ក្លិបកាំភ្លើងធំ Arsenal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាថា លោក មីគែល អាតិតា អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដោយញ៉ាំងឱ្យក្លិបនៅ Premier League ទាំងអស់កោះប្រជុំជាបន្ទាន់នៅថ្ងៃសុក្រនេះ។
ក្រុមឈុតធំរបស់ Arsenal គ្រោងនឹងនៅដាច់ដោយឡែកដោយសារតែស្ថានភាពរបស់លោកអាតិតា ហើយមណ្ឌលហ្វឹកហាត់ Hale End របស់ក្លិបបានបិទបណ្តោះអាសន្ន។
ក្រុម Brighton & Hove Albion ដែលគ្រោងនឹងលេងជាមួយ Arsenal នៅថ្ងៃសៅរ៍ បានប្រកាសថា ការប្រកួតនេះនឹងត្រូវផ្អាក។
ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា “រាល់ការប្រកួត Premier League នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទនៅចុងសប្តាហ៍នេះ” ប៉ុន្តែឥឡូវ Premier League ប្រឈមនឹងសម្ពាធដើម្បីផ្អាករដូវកាលនេះ។
Arsenal និយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះ “បុគ្គលិក Arsenal ដែលនៅជិតស្និទ្ធនឹងលោកមីគែលថ្មីៗនេះ នឹងត្រូវនៅដាច់ដោយឡែកស្របតាមការណែនាំស្តីពីសុខភាពរបស់រដ្ឋាភិបាល។ យើងរំពឹងមានមនុស្សច្រើនមកពី Colney នឹងនៅដាច់ដោយឡែក ក្នុងនោះរួមទាំងក្រុមឈុតធំ និង បុគ្គលិកគ្រូបង្វឹក”៕ ដោយ៖ កញ្ញាដាលីស