ស្ពានបុរាណដែលរងការចាក់ដីលុបបំបាត់ភស្តុតាងដោយបុគ្គលត្រូវបានស្រោចស្រង់មកវិញដោយអាជ្ញាធរអប្សរា

ដោយ:អង្គរតូច/សៀមរាប ៖ ស្ពានបុរាណមួយកន្លែង ដែលបុគ្គលម្នាក់ចាក់ដីលុបទាំងស្រុង សង្ស័យចង់បំបាត់ភស្តុតាង ដើម្បីរានយកដីរំលោភកាន់កាប់ ពេលនេះបានស្រោចស្រង់មកវិញហើយ តាមការធ្វើកំណាយដោយអាជ្ញាធរជាតិអប្សរា។

ស្ពានបុរាណ ដែលបំរ៉ុងនឹងបាត់បង់ ហើយក្លាយ ទៅជាទីតាំងដីឡូត៍នេះ មានឈ្មោះ​ថា(ស្ពានតូច) ស្ពាននេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រង់ចំណុចខាងកើតផ្លូវចូលទៅអង្គភាពកំចាត់មីន(ស៊ីម៉ាក់)។ ស្ពានបុរាណដ៍ប្រណិតមួយនេះ ត្រូវបានម្ចាស់ដីដែលមានក្បាលដីក្បែរស្ពាន ចាក់ដីលុបបាត់រូបរាងទាំងស្រុង ដោយបន្សល់ទុកតែស្លាកឈ្មោះដែលសរសេរដោយអាជ្ញាធរអប្សរាថា(ស្ពានតូច)។

លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងតាមទូរសព្ទ័ កាលពីម្សិលមិញថា ករណីបុគ្គលចាក់ដីលប់ស្ពានបុរាណឈ្មោះថា(ស្ពានតូច)យើងបានធ្វើកំណាយកាយអាចម៍ដីចេញ ដើម្បីជួយសង្គ្រោះយកស្ពាននេះមកវិញហើយ។ លោកបន្តថា ការដែលមានការយ៉ឺតយ៉ាវ ក្នុងការជួយសង្គ្រោះស្ពាននេះមកវិញ គឺដោយសារយើងរងចាំឯកសារ ដែលជាលទ្ធផលធ្វើកំណាយ ព្រោះការកាយយកអាច់ម៍ដីចេញពីស្ពាន បើខ្វះបច្ចេកទេសគឺអាចប៉ះពាល់ថ្ម ពិសេសគ្រឹះនៃខឿនស្ពានតែម្តង។

លោកប្រធានបានអោយដឹងទៀតថា ក្រោយពេលយើងជូនដំណឹង និងពន្យល់អំពីតម្លៃនៃបេតិកភណ្ឌ ទើបម្ចាស់យល់ជ្រាប ហើយព្រមសហការ ដោយរ៉ាប់រងចំណាយថវិការលើការធ្វើកំណាយសង្គ្រោះស្ពាននេះ។ ត្បិតការធ្វើកំណាយសង្គ្រោះស្ពានបុរាណនេះ គឺជីកដោយដៃ មិនអាចយកគ្រឿងចក្រទៅជីកបាននោះឡើយ ព្រោះថាវាអាចប៉ះពាល់ថ្មនិងគ្រិះនៃស្ពាន។ប៉ុន្តែគ្រឿងចក្រក៍អាចកាយអាចម៍ដីដែលនៅឆ្ងាយពីបរិវេណស្ពាន។

ថ្វីត្បិតលោកប្រធាននាយកដ្ឋានមិនបានបញ្ជាក់ថាបុគ្គដែលបានចាក់ដីលុបស្ពានបំណងបំបាត់ភស្តុតាងជានណា ប៉ុន្តែឯកសារបានបង្ហាញថា បុគ្គលនោះមាន ឈ្មោះជាម ប៊ុនណាត ភេទប្រុស មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឈាន រដ្ឋា បញ្ជាក់ថា មូលហេតុដែល មិន បានហាមឃាត់អំពីការចាក់ដីលុបស្ពានទាន់ពេលកាលពីដំបូង ព្រោះតែដំបូងឡើយ ឃើញបុគ្គលខាងលើដឹកដីចាក់តែក្នុងដីឡូត៍របស់គេតែប៉ុណ្ណោះ។

សូមជំរាបជូនថា ស្ពានបុរាណទាំងអស់ដែលនៅរ៉បផ្លូវជាតិលេខ៦នាពេលបច្ចុប្បន្ន ពីដើមឡើយគឺជាស្ពានដែលតភ្ជាប់នឹងផ្លូវជាតិលេខ៦តែម្តង។ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានពង្រីងផ្លូវនេះ ហើយដោយសាស្ពានបុរាណទាំងនេះមានសភាពទ្រុឌទ្រោម ទើបសម្តេចតេជោ សម្រេចកសាងស្ពានថ្មីនៅទទឹមគ្នា ដោយរក្សាទុកស្ពានបុរាណទាំងអស់ជាសម្បត្តិបេតិកភណ្ឌជាតិ។

ជាមួយនឹងការធ្វើកំណាយសង្គ្រោះស្ពានបុរាណមកវិញដោយអាជ្ញាធរជាតិអប្សរានេះ មហាជនក្នុងខេត្ត ក៍ដូចជាពលរដ្ឋគ្រប់រូបដែលធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាប និងបានឃើញការលុបស្ពានបុរាណដោយផ្ទាល់ភ្នែក សម្តែងការសាទរយ៉ាងខ្លាំ ដោយលើកឡើងថា ស្ពានបុរាណឈ្មោះថា (ស្ពានតូច)នឹងឈរបង្ហាញខ្លួន បង្អូតភ្នែកកូនខ្មែរគ្រប់រូបវិញនាពេលដ៍ខ្លីខាងមុខ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular