អ្នក​ស្នង​មរតក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​ហុងកុង ក្លាយជា​អ្នកធ្វើ​យុទ្ធនាការ​គាំ​សិទ្ធិមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ដោយ​ចៃដន្យ​

1369
ចែករម្លែក
  • 42
    Shares

​នៅពេល​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង លោក សេ​ស៊ី​ល ចាវ ផ្តល់ប្រាក់ ៦៥ លាន​ដុល្លារ​ដល់​បុរស​ណា​ដែល​អាច​យកឈ្នះ​បេះដូង​កូនស្រី​ខ្ទើយ​របស់គាត់ និង​ធ្វើឱ្យ​នាង​ស្រឡាញ់​ខ្លួន​បាន​ភ្លាមនោះ គាត់​បាន​ត្រួស​ត្រាយផ្លូវ​ដោយ​ចៃដន្យ​ឱ្យ​កូនស្រី​គាត់​ក្លាយជា​អ្នក​ឃោសនា​ការពារ​សិ​ទិ្ធ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​លេចធ្លោ​បំផុត​នៅ​អាស៊ី​។​

​ការប្រកាស​ប្រគល់​រង្វាន់​ទឹកប្រាក់​ដ៏​ចម្លែក​ក្នុង​ឆ្នាំ ២០១២​នេះ បាន​ល្បី​ពេញ​សារព័ត៌មាន​អន្តរជាតិ ហើយ​កូនស្រី​របស់គាត់​ឈ្មោះ​ជី​ជី ចាវ ត្រូវបាន​បុរស​រាប់ពាន់នាក់​មកពី​ទូទាំង​ពិភពលោក​សុំ​រៀបការ រាប់​ចាប់ពី​ទាហាន​ជើងចាស់​រហូតដល់​តួ​ជំនួស​របស់លោក ច​ច គ្លូ​នី នៅក្នុង​ខ្សែភាពយន្ត​កីឡា​មួយ​ផងដែរ​។​

​វា​ជា​លើកទីមួយ​ហើយ​ដែល​បញ្ហា​នៃ​ការទទួលស្គាល់​សហគម​ន៍​មនុស្ស​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា មនុស្ស​ស្រឡាញ់​ភេទ​ទាំង​២ និង​អ្នក​ប្តូរ​ភេទ (LGBT) ត្រូវបាន​លើកយក​មក​និយាយ​តាម​វិធី​លេចធ្លោ​ខ្លាំង​បែបនេះ​នៅ​ទីក្រុង​ហុងកុង កន្លែង​ដែល​អ្វីៗ​មាន​លក្ខណៈ​ទំនើប​ទាំងអស់ ប៉ុន្តែ​ជា​កន្លែង​ដែល​ឥរិយាបថ​សង្គម​នៅតែមាន​ការអភិរក្ស​ខ្លាំង​ដដែល​។​

​នាង ជី​ជី ចាវ អាយុ ៣៨ ឆ្នាំ​បាន​ប្រាប់​អង្គការ​មូលនិធិ​ថម​សុន​រ៉​យ​ទ័​រ (Thomson Reuters Foundation) នៅ​ការិយាល័យ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​នាង​ដែលមាន​ទីតាំងនៅ​អគារ​ខ្ពស់កប់ពពក​ទី ៣ របស់​ហុងកុង​ដែល​មើលឃើញ​កំពង់ផែ​របស់​ទីក្រុង​នេះ​យ៉ាង​ដូច្នេះ “​ខ្ញុំ​រីករាយ​ណាស់​ដែល​បញ្ហា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវបាន​លើក​យកមក​និយាយ​។ វា​អាចដាក់​នូវ​ភាព​កំប្លុកកំប្លែង​លើ​ប្រធានបទ ដែលជា​រឿយៗ​ត្រូវបាន​លុប​បាត់​ដោយ​សោកនាដកម្ម​និង​បម្រាម​សង្គម​ជាច្រើន​”​។​

