ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារលោកវេជ្ជបណ្ឌិតគួងឡូបានដឹកនាំមន្ត្រីចុះណែនាំដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជននៅតាមក្រុង/ស្រុកនានាក្នុងខេត្តត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត។ដោយរាយការណ៍មកជាបន្ទាន់ក្នុងករណីសង្ស័យថាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនណាម្នាក់មានរោគសញ្ញាវីរុសកូរ៉ូណា ឬ Covid-19។

ការណែនាំរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារក្នុងឱកាសដែលលោកនិងសហការីអញ្ជើញចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺCovid19ដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជននៅតាមបណ្តាស្រុក៤ ក្នុងខេត្តព្រះវិហារ រួមមាន៖ ស្រុកជាំក្សាន្ត, ស្រុកគូលែន, ស្រុកជ័យសែន,និងស្រុកឆែប,កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិតគួងឡូបានបន្តថាការចុះអប់រំផ្សព្វផ្សាយស្តីពីជងឺCovid19នេះគឺមានការចូលរួមពីអ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន មកពីស្រុកជាំក្សាន្តចំនួន ៣០សេវាឯកជន, ស្រុកគូលែនចំនួន ៣១សេវាឯកជន,ស្រុកជ័យសែនចំនួន១៥សេវាឯកជន,និងស្រុកឆែបចំនួន១៧សេវាឯកជន,។ការផ្សព្វផ្សាយនេះចង់ឱ្យពួកគាត់ជួយផ្សព្វផ្សាយបន្តនិងសហការជាមួយមន្ទីរសុខាភិបាលខេត្តក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺCovid19ត្រូវរាយការណ៍មកមន្ទីរសុខាភិបាលខេត្តជាបន្ទាន់។

លោកបានគូសបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់អ្នកប្រកបសេវាសុខាភិបាលឯកជន នៅតាមស្រុកនានាក្នុងខេត្ត និងបានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំនានាក្នុងខេត្តឱ្យ ពួកគាត់ បានយល់និងមានវិធានាការការពារផងដែរ៕S/
