តាមហ្វេសប៊ុកគេឃើញជាហូរហែនូវអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពិសេសថ្មីៗនេះអំពីជំងឺ កូរ៉ូណា ឬខូវីដ១៩ ត្រូវបានប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់។ ក្នុងនោះ មានមួយចំនួន ត្រឹមតែណែនាំអប់រំ ធ្វើកិច្ចសន្យា ឈប់ឲ្យបង្ហោះផ្សាយព័ត៌មានមិនពិតតទៅទៀត ដូចជា គ្រាន់តែមានអ្នកឈឺ ខ្យល់គរ ក៏នាំគ្នាថតបង្ហោះថា ជាអ្នកកើតជំងឺកូរ៉ូណា ជាដើម។ ប៉ុន្តែក៏មានមនុស្សមួយចំនួន ត្រូវប៉ូលិសចាប់ខ្លួន បញ្ជូនទៅកាត់ទោសនៅតុលាការផងដែរ។
ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១២ ខែមីនា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មកដល់ថ្ងៃទី១២មីនា អាជ្ញាធរសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបង្ហោះសារតាមហ្វេសប៊ុកបំពុលសង្គម ពាក់ព័ន្ធជំងឺខូវីដ ១៩ ចំនួនបីនាក់។ ក្នុងនោះ ម្នាក់ ត្រូវបានអប់រំ ហើយដោះលែង និងពីរនាក់ទៀត ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ហ្វេសប៊ុកនោះប្រែក្លាយយ៉ាងម៉េចក៏ដោយ ឱ្យតែនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមច្បាប់របស់កម្ពុជាមិនអាចគេចផុតពីសមត្ថកិច្ចយើងបានទេ។ អ្នកឯងចង់ក្លែងក្លាយទៅឯណាក៏ដោយ!។ ឧទាហរណ៍ថា ឈ្មោះ ក ដូរឈ្មោះអីក៏ដោយ គឺយើងមានបច្ចេកទេស គេរកឃើញ។ ធម្មតាគេបង្កើតបានហើយក៏គេរកឃើញអ្នកធ្វើភាគច្រើន។ លើកលែងតែករណីខ្លះ នៅក្រៅប្រទេស!។ បើនៅក្រៅប្រទេស យើងពិបាកដែរ ក្នុងការស៊ើបអង្កេត។ ជួនកាលស៊ើបអង្កេតដឹងហើយ គេមិនសហការជាមួយយើង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ មានជំនឿថា បងប្អូននៅក្រៅប្រទេសក្តី នៅក្នុងប្រទេសក្តី សូមថែរក្សានូវផលប្រយោជន៍ជាតិយើងឲ្យខ្ពស់បំផុត។ ផលប្រយោជន៍ ប្រជាជនយើងឲ្យខ្ពស់បំផុត ព្រោះយើងបានឆ្លងកាត់នូវរបបច្រើនណាស់ទម្រាំបានថ្ងៃនេះ។ សូមយល់ថា បើបានរស់នៅក្នុងប្រទេសគេសេរីហើយ ជាការពិតហើយយើងទៅចម្លងពីប្រទេសគេមក តែកុំឲ្យមើលស្រាល មើលថោក ដល់ប្រជាជនយើង។ សូមឲ្យធ្វើយ៉ាងណាគិតគូរពីផលប្រយោជន៍ជាតិ។ បើថា បានសុខខ្លួនឯងហើយ សូមឲ្យអ្នកក្នុងប្រទេសបានសុខផង ទៅចុះ។ កុំមកឆ្កឹះឆ្កៀល កុំមកអុជអាល កុំមកបំបែកបំបាក់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនេះ នាំឲ្យគ្រោះថ្នាក់ណាស់ដល់សង្គមយើង។
