ដោយ៖ឆាយានាថ/ភ្នំពេញ៖ដោយសារស្រវឹងជោកជាំធ្វើឱ្យបុរសម្នាក់មានមុខងារជាអនុប្រធានការិយាល័យនៃក្រសួងទេសចរណ៍ បានបើករថយន្តបុកស្នងការរង២នាក់និងកម្លាំងអន្តរាគមន៍ម្នាក់ សរុបចំនួន៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ទោះបីយ៉ាងណាជនបង្កត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះភ្លាមៗផងដែរ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយមហាវិថីព្រះមុន្នីវង្សមុខសាលាវត្តកោះសង្កាត់បឹងរាំងខណ្ឌដូនពេញខណៈក្រុមសមត្ថកិច្ចកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរឆែកឆេរអាវុធគ្រឿងផ្ទុះនិងចាប់ឃាត់ខ្លួនអ្នកស្រវឹង ។

សមត្ថកិច្ច អះអាងថា ជនបង្កឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុងភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខមុខរបរជាអនុប្រធានការិយាល័យនៃក្រសួងទេសចរណ៍ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2BD-9867 ។

ចំណែកជនរងគ្រោះ៣នាក់ទី១គឺលោកឧត្តមសេនីយ៍ត្រីសរសំណាងស្នងការរងទទួលផែនអន្តោប្រវេសន៍។ទី២លោកស្រីឧត្តមសេនីយ៍ទោស៊ីមផាណុំស្នងការរងទទួលផែនការជួញដូរមនុស្សនិងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត។ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះនិងឃាត់ខ្លួនយកទៅការិយាល័យចរាចរផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕S/
