អាជ្ញាធររៀបចំបន្ទប់សុវត្ថិភាពក្នុងសណ្ឋាគារមេគង្គក្រុងកំពង់ចាមជូនភ្ញៀវទេសចរលើនាវាVIKING CRUISE JOURNEY

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមបានជ្រើសរើស និងរៀបចំបន្ទប់សុវត្ថិភាពក្នុងសណ្ឋាគារមេគង្គជាប់មាត់ទន្លេចម្ងាយពីនាវាវីគីងគ្រួសជ្យូណីប្រមាណ ៥០០ ម៉ែត្រ ជូនភ្ញៀវទេសចរជាអ្នកដំណើរលើនាវាមួយនេះ ដែលបានធ្វើតេស្តលទ្ធផល អវិជ្ជមានវិរុសកូវិដ១៩ ចំនួន ៦១ នាក់ នៃអ្នកដំណើរសរុបចំនួន ៦៤ នាក់។ ដើម្បីដាក់ដោយឡែកតាមដានសុខភាពបន្តទៀត។

ដោយឡែកអ្នកដំណើរជាភ្ញៀវទេសចរជនជាតិអង់គ្លេសចំនួន បី នាក់ដែលលទ្ធផលធ្វើតេស្ត វិជ្ជមានវីរុសកូវិដ ១៩ គឺស្រ្តីជនជាតិអង់គ្លេសវ័យ ៦៥ ឆ្នាំ រកឃើញកូវិដ១៩ដំបូងគេលើនាវានេះបានបញ្ជួនចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី ១១ មីនា ទៅកាន់មន្ទីរពេទ្យមានលក្ខណ:ស្តង់ដារដល់ស្រ្តីជាជនពិការរូបនេះនៅរាជធានីភ្នំពេញ។

ប៉ុន្តែសម្រាប់លទ្ធផលវិភាគចេញកាលពីម៉ោងប្រហែល ៨ យប់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញ គឺវិជ្ជមានកូវិដ ១៩ លើប្តីប្រពន្ធជនជាតិ។ ដោយបុរសជាប្តីមានអាយុ ៧៣ ឆ្នាំ និងស្រ្តីជាភរិយាមានអាយុ ៦៩ ឆ្នាំ ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការសរុបលើនាវានេះសរុបចំនួន ៦៤ នាក់។

លោក ជា ក្រូច មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមបានឳ្យដឹងនៅរសៀលថ្ងៃទី ១២ មីនាថា ក្រោយពីទទួលបានលទ្ធផលវិជ្ជមានវិរុសកូវិដ ១៩ ប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូនេះភ្លាម អាជ្ញាធរខេត្តកំពង់ចាម រួមទាំងមន្រ្តីសុខាភិបាលបានអញ្ជើញជនរងគ្រោះទាំងពីរ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ ដើម្បីព្យាបាល និងតាមដានសុខភាពពួកគាត់។

មន្រ្តីអ្នកនាំពាក្យដដែលបានឳ្យដឹងទៀតថា បច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ចាមកំពុងមមាញឹករៀបចំបន្ទប់សុវត្ថិភាពដាច់ដោយឡែកចំនួនជាង ៧០ កន្លែងជូនភ្ញៀវជាអ្នកដំណើរដែលលទ្ធផលធ្វើតេស្តអវិជ្ជមានវិរុសកូវិដ ១៩ ទាំងចំនួន ៦១ នាក់ ក្នុងសណ្ឋាគារមេគង្គជាប់មាត់ទន្លេនេះ ចម្ងាយប្រមាណ ៥០០ ម៉ែត្រពីនាវាវីគីងគ្រួសជ្យូណី ដើម្បីតាមដានសុខភាពពួកគាត់បន្ត។

គួរបញ្ជាក់ថា នៅលើនាវា VIKING CRUISE JOURNEY ដែលបានមកចតនៅក្រុងកំពង់ចាមអ្នកដំណើរចំនួន ៣០ នាក់ និងបុគ្គលិកបម្រើការលើនាវាចំនួន ៣៤ នាក់ គឺសរុបចំនួន ៦៤ នាក់។ ក្នុងនោះមានស្រ្តីចំនួន ២៣ នាក់ និងបុរសចំនួន ៤១នាក់។ មានចំនួន ប្រាំពីរ សញ្ជាតិ គឺ អាមេរិកចំនួន ១៤នាក់( ស្រីចំនួន ៧ នាក់ ប្រុសចំនួន ៧ នាក់) អង់គ្លេសចំនួន ១១ នាក់(ស្រីចំនួន ៧ នាក់ ប្រុសចំនួន ៤នាក់) កាណាដាចំនួន បួន នាក់(ស្រីចំនួន ពីរ នាក់ ប្រុសចំនួន ពីរ នាក់) ហូឡង់ចំនួន ម្នាក់(ស្រី) ភូមាម្នាក់(ប្រុស) វៀតណាមចំនួន ពីរ (ប្រុស) និងកម្ពុជាចំនួន ២៤ នាក់(ស្រីចំនួន ៦ នាក់ ប្រុសចំនួន ១៨នាក់)៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular