ដើម្បីថាតើនឹងបើកឲ្យមានការធ្វើដំណើរឡើងវិញមុនកាលកំណត់ឬយ៉ាងណា ហើយការរឹតត្បិតនេះមិនអនុវត្តលើអង់គ្លេស និងក៏មានការលើកលែងសម្រាប់ជនជាតិអាម៉េរិកដែលមានការត្រួតពិនិត្យសុខភាពត្រឹមត្រូវ។
ការប្រកាសចាត់វិធានការរឹតត្បិតការធ្វើដំណើររបស់ត្រាំ កើតឡើងនៅពេលចំនួនអ្នកឆ្លងកូវីដ១៩នៅអាម៉េរិកកើនលើស១.០០០នាក់៕ប្រែសម្រួល៖វាសនា/Ha

ត្រាំនិយាយទៅកាន់ប្រជាជាតិអំពីវីរុសកូរ៉ូណា កាលពីថ្ងៃពុធ