រដ្ឋបាលរាជធានីនឹងប្រើប្រាស់រថ យន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋនៅតំបន់ជាយក្រុង ខណ: មានបញ្ហាកង្វះទឹកខ្លាំងនារដូវប្រាំងនេះ

151
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្របពេលដែលនៅតាមបណ្តាលខណ្ឌមួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈដែលសកម្មភាពនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។

ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជុំនាញ ពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបទិលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តដឹកទឹកដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់ នឹងប្រើរថយន្តអគ្គីភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។ទន្ទឹងនឹងនេះដែរលោកណែនាំអាជ្ញាធរខណ្ឌនៅកណ្ដាលក្រុងណែនាំប្រជាពលរដ្ឋនៅខណ្ឌរបស់ខ្លួនឱ្យជួយសន្សំសំចៃទឹកកុំប្រើប្រាស់ខ្ចាះច្ជាយពេកទុកចែកចាយឱ្យពលរដ្ឋនៅជាយក្រុងប្រើប្រាស់ផង។នេះជាការគិតគូរនិងយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋដោយមិនបានខ្វះចន្លោះនោះទេ។

លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌនៅតាមជាយក្រុង ត្រូវតែផ្ដល់ព័ត៌មានឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតយើងត្រូវរួមគ្នា ដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាត និងជំរុញឲ្យការថែរក្សាស្រះទឹកត្រពាំងទឹក អណ្ដូងទឹកដែលមានស្រាប់ក្នុងភូមិនិងធ្វើការជីកស្ដារឡើងវិញស្តុកទឹកទុកបើមិនអាចយកទៅប្រើប្រាស់ឬហូបបានក៏ដើម្បីដោះស្រាយទឹកមួយចំណែកលើការលាង ការស្រោច និងការបោកគក់ជាដើម។

ពាក់ព័ន្ធនិងការងារជំនាញនេះលោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឱ្យដឹងថា៖ តម្រូវការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាងទៀត ដោយសារកំពស់ទឹកទន្លេទាបវាបានធ្វើឱ្យដំណើរការបូមទឹកខ្សោយ ហើយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែខ្វះនៅពេលនេះទេ គឺបន្តខ្វះឱ្យតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២ ។

លោកអគ្គនាយកបានលើកឡើងទៀតថា៖ សព្វថ្ងៃនេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានទំហំត្រឹមតែ ជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលតម្រូវការប្រើប្រាស់ជាក់ស្តែង ជាង៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មានន័យថា យើងខ្វះទឹកប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានធ្វើឱ្យទឹកតំបន់ជាយក្រុងមានការខ្វះទឹកប្រើប្រាស់ខ្លាំង។

លោកស៊ឹម ស៊ីថា បានបញ្ជាក់ឲ្យដឹងផងដែរថា៖ ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខា ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែ ហើយក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់បន្ថយនៃការខ្វះទឹកនេះបានមួយកម្រិតទៀត។

លោកក៏បានបញ្ជាក់ថា៖ ជុំវិញបញ្ហាខ្វះទឹកនេះមិនមែនការផលិតទឹករបស់យើងថយចុះនោះទេ តែដោយសារតម្រូវការប្រើប្រាស់កាន់តែច្រើន ពោលគឺរាជធានីភ្នំពេញមិនត្រឹមតែរីកទទឹងនិងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកំពស់ក៏បានរីកឡើងខ្ពស់ផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គ្រោងនឹងផលិតនូវទឹកឱ្យបានមួយលានម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ ។

ស្របពេលដែលស្ថានភាពទឹកមានការខ្វះខាតនេះ លោកស៊ឹម ស៊ីថា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋសន្សំសំចៃ លើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បីឱ្យចរន្តទឹកអាចចែកចាយទៅដល់ប្រជាពលរដ្ឋដែលរស់នៅជាយទីក្រុង បានប្រើប្រាស់ផង ៕/B