​បទល្មើស​នេសាទ​និង​ការទន្ទ្រាន​ដីព្រៃ​នៅតែ​ជា​ក្តីកង្វល់​នៃ​អាជ្ញាធរ​ខេត្តកោះកុង​

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​លោកស្រី​អភិបាលខេត្ត​កោះកុង​នៅតែ​បានបង្ហាញ​ការព្រួយបារម្ភ​ពី​សកម្មភាព​បទល្មើស​នេសាទ​និង​ការចូល​កាប់​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ចំណី​មាត់​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឯកជន​ពី​សំណាក់​ក្រុម​ជនខិលខូច​។​

ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ឆ្នាំ​២០២០​កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​បាន​លើកឡើងថា​៖​ទោះបី​ជាមាន​ស្ទើរតែ​គ្រប់​វិធានការ​ក្តៅ​ត្រជាក់​យ៉ាងណាក៏ដោយ​ក៏​បទល្មើស​នេសាទ​និង​ការទន្ទ្រាន​ដីព្រៃ​នៅតែ​ជា​ក្តីកង្វល់​របស់​អាជ្ញាធរ​ខេត្ត​។​

​ចំណុច​នេះដែរ​លោកស្រី​អភិបាលខេត្ត​បានទាមទារ​ឱ្យ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត​បង្កើន​កិច្ច​សហការគ្នា​បង្ក្រាប​និង​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធិភាព​ឡើងវិញ​ដើម្បី​អភិរក្ស​ការពារ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​បាន​គង់វង្ស​រីឯ​អ្នក​ដែល​ល្មើស​នឹង​ទទួលទោស​តាមច្បាប់​កំណត់​។​
​លោកស្រី​មិថុនា​ភូ​ថង​ក៏បាន​កោតសរសើរ​ពី​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែល​បានការ​ពារ​នូវ​សុវត្ថិភាព​និង​ភាពសុខសាន្ត​ជូន​ពលរដ្ឋ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ធ្វើឱ្យ​បទល្មើស​ឧក្រិដ្ឋ​មានការ​ថយចុះ បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។

​អ្វីដែល​ជាការ​ងារ​នៅ​សេសសល់​លោកស្រី​ជំរុញ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ក្រោម​ឱវាទ​ត្រូវ​ពិនិត្យមើល​បញ្ហា​សណ្តាប់ធ្នាប់​បរិស្ថាន​សាធារណ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​និង​តាម​បណ្តា​ស្រុក​ពី​សំណង់​អនាធិបតេយ្យ ទឹកស្អាត និង​ភ្លើងអគ្គិសនី ជាដើម​។ ទន្ទឹម​នោះ លោកស្រី​អភិបាលខេត្ត​កោះកុង ព្រមាន​ចំពោះ​មន្ត្រី​ណា​ដែល​យក​តំណែង​តួនាទី​ទៅធ្វើ​ប្រព្រឹត្ត​ខុស​គោលការណ៍​គឺ​នឹង​ទទួលរង​ការដាក់ទណ្ឌកម្ម និង​ដកតំណែង​តែម្តង​។​

​ហេតុដូច្នេះ​លោកស្រី​រំពឹងថា​មន្ត្រី​គ្រប់រូប​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​ត្រូវ​ចាត់ទុកថា​ខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ហើយ​មិនត្រូវ​ឆ្លៀតឱកាស​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​ទន្ទឹម​ក្តីបារម្ភ​ពី​ជំងឺ​កូ​រីដ​-១៩​វិញ​លោកស្រី​មិថុនា​ភូ​ថង​ដាក់បទបញ្ជា​ដល់​មន្ទីរ​សុខាភិបាល ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ចាំ​យាម មិនត្រូវ​ធ្វេសប្រហែស​បានឡើយ ។​

ចាំបាច់​ត្រូវ​ពង្រឹង​ការតាមដាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ឱ្យបាន​ត្រឹមត្រូវ​ដល់​គ្រប់​ម​ជ្ឃ​ដ្ឋា​ន​រស់នៅ​ក៏ដូចជា​ការធ្វើដំណើរ​រ​បស់​ពលរដ្ឋ​និង​អ្នកទេសចរ​។​ប្រសិនបើ​មានការ​សង្ស័យ​ចំពោះ​អ្នក​ទេសចរណ៍​ឬ​ពលរដ្ឋ​ណាមួយ​អំពី​ជំងឺ​កូ​វីដ​-១៩​ត្រូវ​ឃាត់ខ្លួន​មនុស្ស​ទុក​នៅ​កន្លែង​ដាច់ដោយឡែក​ជាមុនសិន​ជៀសវាង​បង្ក​ការឆ្លង​បន្ថែម​។​លោកស្រី​អភិបាលខេត្ត​ក៏​ណែ​នាំឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អា​ជីករ​លក់​ទាំងអស់​កុំ​ដំឡើងថ្លៃ​ហួសហេតុ​ស្បៀងអាហារ ឬ​ផលិតផល​អាកុល ម៉ាស់ កំឡុង​ពេលនេះ​ព្រួយបារម្ភ​ពី​វីរុស​កូ​វីដ​-១៩​។

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​រកឃើញ​មនុស្ស​ចំនួន​២​នាក់​ដែល​ឆ្លង​វីរុស​កូ​វីដ​-១៩​ម្នាក់​ជា​ជនជាតិខ្មែរ​នៅ​ខេត្តសៀមរាប​និង​ម្នាក់ទៀត​ជា​ជនជាតិ​អង់គ្លេស​នៅ​ខេត្តកំពង់ចាម​។​សម្រាប់​នៅ​ឆ្នាំ​២០២០​នេះ​ខេត្តកោះកុង​ពុំមាន​ការរៀបចំ​ព្រឹត្តិការណ៍​កោះកុង​ស​ង្ក្រា​ន​ធំដុំ​ដូច​ឆ្នាំមុន​នោះទេ​ព្រោះតែ​ចង់​កាត់បន្ថយ​ការជួបជុំ​ហ្វូងមនុស្ស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​ការ​ខ្ទង់ចំណាយ​ថវិកា​របស់​រដ្ឋបាល​ស​ម្រា​ប់​ត្រៀម​មាន​វិធានការ​លើ​ជំងឺ​កូ​វីដ​-១៩​។​

​ទោះបីជា​មិនមាន​ព្រឹត្តិការ​កោះកុង​ស​ង្ក្រា​ន​ធំ​ដូច​ឆ្នាំមុនៗ​ក្តី​ក៏​រដ្ឋបាលខេត្ត​ណែនាំ​ដល់​សហគមន៍​អេកូ​ធម្មជាតិ​នីមួយៗ​ធ្វើ​អនាម័យ​បរិស្ថាន​សោ​ភណ្ឌ​ភាព​រង់ចាំ​ទទួលភ្ញៀវ​ទេសចរណ៍​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...