
ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីបានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបមួយចំពោះសម្តីរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ក្រោយសវនាការតុលាការកាត់ទោសលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
លោក Patrick Murphy ត្រូវ បានគេដកស្រង់សម្តីដែលនិយាយក្រៅរបងតុលាការកាលពីព្រឹកថ្ងៃទី១២ ខែមីនា ថា លោកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាម៉េរិក។
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការសាលាដំបូងរាជធានី បានប្រតិកម្មវិញថា ក្នុងដំណើរការនៃការជំនុំជំរះក្តីលើសំណុំរឿងពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ក្រមព្រហ្ម ទណ្ឌព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាម៉េរិក, រដ្ឋបរទេសឬ ភ្នាក់ងារបរទេសណាមួយនោះឡើយ។ ព្រះរាជអាជ្ញាបានចោទប្រកាន់តែទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់បន្ថែមថា នៅក្នុងដំណើរការជំនុំជំរះលើសំណុំរឿងក្តីនេះ គឺ មានសាធារណជនជាតិនិងអន្តរជាតិជាច្រើនចូលរួមស្តាប់និងសង្កេតការណ៍គ្រប់ពេលសវនាការ។
សូមជម្រាបថា ឯកអគ្គរដ្ឋទូតអាម៉េរិក លោក Patrick Murphy បានអញ្ជើញចូលរួមស្តាប់សវនាការតុលាការកាត់ទោសលោក កឹមសុខា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ និងបានប្រាប់អ្នកសារព័ត៌មាននូវការយកចិត្តទុកដាក់របស់ស្ថានទូតលើដំណើរការកាត់ទោសលោកកឹម សុខា។
សវនាការកាត់ទោសលោកកឹម សុខា ដែលរងការចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស បានប្រព្រឹត្តទៅរយៈពេលជិតពីរខែហើយ ហើយការចូលរួមស្តាប់ក្នុងសវនាការរបស់ឯកអគ្គរដ្ឋទូតអាម៉េរិក ត្រូវគេឃើញថាគឺទើបជាលើកដំបូង៕សរន
