រាជនីសម្រស់ម្នាក់ ដែលបានចាប់ផ្តើមចាត់វិធានការច្បាប់ប្រឆាំងនឹងកម្មវិធីប្រឡងបវរកញ្ញាពិភពលោកបន្ទាប់ពីនាងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រឡងនោះ បានរិះគន់បណ្តាអង្គការឃ្លាំមើលសិទ្ធិមនុស្ស បន្ទាប់ពីពួកគេបានទាត់ចោលការប្រឹងប្រែងរបស់នាងដើម្បីកែប្រែច្បាប់។

នាង វើរ៉ូនីកា ឌីឌូសេនកូ អាយុ ២៤ ឆ្នាំបានជាប់ជាបវរកញ្ញាអ៊ុយក្រែនក្នុងឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានដកហូតតំណែងរបស់នាងវិញនៅ ៤ ថ្ងៃក្រោយបន្ទាប់ពីលេចធ្លាយថានាងបានលែងលះនិងមានកូនប្រុសអាយុ ៤ ឆ្នាំម្នាក់។

នាងក៏ត្រូវបានហាមឃាត់មិនឱ្យចូលប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាពិភពលោកផងដែរ និងត្រូវជំនួសដោយបេក្ខនារីម្នាក់ទៀត។

តារាបង្ហាញម៉ូតរូបនេះបានចាត់វិធានការផ្លូវច្បាប់ទៅលើកម្មវិធីបវរកញ្ញាពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដោយអះអាងថាពួកអ្នករៀបចំកម្មវិធីបានរំលោភច្បាប់សមភាពឆ្នាំ ២០១០ ហើយបានយករឿងក្តីរបស់នាងទៅគណៈកម្មការសមភាពនិងសិទ្ធិមនុស្ស។

នាងបានស្នើសុំឱ្យពួកគេបង្ខំអ្នករៀបចំឱ្យផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យនៃការចូលរួមប្រឡងរបស់ពួកនាង “ដែលហួសសម័យ” ដើម្បីឆ្លុះបញ្ចាំងពីពិភពលោកទំនើប និង ស្វែងរកការពិនិត្យឡើងវិញលើប្រព័ន្ធយុត្តិធម៌។

ប៉ុន្តែគណៈកម្មាការបាននិយាយថាខ្លួនមិនគិតថាបញ្ហានេះនឹងពន្លឿនទៅមុខនូវគោលដៅជាយុទ្ធសាស្ត្ររបស់ពួកគេនោះទេ ហើយបានប្រាប់នាងថា ករណីនេះគឺមិនសមហេតុផលទេ និង ប៉ះពាល់តែលើស្ត្រីមួយចំនួនតូចប៉ុណ្ណោះ។

នាងឌីឌូសេនកូ តារាបង្ហាញម៉ូតអន្តរជាតិដែលត្រូវធ្វើដំណើរទៅធ្វើការជាមួយកូនប្រុសរបស់នាងឈ្មោះ អាឡិច ដែលឥឡូវអាយុ ៥ ឆ្នាំ បានរិះគន់ខ្លាំងៗទៅលើគណៈកម្មការសមភាពនិងសិទ្ធិមនុស្សចំពោះការមិនធ្វើចំណាត់ការអ្វីសោះ។

នាងនិយាយថា “ខ្ញុំខកចិត្តចំពោះការឆ្លើយតបរបស់គណៈកម្មការ។ ខ្ញុំចង់ឱ្យកែប្រែច្បាប់ទាំងនេះដូច្នេះស្ត្រីទាំងអស់ ដែលចង់ចូលរួមប្រកួតបវរកញ្ញា អាចធ្វើដូច្នេះបាន។ ក្នុងឆ្នាំ ២០១៩ មនុស្សជាង​ ៩០០ លាននាក់ទស្សនាកម្មវិធីបវរកញ្ញាពិភពលោកវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសចំនួន ១៤០។ ក្នុងឆ្នាំតែមួយ មានឯតទគ្គកម្មនៃការដាក់ពាក្យចូលរួមប្រឡងបវរកញ្ញាអង់គ្លេសដល់ទៅជាង ២០.០០០ នាក់”។

នាងបន្តថា “នេះគឺបង្ហាញបញ្ច្រាស់នូវទស្សនៈរបស់គណៈកម្មការដែលថាឧស្សាហកម្មបវរកញ្ញាពាក់ព័ន្ធតែស្ត្រីមួយចំនួនតូចប៉ុណ្ណោះនិងគូសបញ្ជាក់ពីការមិនយកចិត្តទុកដាក់ទាំងស្រុងរបស់ពួកគេចំពោះការឈានទៅរកពិភពលោកទាំងមូល”៕ ដោយ៖ កញ្ញាដាលីស