អ្នកមានរោគសញ្ញាកូវីដ១៩ អាចប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌនៅអ៊ីតាលី បើសិនជាគេហ៊ានប្រថុយចេញក្រៅផ្ទះនិងចម្លងទៅអ្នកដទៃ។
អ្នកសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណាកូវីដ១៩ ត្រូវបានអាជ្ញាធរអ៊ីតាលីបញ្ជាឲ្យនៅក្នុងផ្ទះ និងអាចប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរបើសិនជាអ្នកនោះចម្លងវីរុសទៅអ្នកផ្សេងក្នុងពេលធ្វើដំណើររបស់គេ។ទោសធ្ងន់បំផុត គឺ«ឃាតកម្មដោយការព្យាបាទ»ដែលអាចជាប់គុកដល់ទៅ២១ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលីនិងត្រូវចុះផ្សាយបន្តដោយសារព័ត៌មានដេលលីអនឡាញអង់គ្លេស។
សារព័ត៌មានបានបន្ថែមថា អ្នកចម្លងក៏នៅតែជាប់ទោសពីបទប្រព្រឹត្តមិនត្រឹមត្រូវ ទោះជាមិនមាននរណាម្នាក់ស្លាប់ដោយការចម្លងរបស់ខ្លួន។
សារព័ត៌មានអ៊ីតាលីបានប្រដូចការចោទប្រកាន់និងដាក់ទោសនេះដូចគ្នានឹងការចម្លងវីរុសហ៊ីវដោយចេតនា ដោយសារតែរួមភេទមិនបានប្រើប្រដាប់ការពារក្នុងពេលដឹងថាខ្លួនផ្ទុកវីរុស។ការចោទប្រកាន់បែបនេះនាំដល់ការដាក់គុកបុរសម្នាក់២៤ឆ្នាំនៅក្រុងរ៉ូមកាលពីឆ្នាំ២០១៧។
ព័ត៌មានស្តីពីការដាក់ទោសព្រហ្មទណ្ឌចំពោះការចម្លងកូវីដ១៩នេះ កើតឡើងចំពេលអ៊ីតាលីបញ្ជាឲ្យបិទហាងលក់ដូរទាំងអស់ លើកលែងតែឱសថស្ថាន និងហាងនិងតូបលក់អាហារ និងគ្រឿងទេស។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ទី១២មីនា កូវីដ១៩បានសម្លាប់មនុស្សជាង១.០០០នាក់នៅទូទាំងអ៊ីតាលី។
ទីភ្នាក់ងារការពារស៊ីវិលអ៊ីតាលី បាននិយាយថា ចំនួនអ្នកឆ្លងសរុបនៅអ៊ីតាលីគិតត្រឹមថ្ងៃ១២មីនា បានឡើងដល់១៥.១១៣នាក់ ដោយកើនជាង២០ភាគរយពីចំនួនកាលពីមួយថ្ងៃមុន។ក្នុងចំនួននេះ ១.២៥៨នាក់បានជាទាំងស្រុង និង១.១៥៣នាក់ស្ថិតក្រោមការព្យាបាលដិតដល់បំផុតឬត្រូវសង្គ្រោះបន្ទាន់។
ចំនួនមនុស្សស្លាប់បានកើន១៨៩នាក់ដល់ចំនួន១.០១៦នាក់៕ប្រែសម្រួល៖វាសនា/Ha
ហាងទំនិញត្រូវបញ្ជាឲ្យបិទ និងការធ្វើដំណើរមិនចាំបាច់ត្រូវហាមនៅអ៊ីតាលី