
ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់រស្មីកម្ពុជា កាលពីព្រលប់ថ្ងៃទី១២ខែមីនានេះថាករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសំរាកនៅមន្ទីរពេទ្យខេត្តព្រៃវែងដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំងពីរនាក់ម្តាយនិងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនានោះ គឺ នៅពេលរសៀលថ្ងៃទី១២ ខែមីនា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន ខូវីដ១៩(COVID -19 )ទេ ។គឺគាត់មិនមានជំងឺ COVID-19 ទេ។
ចំណែកមន្ទីរសុខាភិបាលខេត្តព្រៃវែងកាលពីថ្ងៃទី១១ ខែមីនា បានឲ្យដឹងថា បច្ចុប្បន្ន មន្ទីរសុខាភិបាលខេត្តបានកំពុងអនុវត្តវិធានការបង្ការ និងត្រៀមអន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនិងការរាតត្បាតជំងឺខូវីដ ១៩ (COVID-19) យ៉ាងយកចិត្តទុដាក់បំផុតតាមផែនការរបស់ក្រសួងសុខាភិបាល ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយមានការពង្រឹងនូវសមត្ថភាពក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក រហូតដល់មណ្ឌលសុខភាព និងមន្ត្រីចត្តាឡីស័ក នៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអន្តរជាតិ ច្រកតំបន់ និងច្រកទ្វារទ្វេភាគីចំនួនបួន ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរឆ្លងកាត់ និងបានរៀបចំបន្ទប់ដាច់ដោយឡែកនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់សម្រាប់អ្នកជំងឺឆ្លងផ្សេងៗ ជាពិសេសអ្នកជំងឺកូវីដ១៩ (COVID-19) ។
មន្ទីរសុខាភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមីនា នៅក្នុងខេត្តព្រៃវែងពុំមានអ្នកជំងឺណាម្នាក់ ដែលបានរកឃើញថា មានផ្ទុកនូវវីរុសខូវីដ ១៩ (COVID-19) នៅឡើយទេ៕សរន
