អ្នកជំនាញអាម៉េរិកនិយាយថា វីរុសកូរ៉ូណាសាហាវជាងផ្តាសាយតាមរដូវដល់ទៅ១០ដង

271
ចែករម្លែក

មន្ត្រីកំពូលជំនាញខាងជំងឺឆ្លងរបស់រដ្ឋាភិបាលបានប្រាប់សវនាការនៅឯវិមានសភា កន្លែងដែលគាត់បានព្រមានថា សហរដ្ឋអាម៉េរិកត្រូវតែខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ឱ្យបានខ្លាំងក្លាចាប់ពីឥឡូវទៅ យ៉ាងដូច្នេះថា វីរុសកូរ៉ូណាដែលកំពុងឆ្លងរាលដាលទូទាំងសកលលោក “សាហាវជាងផ្តាសាយតាមរដូវដល់ទៅ១០ដង”។

នាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លងលោក អានថូនី ហ្វូស៊ី បានប្រាប់គណៈកម្មាធិការត្រួតពិនិត្យនិងកែទម្រង់ថា “បញ្ហាសំខាន់ គឺថា វានឹងកាន់តែអាក្រក់ទៅៗ។ ប្រសិនបើយើងមិនចាត់វិធានការទប់ស្កាត់ឱ្យបានខ្លាំងក្លាឥឡូវនេះទេ អ្វីដែលនឹងកើតឡើងគឺយើងនឹងយឺតពេលរាប់សប្តាហ៍ក្នុងការទប់ស្កាត់ការរាតត្បាត”។

លោកវេជ្ជបណ្ឌិតហ្វូស៊ីនិយាយថាសហរដ្ឋអាម៉េរិកត្រូវតែរឹតត្បិតការហូរចូលនៃវីរុសពីបរទេសនិងចាត់វិធានការទប់ស្កាត់វានៅក្នុងស្រុករួមទាំងការរឹតត្បិតការប្រមូលផ្តុំធំៗដូចជាព្រឹត្តិការណ៍កីឡាជាដើម។

លោកបាននិយាយថាវ៉ាក់សាំងយ៉ាងហោចណាស់ត្រូវការពេលមួយឆ្នាំទៀតទើបផលិតបាន។ ឆ្លើយតបទៅនឹងសំណួរជាច្រើន លោកវេជ្ជបណ្ឌិតហ្វូស៊ីនិយាយថាលោកមិនអាចផ្តល់ការប៉ាន់ស្មានច្បាស់លាស់ថាតើនឹងមានមនុស្សប៉ុន្មាននាក់នៅអាម៉េរិកអាចឆ្លងវីរុសកូរ៉ូណានោះទេ។

លោកវេជ្ជបណ្ឌិតហ្វូស៊ីនិយាយថា “វានឹងពឹងផ្អែកទាំងស្រុងទៅលើរបៀបដែលយើងឆ្លើយតបចំពោះវា ដូច្នេះខ្ញុំមិនអាចប្រាប់អ្នកអំពីចំនួនអ្នកឆ្លងបានទេ។ ប្រសិនបើយើងបណ្តែតបណ្តោយនិងមិនទប់ស្កាត់ឱ្យបានខ្លាំងក្លាទេនោះ ចំនួនឆ្លងអាចនឹងកើនឡើងខ្លាំង ហើយអាចឆ្លងរាប់លាននាក់។ ប៉ុន្តែប្រសិនបើយើងព្យាយាមទប់ស្កាត់ យើងអាចកាត់បន្ថយវាបាន”៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាសាហាវជាងផ្តាសាយតាមរដូវដល់ទៅ១០ដង