​លោក​សេ​ស៊ី​ល ចាវ ដែល​ចក្រភព​អចល​ទ្រព្យ​របស់គាត់​វិនិយោគ​នៅ​ហុងកុង ចិន និង ម៉ាឡេស៊ី បានប្រគល់​ផ្តល់ប្រាក់ ៦៥ លាន​ដុល្លារ​ដល់​បុរស​ណា​ដែល​អាច​រៀបការ​ជាមួយ​កូនស្រី​គាត់ ក្រោយពី​នាង​បាន​ក្លាយជា​ដៃគូ​ជីវិត​ជាមួយ​មិត្តស្រី​របស់​នាង​នៅ​ប្រទេស​បារាំង​កាលពីដើមឆ្នាំ ២០១២​។​

​បន្ទាប់ពី​បរាជ័យ​ក្នុងការ​ស្វែងរក​អនាគត​ប្តី មហាសេដ្ឋី​វ័យ ៨១ ឆ្នាំ​រូបនេះ​បាន​បង្កើន​ប្រាក់រង្វាន់​ទ្វេដង​គឺ ១ ពាន់​លាន​ដុល្លារ​ហុងកុង (​ជាង ១២៧ លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ ២០១៤​។​

​នេះ​បាន​ជំរុញ​ឱ្យ​នាង​ចាវ សរសេរ​លិខិត​បើកចំហ​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត​ហុងកុង​ដោយ​និយាយថា “​លោកឪពុក លោក​ត្រូវតែ​ទទួលស្គាល់ថា​ខ្ញុំ​ជាម​នុស្ស​ខ្ទើយ​” ហើយ​ជំរុញ​ឱ្យ​គាត់​ចាត់ទុក​ដៃគូ​របស់​នាង​ឱ្យ​ដូចជា “​មនុស្សម្នា​ធម្មតា​ដែលមាន​សេចក្តីថ្លៃថ្នូរ​”​។​

​ជម្លោះ​ជា​សាធារណៈ​បែបនេះ​នៅក្នុង​គ្រួសារ​ដ៏​ល្បីល្បាញ​នេះ​អាចមាន​ត្រូវបាន​ចាប់អារម្មណ៍​គ្រប់​ទីកន្លែង ប៉ុន្តែ​វា​មិនមែនជា​រឿង​ធម្មតា​ទេ​នៅ​ទ្វីបអាស៊ី នៅពេល​គ្មាន​ប្រទេស​ណាមួយ​នៅក្នុង​តំបន់​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​អំឡុង​ពេលនោះ​នៅឡើយ​។​

​ទើបតែ​កាលពី​ឆ្នាំមុន​ប៉ុណ្ណោះ ដែល​តុលាការ​ធម្មនុញ្ញ​កោះ​តៃវ៉ាន់​បាន​បើកផ្លូវ​ឱ្យ​កោះ​នេះ​ក្លាយជា​កន្លែង​ដំបូង​គេ​នៅ​អាស៊ី អាច​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា បន្ទាប់ពី​តុលាការ​បានសម្រេច​ចិត្ត​គាំទ្រ​សហភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​សព្វថ្ងៃនេះ​នាង​ចាវ​មិន​ត្រឹមតែ​ជា​អ្នក​ស្នង​មរតក​ចំពោះមុខ​ជំនួញ​អចលនទ្រព្យ​របស់​ឪពុក​នាង​និង​ជា​ស្ត្រី​មាន​ជាងគេ​បំផុត​នៅ​ហុងកុង​ប៉ុណ្ណោះ​ទេ នាង​ក៏​ជា​អ្នក​ឃោសនា​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដ៏​ល្បី​ក្នុង​ទីក្រុង​ហុងកុង​ផងដែរ​។​

​ការស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវបាន​លើកលែង​ពី​ការ​ជាប់ទោស​ព្រហ្មទណ្ឌ​តាំងពី​ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ហុងកុង​៕ ដោយ៖ កញ្ញាដាលីស

នាង ជី​ជី ចាវ និង ដៃគូ​របស់​នាង ថត​នៅ​ហុងកុង​កាលពី​ឆ្នាំ ២០១១

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