ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែត កាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាបានប្រកាសរឹតត្បិតចរាចរណ៍មនុស្សនៅក្នុងរដ្ឋធានី ដោយបិទការធ្វើដំណើរផ្លូវគោក តាមសមុទ្រនិងផ្លូវអាកាសទាំងចូលនិងចេញពីទីក្រុងម៉ានីល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។
ការបញ្ជាឲ្យរឹតត្បិតការធ្វើដំណើរនេះកើតឡើងស្របពេលអាជ្ញាធរហ្វីលីពីន ចេញវិធានការប្រឆាំងវីរុសឆ្លង រួមមាន ហាមការជួបជុំមហាជន បិទសាលារៀន១ខែ និងធ្វើចត្តាឡីស័កសហគមន៍ ព្រមទាំងគំរាមដាក់គុកមន្ត្រីមូលដ្ឋានណាដែលមិនធ្វើតាមបញ្ជារបស់រដ្ឋាភិបាល។
លោកឌុយទែត បាននិយាយថា វិធានការនឹងរួមមានការហាមជនបរទេសមកពីប្រទេសផ្ទុះជំងឺកូវីដ១៩ ហើយឆ្លងក្នុងចំណោមប្រជាជនគ្នាឯងមិនឲ្យចូលហ្វីលីពីនផង។
ការប្រកាសចាត់វិធានការតឹងរ៉ឹងនេះ កើតឡើងបន្ទាប់ពីប្រទេសបានអះអាងអំពីការឆ្លងវីរុសនៅក្នុងស្រុកជាលើកដំបូង ហើយចំនួនអ្នកឆ្លងបានកើនដល់៥២នាក់ និង៥នាក់បានស្លាប់៕ប្រែសម្រួល៖វាសនា/Ha
បុគ្គលិកពន្លត់ភ្លើង បាញ់ទឹកលាងទីធ្លាសាលាមួយក្នុងទីក្រុងម៉ានីលចំពេលមានការផ្អើលអំពីវីរុសកូរ៉ូណា