Home ព័ត៌មានអន្តរជាតិ មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ដែលជួបត្រាំ មានវីរុសកូរ៉ូណា តែគ្មានផែនការធ្វើតេស្តត្រាំទេ

មន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ចុងសប្តាហ៍ជាមួយ ប្រធានាធិបតីដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដោយក្លាយជាអ្នកដំបូងគេដែលមានវីរុសបានស្ថិតនៅជិតប្រធានាធិបតី។ សេតវិមាននិយាយថា លោកត្រាំមិនមានគម្រោងធ្វើតេស្តឬបង្ខាំងខ្លួនឯង នៅដាច់ដោយឡែកនោះឡើយ។

លោក ហ្វាប៊ីអូ វ៉ាញហ្គាថិន នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល ជែ បូលសូណារ៉ូ បានធ្វើតេស្តវិជ្ជមាន គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើដំណើរជាមួយ លោកបូលសូណារ៉ូ ដើម្បីជួបជាមួយលោកត្រាំនិងជំនួយការជាន់ខ្ពស់ នៅក្នុងរដ្ឋផ្លរីដា។ លោកស្រីស្តេហ្វានី គ្រីសហាំ លេខាព័ត៌មាននៃសេតវិមាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាថា “ការប៉ះពាល់ណាមួយពីករណីវីរុសនេះកំពុងត្រូវបានវាយតម្លៃ ដែលនឹង កំណត់ជំហានបន្ទាប់ទៀត”។

លោកស្រីគ្រីសហាំ និយាយថា “ទាំងប្រធានាធិបតីនិងអនុប្រធានស្ទើរតែមិនបាន ជួបគ្នាសោះជាមួយបុគ្គលដែលបានធ្វើតេស្តវិជ្ជមាននិងមិនតម្រូវឱ្យមានការធ្វើ តេស្តនៅគ្រានេះទេ”។

លោកវ៉ាញហ្គាថិន បានចូលរួមជាមួយលោកបូលសូណារ៉ូ ក្នុងដំណើរទស្សនកិច្ច ៣ ថ្ងៃទៅកាន់សហរដ្ឋអាម៉េរិក ហើយកាលពីថ្ងៃសៅរ៍កន្លងទៅគឺស្ថិតនៅឯផ្ទះ Mar-a-Lago របស់លោកត្រាំ កន្លែងដែលគាត់បានបង្ហោះរូបថតរបស់គាត់ នៅក្បែរលោកត្រាំ។

វីដេអូពីព្រឹត្តិការណ៍នោះក៏បានបង្ហាញគាត់ឈរនៅពីក្រោយប្រធានាធិបតីទាំងពីរដោយផ្ទាល់ផងដែរ នៅពេលពួកគេនិយាយទៅកាន់ហ្វូងមនុស្ស។ លោកបូលសូណារ៉ូនិងលោកវ៉ាញហ្គាថិន ក្រោយមកបានចូលរួមពិធីជប់លៀង ខួបកំណើតរបស់នាងគីមបឺលី ហ្គីលហ្វូយ ដែលកំពុងណាត់ទាក់ទងកូនប្រុស របស់ប្រធានាធិបតីអាម៉េរិក ឈ្មោះ ដូណាល់ ត្រាំ ជេអា។

ខណៈលោកត្រាំមិនបានចាត់វិធានការជាក់ស្តែងណាមួយក្នុងការឆ្លើយតបនោះ ព្រឹទ្ធសមាជិកពីរនាក់មកពីគណបក្សសាធារណរដ្ឋបានប្រកាសថាពួកគេនឹងបង្ខាំងខ្លួនឯងដាច់ដោយឡែករយៈពេលពីរសប្តាហ៍បន្ទាប់ពីបានប៉ះពាល់ជាមួយគណៈប្រតិភូរបស់លោកបូលសូណារ៉ូ។ ព្រឹទ្ធសមាជិកមកពីគណបក្ស សាធារណរដ្ឋ លោករីក ស្កុត នៃរដ្ឋផ្លរីដា ដែលបានជួបលោកបូលសូណារ៉ូនៅម៉ៃអាមី និងព្រឹទ្ធសមាជិកមកពីរដ្ឋខារ៉ូលីណាខាងត្បូង លោក លីនសី ហ្គ្រាហាំ ដែលបាននៅឯផ្ទះ Mar-a-Lago កាលពីថ្ងៃសៅរ៍ បានប្រកាសកាលពី ថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងនៅដាច់ដោយឡែកពីគេ។

ការិយាល័យរបស់ហ្គ្រាហាំ និយាយថា គាត់កំពុងធ្វើតេស្តរកមើលវីរុសកូរ៉ូណា ហើយកំពុងរង់ចាំលទ្ធផល៕ ដោយ៖ កញ្ញាដាលីស/Ha

លោក ហ្វាប៊ីអូ វ៉ាញហ្គាថិន (ពាក់វ៉ែនតា) ឈរនៅពីក្រោយលោកត្រាំនិងលោកបូលសូណារ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular