អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី១២មីនា បានលើកឡើងថា យោធាអាម៉េរិកអាចនាំវីរុសកូរ៉ូណាមកកាន់ទីក្រុងវូហានរបស់ចិន ដោយវាកាន់តែបន្ថែមសង្គ្រាមវោហារសាស្ត្ររវាងមហាអំណាចទាំងពីរ។
ចិនបានខិតខំនិយាយការពារចំពោះការចោទប្រកាន់របស់ពួកមន្ត្រីអាម៉េរិកដែលថាខ្លួនប្រតិកម្មយឺតចំពោះវីរុសនេះដែលត្រូវបានគេរកឃើញដំបូងកាលពីចុងឆ្នាំមុន និងប្រភពរបស់វានៅជាអាថ៌កំបាំង។
កាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូប៊ើត អូ ប្រៀន បាននិយាយថា ល្បឿនប្រតិកម្មរបស់ចិនចំពោះការផ្ទុះវីរុសកូរ៉ូណានេះស្មើនឹងការត្រៀមរៀបចំខ្លួនរបស់ពិភពលោកដល់ទៅ២ខែ។
ក្នុងការបដិសេធតាមបណ្តាញសង្គម អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្សាវ លីជាន បាននិយាយថា គឺអាម៉េរិកខ្លួនឯងទេដែលខ្វះតម្លាភាព។
លោកហ្សាវបានសរសេរបង្ហោះថា«តើអាម៉េរិកមិនមានអ្នកជំងឺនៅពេលជា? តើមនុស្សប៉ុន្មានឆ្លង? អ្វីជាឈ្មោះមន្ទីរពេទ្យ? វាអាចយោធាអាម៉េរិកនាំជំងឺឆ្លងនេះមកទីក្រុងវូហាន។សូមឲ្យមានតម្លាភាព! ផ្តល់ឲ្យសាធារណជនដឹងអំពីទិន្នន័យ!អាម៉េរិកជំពាក់យើងលើការពន្យល់បកស្រាយ!»។
ទោះជាយ៉ាងណា ហ្សាវ មិនបានផ្តល់ភស្តុតាងណាមួយដើម្បីបញ្ជាក់ថា យោធាអាម៉េរិកអាចជាអ្នកបង្កជំងឺឆ្លងនេះនៅចិន។
មុននេះកាលពីថ្ងៃ១២មីនា សហការីរបស់ហ្សាវ គឺអ្នកនាំពាក្យ ហ្កេង សួង បានរិះគន់ពួកមន្ត្រីអាម៉េរិកចំពោះ«ប្រើពាក្យសម្តីគ្មានសីលធម៌និងមិនទទួលខុសត្រូវ»ដោយសារបន្ទោសចម្លើយតបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើការផ្ទុះជំងឺនេះ ថាកាន់តែបង្កផលប៉ះពាល់អាក្រក់ឡើង។
នៅពេលត្រូវបានសួរអំពីសម្តីរបស់លោកអូ ប្រៀន លោកហ្កេងបាននិយាយថា សម្តីដូច្នេះពីមន្ត្រីអាម៉េរិកនឹងមិនជួយអីបានដល់កិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនៅអាម៉េរិកទេ។
លោកបានបន្ថែមថា កិច្ចខិតខំរបស់ចិនក្នុងការពន្យឺតការឆ្លងរាលដាលនេះទុកពេលសមល្មមឲ្យពិភពលោកត្រៀមខ្លួនប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។«យើងចង់ឃើញមន្ត្រីអាម៉េរិកយកពេលនេះផ្តោតលើការឆ្លើយតបនឹងវីរុស និងជំរុញកិច្ចសហការគ្នា និងកុំបន្ទោសចិន»។
មុននេះ ពួកមន្ត្រីចិនក៏បានតតបនៅពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកម៉ៃ ផមផេវ បានហៅវីរុសកូរ៉ូណាថ្មីនេះថា «វីរុសវូហាន» និងក៏បានថ្កោលទោសនៅពេលប្រធានាធិបតីត្រាំ ហៅវាថាជា«វីរុសបរទេស» ដែលចាប់ផ្តើម«នៅចិន»។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាបានលេចខ្លួនឡើងនៅខែធ្នូឆ្នាំ២០១៩ នៅទីក្រុងវូហាននៃខេត្តហ៊ូប៉ី តែនៅប៉ុន្មានសប្តាហ៍មកនេះនៅចិនមានការឆ្លងនិងស្លាប់ដោយវីរុសនេះធ្លាក់ចុះខ្លាំងនិងបែរជាផ្ទុះការឆ្លងនៅក្រៅប្រទេសចិនទៅវិញ។ក្នុងពេលជាមួយគ្នា អាជ្ញាធរចិនចាប់ផ្តើមទទួលបានការសរសើរអំពីវិធានការមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់ជំងឺនេះ តែមន្ត្រីអាម៉េរិកពីម្នាក់ទៅម្នាក់បាននិយាយដៀមដាមឲ្យចិនថាជាប្រភពនៃការផ្ទុះជំងឺឆ្លង៕ប្រែសម្រួល៖វាសនា/Ha
វីរុសកូរ៉ូណា ផ្ទុះឡើងដំបូងនៅផ្សារលក់អាហារសមុទ្រនិងសត្វព្រៃមួយក្នុងក្រុងវូហាន