មន្ត្រីបាល់ទាត់អង់គ្លេស បានអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលថា ការប្រកួតមិត្តភាពរបស់ពួកគេ ជាមួយក្រុមអ៊ីតាលី នឹងនៅបន្តទៅមុខ នៅចុងខែនេះ។
ប្រទេសអ៊ីតាលី រងគ្រោះខ្លាំង ដោយសារវីរុសដ៏គ្រោះថ្នាក់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយមានករណីឆ្លង ១០.០០០ ករណី និងស្លាប់៦៣១នាក់ដោយសារវីរុសខូវីដ ១៩នេះ។
បើទោះបីជាវីរុសនេះ នៅតែរីករាលដាល យ៉ាងឆាប់រហ័សក៏ដោយ ក៏ការប្រកួតមិត្តភាព រវាងក្រុមអង់គ្លេស និងក្រុមអ៊ីតាលីរបស់លោក រ៉ូបឹតូ មែនស៊ីនី (Roberto Mancini) នឹងនៅតែកើតឡើង នៅពហុកីឡដ្ឋាន Wembley ។
សេចក្តីថ្លែងការណ៍ បានសរសេរថា “បច្ចុប្បន្ន និងស្របតាមការណែនាំបច្ចុប្បន្នរបស់ រដ្ឋាភិបាល គ្មានអ្វីកែប្រែទេ ទាក់ទិនស្ថានភាព នៃការប្រកួតរបស់ខ្លួន ជាមួយក្រុមអ៊ីតាលី និងក្រុម Denmark នៅចុងខែនេះ”។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា ការប្រកួតទាំងពីរលើក ដែលត្រូវធ្វើនៅពហុកីឡដ្ឋាន Wembley គ្រោងនឹងធ្វើនៅថ្ងៃទី២៧ និង ៣១ ខែមីនានេះ។ អ៊ីតាលីគឺជាប្រទេសដែលរងផល ប៉ះពាល់ខ្លាំងបំផុត នៅក្រៅប្រទេសចិន ហើយមានការសម្រេចចិត្ត កាលពីដើមសប្តាហ៍ ក្នុងការផ្អាករាល់សកម្មភាពកីឡានៅទូទាំងប្រទេស រហូតដល់ថ្ងៃទី៣១ ខែមេសា។
មជ្ឈដ្ឋានជាច្រើន រំពឹងថា ការប្រកួតមិត្តភាព ជាមួយអ៊ីតាលី នឹងត្រូវលុបចោល ដោយសារ តែប្រជាពលរដ្ឋ ៦០ លាននាក់ នៅក្នុងប្រទេសនេះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកហើយ ការប្រកួតសំខាន់ៗ មួយចំនួន នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Wembleyនៅចុងរដូវកាលនេះ៕ ប្រែសម្រួល: ពិសិដ្ឋ
