Home ព័ត៌មានអន្តរជាតិ ម៉ាក្រុង ៖ បា...

ម៉ាក្រុង ៖ បារាំងនឹងបិទសាលា ទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលវីរុសកូរ៉ូណា

ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បាននិយាយនៅក្នុង សុន្ទរកថាតាមទូរទស្សន៍ថា បារាំងនឹងបិទមត្តេយ្យ សាលារៀន និងសាកលវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃចន្ទទី១៦មីនាតទៅដើម្បីព្យាយាមពន្យឺតការរាលដាលវីរុសកូរ៉ូណា ដោយហៅការផ្ទុះឡើងនៃវីរុសនេះថាជាវិបត្តិ សុខភាពសាធារណៈដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលមួយសតវត្សរ៍មកនេះ។

ដើម្បីការពារសេដ្ឋកិច្ចពីការដាំក្បាលចុះក្នុងអំឡុងពេលមានវិបត្តិដូច្នេះ លោក ម៉ាក្រុងបាននិយាយថា បារាំងនឹងផ្តល់ជំនួយសម្រាប់អាជីវកម្មហើយនឹងធ្វើការ ជាមួយដៃគូអឺរ៉ុបលើកញ្ចប់ថវិកាដ៏សំខាន់មួយដើម្បីចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ “ទោះត្រូវចំណាយអ្វីក៏ដោយ”។

នៅក្នុងសុន្ទរកថារយៈពេល ២០ នាទីផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិ លោកម៉ាក្រុងបាននិយាយថា “ជំងឺរាតត្បាតនេះគឺជាវិបត្តិសុខភាពសាធារណៈ ធ្ងន់ធ្ងរបំផុតដែលបារាំងបានជួបក្នុងមួយសតវត្សរ៍មកនេះ។ ទោះបីមានការខិតខំ ប្រឹងប្រែងដើម្បីបន្ថយល្បឿនក៏ដោយ ក៏វីរុសនៅតែបន្តរាលដាលនិងកំពុងបង្កើន ល្បឿន”។

ដោយបង្ហាញនូវវិធានការសំខាន់បំផុតមួយចំនួនពីប្រទេសអឺរ៉ុបសំខាន់មួយនៅក្រៅអ៊ីតាលី លោកម៉ាក្រុងនិយាយថាគោលបំណងគឺបន្ថយល្បឿនជំងឺ ឱ្យបានគ្រប់គ្រាន់ ដែលសេវាថែទាំសុខភាពអាចរក្សាល្បឿននៃលំហូរអ្នក ជំងឺបាន។

លោកនិយាយថា “នោះជាអាទិភាពរបស់យើង។ នោះហើយជាមូលហេតុដែល យើងត្រូវតែបន្តមានពេលវេលាបន្ថែម។ ចាប់ពីថ្ងៃចន្ទរហូតដល់មានការជូនដំណឹង បន្ថែមទៀត មត្តេយ្យ សាលារៀន អនុវិទ្យាល័យ សាកលវិទ្យាល័យ នឹងត្រូវបិទទ្វារ។ សម្រាប់ហេតុផលសាមញ្ញ ៖ យោងតាមអ្នកវិទ្យាសាស្ត្ររបស់ យើង ក្មេងៗនិងយុវជនគឺជាអ្នកចម្លងវីរុសលឿនបំផុត ទោះបីពួកគេមិនមានរោគ សញ្ញាក៏ដោយ”។

លោកក៏បានជំរុញឱ្យនិយោជកអនុញ្ញាតឱ្យនិយោជិតរបស់ពួកគេធ្វើការពីផ្ទះនៅ កន្លែងណាដែលអាចធ្វើទៅបាន ហើយនិយាយថាប្រជាជនដែលមានអាយុលើស ពី ៧០ ឆ្នាំឬមានជំងឺប្រចាំកាយគួរតែស្ថិតនៅក្នុងផ្ទះតាមដែលអាចធ្វើទៅបាន។

ទោះយ៉ាងណា លោកម៉ាក្រុងនិយាយថា ការបោះឆ្នោតក្រុង ដែលគ្រោង ធ្វើនៅចុងសប្តាហ៍នេះ នឹងដំណើរការទៅមុខធម្មតា បន្ទាប់ពីមានការណែនាំពី អ្នកឯកទេសសុខភាពសាធារណៈ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបារាំងនិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសបារាំងពីការផ្ទុះឡើងនៃមេរោគនេះបានកើនឡើងដល់ ៦១ នាក់ ពីចំនួន ៤៨ នាក់កាលពីថ្ងៃពុធ។

ក្រសួងបានបន្ថែមទៀតថា ចំនួនករណីឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសបារាំងក៏បាន កើនឡើងដល់ ២.៨៧៦ នាក់ពីចំនួន ២.២៨១ នាក់ផងដែរ ដោយក្នុងនោះមាន ១២៩ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងគំរាមកំហែងដល់អាយុជីវិត៕ ដោយ៖ កញ្ញាដាលីស/Ha

ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយបារាំងនឹងបិទសាលាទាំងអស់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular