ភ្នំពេញ៖ តារាចម្រៀងលោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ដោយធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំណុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំបានបុកជាមួយនឹងសត្វក្របី ។
គ្រោះថ្នាក់ចរាចរណ៍នេះ លោក នេន ទុំ បានធ្វើដំណើរជាមួយ ពូឃ្លាំង ទៅក្រុងខេត្តព្រះសីហនុ ទាំងយប់ ប៉ុន្តែស្រាប់តែជួបគ្រោះថ្នាក់ចៃដន្យមានក្របីឆ្លងកាត់ ។ នៅក្នុងគ្រោះថ្នាក់នោះរថយន្ត Lexus 330 របស់តារាចម្រៀង នេន ទុំ ខូចខាតជាច្រើនកន្លែង ជាពិសេសធ្ងន់ជាងគេ គឺកាងខាងមុខ ចំណែកឯក្របីវិញក៏ងាប់ភ្លាមៗដែរ។

លោក នេន ទុំ បានផ្ញើសារមករស្មីកម្ពុជាកាលថ្ងៃរសៀលទី១២ ខែមីនា ឆ្នាំ២០២០ឱ្យដឹងថា លោកមិនរបួសអ្វីធ្ងន់ឡើយ សភាពរាងកាយធម្មតា ហើយលោកគឺសុខសប្បាយធម្មតា បើទោះបីជាជួបគ្រោះថ្នាក់ចរាចរណ៍បុកក្របីឡើងខ្ទេចរថយន្តរបស់លោកក៏ដោយ លោក និងពូឃ្លាំង សុខសប្បាយធម្មតាដូចគ្នា ហើយពេលនេះលោកក៏បានទៅដល់ក្រុងព្រះសីហុន ផងដែរ។ លោកក៏សូមអគុណដល់មហាជនអ្នកគាំទ្រ និងបណ្តាសារព័ត៌មានដែលបានព្រួយបារម្ភ នាំគ្នាសួរសុខទុក្ខតាមដានស្ថានភាពរបស់លោក៕ ដោយៈ បូរិន/Ha

