ក្រុមវេជ្ជបណ្ឌិតនៅប្រទេសចិនបានជំរុញឱ្យអ្នកជំងឺកូរ៉ូណាជាបុរសមកធ្វើតេស្តមើលភាពសាយកូនរបស់ពួកគេឱ្យបានឆាប់ នៅពេលដែលពួកគេបានជាសះស្បើយឡើងវិញ ពីព្រោះមេរោគនេះអាចនឹងបំផ្លាញមុខងារពងស្វាសរបស់ពួកគេ។
គ្មានការសិក្សាណាមួយបង្ហាញថា វីរុសនេះនឹងកាត់បន្ថយការសាយកូនរបស់បុរសឬលទ្ធភាពផ្លូវភេទរបស់បុរសនោះទេ។
ប៉ុន្តែគ្រូពេទ្យនៅទីក្រុងវូហានបានលើកឡើងនូវលទ្ធភាពដែលថាជំងឺនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលនិងការបង្កើតអ័រម៉ូនភេទបុរស។
យោងតាមមន្ទីរពេទ្យតុងជីនៃក្រុងវូហានបានឱ្យដឹងថា ទោះបីជាវីរុសនេះផ្តោតគោលដៅសំខាន់ទៅលើសួតនិងប្រព័ន្ធភាពស៊ាំរបស់មនុស្សក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់បុរសក្នុងការបង្កកំណើត។
ការលើកឡើងបែបនេះបានធ្វើឡើងកាលពីថ្ងៃពុធទី១១មីនាដោយសាស្រ្តាចារ្យ លី យូហ្វេង និងក្រុមរបស់គាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្របន្តពូជរបស់មន្ទីរពេទ្យ។
មន្ទីរពេទ្យតុងជី ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាហួចុង គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើនដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា ចាប់តាំងពីមេរោគនេះបានចាប់ផ្តើមផ្ទុះឡើងនៅទីក្រុងវូហានកាលពីខែមករា៕ ដោយ៖ កញ្ញាដាលីស