
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈប៊ាង ពីវ័ន្ត និង វេនី ខកហ្កៀល
ប៊ុត លី ជាប្រពន្ធរបស់ ឈិម ហីង បាននិយាយរៀបរាប់ប្រាប់ថា៖
នៅពេលដែលខ្ញុំនៅតូច ខ្ញុំមិនដែលមានឱកាសបានចូលរៀនឡើយ។ ប៉ុន្តែប្អូនៗរបស់ខ្ញុំបានចូលរៀន។ ខ្ញុំនៅផ្ទះហើយជួយធ្វើស្រែឪពុកម្ដាយរបស់ខ្ញុំ។ ខ្ញុំក៏ជាអ្នកមើលថែឪពុកម្ដាយដែលមានសុខភាពមិនសូវរឹងមាំដែរ។
ប្ដីរបស់ខ្ញុំឈ្មោះ ចែម ហ៊ីង មានស្រុកកំណើតនៅក្នុងខេត្តកណ្ដាល។ ថ្ងៃមួយគាត់បានទៅលេងមីងរបស់គាត់នៅក្នុងភូមិរបស់ខ្ញុំ ហើយមីងរបស់គាត់បានបញ្ចុះបញ្ចូលគាត់ឲ្យសុំខ្ញុំរៀបការ។ យើងបានក្លាយជាគូដណ្ដឹងហើយបានសម្រេចចិត្តរៀបការនៅឆ្នាំក្រោយ។ ដំបូងប្ដីរបស់ខ្ញុំជាអ្នកឡើងត្នោត ប៉ុន្តែក្រោយមក គាត់បានសម្រេចចិត្តធ្វើជាអ្នកបើកបរ។ គាត់បានជួលឡានពីគេ ហើយគាត់ត្រូវបង់ថ្លៃឈ្នួលឲ្យគេចំនួនប្រហែលជា៥០០រៀលក្នុងមួយខែ។ កន្លែងដែលគាត់បើកទៅដូចជា តាខ្មៅ។ ទោះបីយ៉ាងណាខ្ញុំមិនដែលបានដំណើរជាមួយគាត់ទៅផ្លូវឆ្ងាយទេ។ ប្ដីរបស់ខ្ញុំតែងក្រោកទៅធ្វើការពេលព្រឹក និងត្រឡប់មកវិញនៅពេលយប់ ហើយបានបន្តការងារដោយឡើងត្នោត រកត្រី និងធ្វើស្រែ ។
ហ៊ីង គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ ហើយគាត់ត្រូវមើលថែប្អូនៗចំនួន៩នាក់ទៀត។ ដូច្នេះយើងតែងមានបញ្ហារឿងប្រាក់កាក់។ គាត់មិនដែលខឹង និងមិនដែលឈ្លោះប្រកែកជាមួយខ្ញុំ ឬគ្រួសារគាត់ឡើយ។ នៅក្នុងរបប លន់ នល់ គ្រាប់បែកជាច្រើនបានទម្លាក់នៅក្នុងភូមិរបស់ពួកយើង ហើយមានគ្រួសារជាច្រើនបានសម្រេចចិត្តចាកចេញពីភូមិបណ្តោះអាសន្នដោយទៅរស់នៅទីរួមខេត្តដែលនៅជិតទីក្រុងភ្នំពេញ។ នៅពេលដែលគ្រាប់បែកចាប់ផ្ដើមទម្លាក់ចំពេលរដូវដែលចាប់ផ្ដើមប្រមូលផល គ្រួសាររបស់យើងបានលូនចូលមកក្នុងភូមិដើម្បីប្រមូលយកស្រូវ។ អ្នកភូមិមួយចំនួនក៏បានព្យាយាមប្រមូលយកអង្ករដែលទម្លាក់ពីលើយន្តហោះប៉ុន្តែវាក៏មិនងាយស្រួលនោះទេព្រោះយន្តហោះទម្លាក់អង្ករនៅឆ្ងាយពីភូមិក្បែរអាកាសយានដ្ឋានពោធិ៍ចិនតុងដែលប្រជាជនប្រជាជនរស់នៅក្បែរនោះប្រមូលបានអង្ករយ៉ាងច្រើន។ ក្រោយពេលសភាពការណ៍មានភាពស្ងប់ស្ងាត់បន្តិច យើងបានត្រឡប់ទៅភូមិរបស់យើងវិញដើម្បីជីកក្ដាម និងរកឧសទុកដុត។
នៅក្នុងខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចាប់ផ្ដើមបណ្ដេញពួកយើងចេញពីផ្ទះ។ ខ្ញុំពិតជាមិនដឹងថាពួកគេធ្វើអ្វីទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាខ្ញុំភ័យខ្លាចខ្លាំងណាស់ ដូច្នេះ យើងបានធ្វើតាមបញ្ជារបស់ពួកគេ។ យើងដាំបាយហូបនៅតាមផ្លូវ ហើយយើងចាប់ផ្ដើមធ្វើដំណើរទៅខេត្តកណ្ដាល។ នៅពេលដែលយើងទៅដល់ យើងមិនមានផ្ទះសម្រាកនោះទេ ដូច្នេះយើងបានយកធាងត្នោតមកដាក់គងលើគ្នាប្រក់ធ្វើជាដំបូលនៃកូនខ្ទមតូចមួយ។ ដោយសារយើងជាប្រជាជនថ្មី យើងមិនត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយប្រជាជនមូលដ្ឋានទេ។
ខ្ញុំជាអ្នកធ្វើអង្ករ ចំណែកប្ដីរបស់ខ្ញុំកាប់ដើមត្នោត និងច្រៀកឈើ។ យើងមានតែសម្លម្ជូរត្រកួន និងសម្លដើមចេកសម្រាប់ហូបប៉ុណ្ណោះ ទោះបីជាយើងហត់នឿយធ្វើការពេញមួយថ្ងៃក៏ដោយ។ ខ្ញុំមិនដឹងថាប្រជាជនមូលដ្ឋានហូបអ្វីទេ ប៉ុន្តែយ៉ាងហោចណាស់ពួកគេមានពោតក្រហម ហើយយោធាខ្មែរក្រហមមានបាយសម្រាប់ហូប។
ខ្ញុំគិតថាសាច់ញាតិប្ដីរបស់ខ្ញុំ បាននាំប្តីរបស់ខ្ញុំយកទៅសម្លាប់។ ពូប្ដីរបស់ប្តីខ្ញុំគឺជាយោធាខ្មែរក្រហម និងជាប្រជាជនមូលដ្ឋាន។ នៅយប់មួយ ពូរបស់ប្តីខ្ញុំបានមកផ្ទះរបស់ខ្ញុំហើយបានប្រាប់ប្ដីរបស់ខ្ញុំថា មិនបាច់ទៅកាប់ឈើទៀតទេនៅថ្ងៃស្អែក។ ប៉ុន្តែត្រូវទៅទន្លេបាទីជំនួសវិញ។ ប្ដីរបស់ខ្ញុំមានការបារម្ភពីរឿងនេះបន្តិច។ គាត់បាននិយាយថា ពូ! ខ្ញុំដឹងថាពូនាំខ្ញុំមកឆ្ងាយដើម្បីយកទៅសម្លាប់។ ដូច្នេះពូមិនបាច់ប្រាប់ខ្ញុំថានាំខ្ញុំទៅកន្លែងណាផ្សេងទេ។ ឪពុកម្ដាយរបស់ប្តីខ្ញុំបានយល់សប្តិថា ប្រសិនបើប្ដីរបស់ខ្ញុំត្រូវបានគេនាំយកទៅនៅពេលព្រឹក ឬពេលល្ងាច គាត់នឹងត្រូវបានគេយកទៅសម្លាប់ ប៉ុន្តែបើគាត់ត្រូវបានគេបញ្ជូនទៅនៅពេលរសៀលគាត់នឹងមិនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នោះទេ។ ពូរបស់ប្តីខ្ញុំបានហៅប្តីរបស់ខ្ញុំទៅនៅពេលយប់ ប៉ុន្តែប្ដីរបស់ខ្ញុំបានបដិសេធ ប្តីរបស់ខ្ញុំថានឹងទៅពេលព្រឹក។
ហ៊ីង បាននិយាយទៅកាន់ពូរបស់គាត់ថា «ពូនាំខ្ញុំទៅសម្លាប់ ពូមិនបាច់និយាយកុហកខ្ញុំ ហើយប្រាប់ខ្ញុំថាយកខ្ញុំទៅធ្វើការទេ»។ នៅវេលាម៉ោង៨ព្រឹកបន្ទាប់ ប្ដីរបស់ខ្ញុំត្រូវបានចងខ្សែហើយបណ្ដើរចេញទៅជាមួយអ្នកភូមិពីរនាក់ផ្សេងទៀត។ មិនមានអ្នកណាម្នាក់នៅក្នុងភូមិមានសេចក្ដីក្លាហានសូម្បីតែក្រឡេកមើល។ ខ្ញុំមិនបានដឹងរឿងនេះទេ រហូតដល់ពីរថ្ងៃបន្ទាប់ព្រោះខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើអង្ករ។ ខ្ញុំគិតថាប្ដីរបស់ខ្ញុំត្រូវបានសម្លាប់នៅគុកស្អាង។ ស្ត្រីម្នាក់ឈ្មោះ ត្រប់ ជាអ្នកស្រុកជាមួយប្ដីរបស់ខ្ញុំក៏ធ្លាប់ជាប់គុកនៅទីនោះដែរ។ ក្រោយឆ្នាំ១៩៧៩ គាត់បានប្រាប់ខ្ញុំថា គាត់ធ្លាប់មានបំណងរត់គេចពីគុកស្អាង ហើយបានបបួល ហ៊ីង រត់ទៅជាមួយ។ ប្ដីរបស់ខ្ញុំនិយាយថារត់ទៅមិនកើតទេ ព្រោះដៃទាំងពីរនិងជើងរបស់គាត់ជាប់ខ្នោះ។ គាត់ដឹងថាគាត់នឹងស្លាប់នៅក្នុងគុក ឬស្លាប់ដោយការរត់គេចខ្លួន។
បន្ទាប់ពី ហ៊ីង បាត់ខ្លួនអង្គការបានហៅខ្ញុំទៅអប់រំ។ ពួកគេបានបញ្ជាខ្ញុំឲ្យជីករណ្ដៅហើយកប់ខ្លួនឯងព្រោះខ្ញុំមិនបានធ្វើអង្ករបានតាមចំនួនកំណត់របស់អង្គការ។ ខ្ញុំបានសួរពួកគេថា តើខ្ញុំបានធ្វើអ្វីខុស? ពួកគេបានឆ្លើយតបមកខ្ញុំវិញថាខ្ញុំបានប្រឆាំងជាមួយអង្គការ។ ខ្ញុំបានប្រាប់គេថា ខ្ញុំមិនបានធ្វើអ្វីចំពោះអង្គការនោះទេ ហើយពិតជាអាក្រក់ខ្លាំងណាស់ដែលអង្គការកប់ខ្ញុំ។ ខ្ញុំក៏បាននិយាយដែរថា ពួកគេធ្លាប់បាននាំប្ដីខ្ញុំយកទៅសម្លាប់។ ហេតុអ្វីបានជាខ្ញុំត្រូវបានធ្វើទារុណកម្មម្ដងទៀត?
កូនរបស់ខ្ញុំទាំងពីរត្រូវបានសម្លាប់ នៅពេលដែលអង្គការបញ្ជាប្រជាជនឲ្យជីកលេណដ្ឋាននៅជុំវិញវត្តមួយ។ ភ្លាមៗនោះកូនរបស់ខ្ញុំត្រូវបានស្លាប់ដោយសារគ្រាប់បែកបានផ្ទុះឡើង។ វាដូចជាសម្ដីប្ដីរបស់ខ្ញុំបាននិយាយថា អាចហ្នឹងស្លាប់ដោយការធ្វើការងារ ឬការប្រឆាំងនឹងអង្គការ។
ម្ដាយក្មេករបស់ខ្ញុំបានលាក់រូបថតប្ដីរបស់ខ្ញុំនៅក្នុងប្រអប់ដាក់ស្លានៅក្នុងរបបនោះ។ ខ្ញុំបានបង្ហាញរូបថតគាត់ទៅកូនៗរបស់ខ្ញុំដូច្នេះពួកវាអាចនៅចាំមុខឪពុករបស់គេ។កូនៗរបស់ខ្ញុំធ្លាប់ទៅទាយ ហើយគ្រូទាយបានប្រាប់ថា ឪពុករបស់ពួកគេនៅមានជីវិតរស់ហើយនិងត្រឡប់មកផ្ទះនៅក្នុងខែធ្នូ។ខ្ញុំបានទន្ទឹងរង់ចាំគាត់ជារៀងរាល់ខែធ្នូចាប់តាំងពីឆ្នាំ១៩៧៩។ ខ្ញុំក៏បានរកគ្រូជាន់អារក្ស ហើយគ្រូនោះបានជាន់រូបថតប្ដីរបស់ខ្ញុំ ដោយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួបមុខគាត់ដោយផ្ទាល់នៅថ្ងៃណាមួយ ក៏ប៉ុន្តែខ្ញុំបានត្រឹមស្រមៃឃើញគាត់អង្គុយ ជើងជាប់ច្រវាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះនៅពេលដែលខ្ញុំមើលរូបថតរបស់គាត់ ខ្ញុំបានឃើញវាចាប់ផ្ដើមបាត់បង់ពណ៌បន្តិចម្ដងៗ។ ខ្ញុំអត់មានអារម្មណ៍គិតអំពីគាត់នឹងត្រឡប់មកវិញទៀតទេ ព្រោះខ្ញុំដឹងថាគាត់បានបាត់បង់ជីវិតទៅហើយ៕សរន