ដោយៈសុផល/បាត់ដំបង៖ ដោយសារតែទឹកចិត្តអាណិតស្រឡាញ់កូនខ្មែរ និងប្រទេសកម្ពុជា អ្នកគ្រូជប៉ុនម្នាក់សុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងប្រទេសរបស់គាត់មកបង្រៀនកុមារខ្មែរដោយស្ម័គ្រចិត្ត។អ្នកគ្រូជប៉ុននោះ ឈ្មោះ ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» គឺជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
អ្នកគ្រូវ័យ៣០ឆ្នាំរូបនេះបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍ក្នុងខេត្តបាត់ដំបង។មានកូនសិស្សក្នុងបន្ទុកប្រមាណ៣០០នាក់ ដែលរាប់ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦ អ្នកគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ អប់រំកាយ និងតន្ត្រីព្យាណូ។អ្នកគ្រូ គេកូ បច្ចុប្បន្នបង្រៀនមួយថ្ងៃ ៨ ម៉ោង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ អ្នកគ្រូជិះកង់ មកបង្រៀនក្នុងរយៈចម្ងាយពីផ្ទះទៅសាលាបឋមនេះ គឺមានចម្ងាយ៤គីឡូម៉ែត្រ។
ក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODA Press Tour)រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(Jica) កាលពីដើមខែមីនានេះ កញ្ញាណាហ្គាយ៉ា គេកូ បានប្រាប់អ្នកសារព័ត៌មានជាភាសាខ្មែររដិបរដុបថា៖”ខ្ញុំដឹងអំពីប្រវត្តិសាស្ត្រខ្មែរ ហើយខ្ញុំមានអារម្មណ៍ ពិបាកចិត្ត ប៉ុន្តែជនជាតិខ្មែរតែងតែញញឹម ហើយមានចិត្តល្អ”។
“ទំព័រប្រវត្តិសាស្ត្រជូរចត់របស់កម្ពុជាលែងជាបញ្ហាចោទបន្តទៀតហើយ កម្ពុជានៅប្រឈមបញ្ហាផ្សេងទៀតដែលក្នុងនោះគឺការបណ្ដុះបណ្ដាលធនធានមនុស្សក្មេងៗរបស់កម្ពុជាចង់រៀនសូត្រ។បញ្ហាដែលកម្ពុជាជួបប្រទះនោះគឺថាកម្ពុជាមានសាលាតែខ្វះគ្រូបង្រៀន”។អ្នកគ្រូបានគូសបញ្ជាក់ថា៖«កត្ដាទាំងនេះហើយធ្វើឱ្យខ្ញុំស្ម័គ្រចិត្តចូលបង្រៀននៅសាលាបឋមសិក្សអនុវត្តន៍ក្នុងខេត្តបាត់ដំបូងនេះ។ទោះជាមានការលំបាកក្នុងការបង្រៀនក៏ដោយ តែខ្ញុំចូលចិត្តបង្រៀនកូនក្មេងហើយធ្វើឱ្យខ្ញុំសប្បាយរីករាយ”។
អ្នកគ្រូណាហ្គាយ៉ា គេកូ បានបង្រៀនដោយស្ម័គ្រចិត្តនៅសាលាបឋមនេះតាំងពីខែធ្នូឆ្នាំ២០១៩មកម្ល៉េះ ហើយគ្រោងបញ្ចប់នាខែមីនាឆ្នាំក្រោយនេះ។យ៉ាងណាមិញអ្នកគ្រូបានប្ដេជ្ញាត្រឡប់មកបងៀនដោយស្ម័គ្រចិត្តដល់ប្រទេសកម្ពុជាទៀត ព្រោះអ្នកគ្រូចាប់ចិត្តស្រលាញ់ប្រទេសដែលមានប្រជាជនរួសរាយ និងចិត្តទូលាយនេះនិងចង់ជួយកូនខ្មែរឱ្យមានចំណេះដឹង៕S/Ha
ចំណងជើងរូបថត៖ អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរ «ចន្ថាវី» អ្នកស្ម័គ្រចិត្តបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍ក្នុងខេត្តបាត់ដំបង(រូប៖សុផល)