​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​នាវា​ទេសចរណ៍​ចូលមក​កម្ពុជា​

171
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ផ្លូវ​សមុទ្រ​និង​កំពង់ផែ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការអនុញ្ញាត​ចូល​នៃ​នាវា​ទេសចរណ៍​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ ពីថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០​រហូតដល់​មានការ​សម្រេច​ជាថ្មី​។ នេះ​បើ​យោងតាម​របស់​អគ្គនាយក​ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ជម្រាបជូន​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​នៃ​នាវា​ទេសចរណ៍​ទាំងអស់​ចុះ​ថ្ងៃទី​១៣​ខែមីនា​។​បំរាម​នេះ​ក្នុង​ហេតុផល​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ខូ​វីដ​១៩​។​

អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ផ្លូវ​សមុទ្រ​និង​កំពង់ផែ​បាន​បញ្ជាក់ថា​ចំពោះ​សេចក្តីប្រកាស​ស្តីពី​ការផ្អាក​អនុញ្ញាត​ចូល​នៃ​នាវា​ដឹក​អ្នកដំណើរ​ឬ​អ្នកទេសចរ​មក​កម្ពុជា​ដែល​ចុះ​កាលបរិច្ឆេទ​នៃ​ថ្ងៃ​ដដែល​នេះ​(​លិខិត​លើក​ទី​១​និយាយ​តែ​ច្រក​អន្តរជាតិ​ក្អម​សំណ​) គឺ​ត្រូវបាន​អគ្គនាយកដ្ឋាន​ខាងលើ ធ្វើការ​និរាករណ៍​វិញ​ហើយ​។​
​យោងតាម​លិខិត​ដាច់ដោយឡែក​មួយទៀត អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បានសម្រេច​ផ្អា​ការអនុញ្ញាត​ចូល​នៃ​នាវា​ដឹក​អ្នកដំណើរ ឬ​អ្នកទេសចរ ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០២០ រហូតដល់​មានការ​សម្រេច​ជាថ្មី​។ គោលបំណង​នៃ​ការផ្អាក​នេះ គឺ​ដោយមាន​ការចាំបាច់​ក្នុងការ​បង្ការ​ការី​ករា​ល​នៃ​ជំងឺ COVID-19 ពី​អ្នកដំណើរ​បរទេស ដែល​ធ្វើដំណើរ​តាម​នាវា​។


​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​បញ្ជាក់ថា “​ដោយមាន​ការចាំបាច​ច់​ក្នុងការ​បង្ការ​ការរីក​រាលដាល នៃ​ជំងឺឆ្លង COVID-19 ពី​អ្នកដំណើរ​បរទេស​ដែល​ធ្វើដំណើរ​តាម​នាវា អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ សម្រេច​ការផ្អាក​អនុញ្ញាត​ចូល នៃ​នាវា​ដឹក​អ្នកដំណើរ ឬ​អ្នកទេសចរ ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​នេះ​តទៅ រហូតដល់​មានការ​សម្រេច​ជាថ្មី​”​។​
​សូមជម្រាបថា ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការអនុញ្ញាត​ចូល​នៃ​នាវា​ទេសចរណ៍​មក​ក្នុងប្រទេស​កម្ពុជា គឺ​ខណៈពេលដែល​ក្រសួងសុខាភិបាល​បាន​រកឃើញ​ជនជាតិ​អង់គ្លេស​ចំនួន​បីនាក់​អ្នក (​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ , បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ , ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ​) នៅលើ​នាវា Viking Cruise Journey ចូល​ចត​នៅ​ខេត្តកំពង់ចាម មាន​មាន​ផ្ទុក​វីរុស​កូ​វីដ ១៩ (COVID-19) ។ នាវា​ទេ​ចរណ៍​ដឹកនាំ​អ្នកដំណើរ​បរទេស​ឈ្មោះ Viking Cruise Journey ធ្វើដំណើរ​ពី​ប្រទេស​វៀតណាម​ចូល​ចត​នៅ​ខេត្តកំពង់ចាម​។


​នាវា Viking Cruise Journey បាន​ដឹក​អ្នក​ទេសចរណ៍​បរទេស​សរុប​ទាំងអស់​មាន​ចំនួន ៦៤​នាក់ (​អ្នកដំណើរ​ចំនួន ៣០ នាក់ និង​អ្នក​បម្រើការ​ចំនួន ៣៤ នាក់​) ក្នុងនោះ មាន​ស្រី​ចំនួន ២៣​នាក់ និង​បុរស ៤១​នាក់ ។ នៅលើ​នាវា​នោះ មាន​ប្រាំពីរ​សញ្ជាតិ គឺ​អាមេរិក ១៤​នាក់ (​ស្រី​៧ ប្រុស​៧) ចក្រភព​អង់គ្លេស ១១ នាក់ (​ស្រី​៧ ប្រុស​៤) កាណាដា បួន​នាក់ (​ស្រី​២ ប្រុស​២) ហូ​ឡង់ មួយ នាក់ (​ស្រី​) ភូមា មួយ នាក់ (​ប្រុស​) វៀតណាម ប្រាំពីរ នាក់ (​ប្រុស​) និង​កម្ពុជា ២៤ នាក់ (​ស្រី​៦ ប្រុស​១៨)៕សរន

នាវា Viking Cruise Journey ចូល​ចត​នៅ​ខេត្តកំពង់ចាម​ដែល​រកឃើញ​មាន​អ្នក​ផ្ទុក​វីរុស​កូ​វីដ ១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