ជាការពិតហើយ បើយើងពិនិត្យទៅ ក្រុមអ្នកដែលកំពុងបំពុលសង្គម ផ្សព្វផ្សាយព័ត៌មាន មិនពិត ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា ឬខូវីដ១៩ នៅពេលនេះ គឺសុទ្ធតែជាសកម្មជន និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង។ មួយចំនួន រស់នៅក្នុងប្រទេស និងមួយចំនួនទៀតជាអ្នករស់នៅក្រៅប្រទេស។
តែគេឆ្ងល់ថា បើសិនជាអស់លោកលោកស្រីទាំងនោះ ពិតជាព្រួយបារម្ភពីសុខទុក្ខរបស់ បងប្អូនខ្មែរយើងពិតមែនគឺគួរតែផ្សាយតែព័ត៌មានពិត ហើយផ្សាយអប់រំណែនាំប្រជាពលរដ្ឋយើង ពីវិធីការពារពីជំងឺដ៏កាចសាហាវនេះ មិនគួរផ្សាយបំភិតបំភ័យ ដែលគ្មានការពិតឡើយ។
ចំណេញអី! នៅពេលផ្សាយព័ត៌មានមិនពិតដូច្នេះ។ បើអ្នកនៅក្នុងស្រុក បានត្រឹមតែត្រូវសមត្ថកិច្ច ចាប់ខ្លួន យកមកអប់រំ ហើយបើធ្ងន់ធ្ងរ រហូតដល់ត្រូវជាប់ពន្ធនាគារ អត់ប្រយោជន៍។ រីឯអ្នកនៅក្រៅស្រុក គឺត្រូវបានមហាជនលែងទុកចិត្ត នៅពេលដែលផ្សាយព័ត៌មានបំផ្លើស ខុសការពិតម្តងជាពីរដង ក្នុងបំណងកេងចំណេញនយោបាយលើគំនរទុក្ខអ្នកដទៃដូច្នេះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋយើង គួរតែមានការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿលើព័ត៌មានតាមហ្វេសប៊ុក ពិសេសពាក់ព័ន្ធនឹងករណីជំងឺកូរ៉ូណា ឬCOVID19 ដែលមានមនុស្សមួយចំនួន ឆ្លៀតកេងចំណេញក្នុងគោលបំណងផ្សេងៗរាប់ទាំងគោលដៅ ផ្នែកនយោបាយ ពីករណីដែលកម្ពុជា រួមទាំងពិភពលោក កំពុងប្រឈម និងព្រួយបារម្ភនេះ។
ជាការពិតថា ការផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត គឺមិនមែនជាសិទ្ធិសេរីភាពនោះទេ ប៉ុន្តែវាគឺបទល្មើស ដែលធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ និងបង្កចលាចលក្នុងសង្គម។
ដូច្នេះអ្នកលេងហ្វេសប៊ុកយើង ពិសេសក្រុមអ្នកប្រឆាំង គួរតែយកពេលវេលា ជួយគ្នាក្នុងគ្រាអាសន្ននេះ មិនគួរនាំគ្នាយកជើងរាទឹក ជាន់ពន្លិចអ្នកនៅក្នុងស្រុកនោះទេ។ អស់លោក លោកស្រីទាំងអស់ ដែលផ្សាយព័ត៌មានប្រឌិត ខុសការពិតទាំងនោះ បើថា មិនរស់នៅក្នុងស្រុក ក៏មានបងប្អូនញាតិមិត្តក្រុមគ្រួសារ រស់នៅក្នុងប្រទេសកម្ពុជាដែរ ហើយបើស្រុកទេស យើងកើតចលាចល គ្រោះអាសន្នអ្វីមួយនោះបើថា អស់លោកលោកស្រីរួចខ្លួនក៏ដោយចុះ ក៏គង់តែនឹងមានបញ្ហាដល់បងប្អូនសាច់ញាតិរបស់អស់លោកលោកស្រីទាំងនោះជាក់ជាមិនខាន៕ ដោយៈ ម៉េងឆៃ/Ha