ដោយ:ដេប៉ូ/ព្រះសីហនុ ៖ ឱកាសការងារចំនួន ៣៧៩៩ កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន១០ នឹងត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

ក្នុងកម្មវិធីវេទិកាការងារនេះដែរបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានរួមសហការរៀបចំជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ, សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ស្រុកព្រៃនប់។

ក្រុមហ៊ុនចំនួន១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះដើម្បីជ្រើសរើសបុគ្គលិករួមមាន៖ ក្រុមហ៊ុន តៃគី (ខេមបូឌា) ខូអិលធីឌី, រោងចក្រ ជាំងស៊ី៣អិល មេឌីខល ប្រដាក់គ្រុប (ខេមបូឌា), ក្រុមហ៊ុន Crown Beverage Cans Sihanouk Ville Limited, វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន ទូ ពូ អឺ តេ កាប៊ីនេត ខេមបូឌា ឯ.ក, រោងចក្រផលិតដំណាប់ផ្លែឈើហ្វ័រដា (ខេមបូឌា), ក្រុមហ៊ុន Carlsberg Cambodia, ក្រុមហ៊ុន ញូ គ្លរី ប៊ែក និងឡាក់ហ្គេដ្យ (ខេមបូឌា) និង ក្រុមហ៊ុនអន្តរជាតិ ផលិតពូក បេសមែតទ្រីស អ៊ីនធើណេសិនណល។

តាមរយៈវេទិការនេះដែរក្រសួងការងាររំពឹងថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់ នៅបរិវេណសាលាស្រុកព្រៃនប់ឲ្យបានច្រើនកុះករ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១៦ ៦១១ ០០៤ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕/B