ដាណឺម៉ាកនិងប៉ូឡូញបិទព្រំដែនមិនឱ្យភ្ញៀវទេសចរចូលស្រុករៀងៗខ្លួន ខណៈសាលារៀន ហាងលក់ដូរ និងភោជនីយដ្ឋានត្រូវបង្ខំឱ្យបិទ

220
ចែករម្លែក

ប្រទេសដាណឺម៉ាកនិងប៉ូឡូញបានបិទព្រំដែនខ្លួនបណ្តោះអាសន្នចំពោះជនបរទេសក្នុងបំណងបញ្ឈប់ការរាលដាលវីរុសកូរ៉ូណា។

ប្រទេសទាំងពីរក៏បានហាមឃាត់លើការជួបជុំមហាជន និងបញ្ជាឱ្យសាលា ហាងលក់ដូរ និងភោជនីដ្ឋានបិទទ្វារផងដែរ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េត ហ្វ្រេដេរិកសិន បានថ្លែងនៅសន្និសីទកាសែតថា “អ្នកទេសចរទាំងអស់ ការធ្វើដំណើរទាំងអស់ វិស្សមកាលទាំងអស់ និង ជនបរទេសទាំងអស់ ដែលមិនអាចបញ្ជាក់នូវបំណងគួរឱ្យជឿទុកចិត្តបានដើម្បីចូលក្នុងប្រទេសដាណឺម៉ាក នឹងត្រូវបដិសេធមិនឱ្យចូលព្រំដែនដាណឺម៉ាកនោះឡើយ”។

ការបិទព្រំដែននឹងមិនអនុវត្តចំពោះការដឹកជញ្ជូនទំនិញផ្សេងៗដូចជា ស្បៀងអាហារ ថ្នាំពេទ្យ និង គ្រឿងផ្គត់ផ្គង់ឧស្សាហកម្មនោះទេ។

មុននេះ រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសបិទសាលារៀន សាកលវិទ្យាល័យ និងសាលាមត្តេយ្យរយៈពេលពីរសប្តាហ៍ដើម្បីពន្យឺតការរាលដាលនៃមេរោគកូរ៉ូណា។

វិធានការតឹងរ៉ឹងថ្មីៗនឹងរួមបញ្ចូលផងដែរនូវការហាមឃាត់ព្រឹត្តិការណ៍រៀបចំនៅក្នុងសាល ដែលមានអ្នកចូលរួម១០០នាក់ឬច្រើនជាងនេះ និង ការបញ្ជូនបុគ្គលិកសាធារណៈមិនសូវសំខាន់ឱ្យទៅដេកនៅផ្ទះសិន។

ទន្ទឹមនេះក្នុងប្រទេសប៉ូឡូញ នាយករដ្ឋមន្ត្រីលោក ម៉ាតធូស ម៉ូរ៉ាវិចស្គី បានប្រកាសថា ប៉ូឡូញនឹងហាមជនបរទេសមិនឱ្យចូលប្រទេសឡើយ ហើយភោជនីដ្ឋាន បារ និង កាស៊ីណូទាំងអស់ត្រូវតែបិទទ្វារ។

ពលរដ្ឋប៉ូឡូញទាំងអស់ដែលវិលត្រឡប់ពីបរទេស នឹងត្រូវបញ្ជាឱ្យនៅដាច់ដោយឡែករយៈពេល ១៤​ ថ្ងៃ។ ប៉ូឡូញមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៨ នាក់ និងស្លាប់ម្នាក់។

ការជួបជុំជាសាធារណៈនឹងត្រូវអនុញ្ញាត ប្រសិនបើការជួបជុំមានអ្នកចូលរួមក្រោម ៥០ នាក់។ ការសម្រេចចិត្តនេះអនុវត្តជាធរមានរយៈពេល ១០ ថ្ងៃ ប៉ុន្តែអាចបន្លាយពេលដល់ ២០ ថ្ងៃទៅមួយខែ៕ ដោយ៖ កញ្ញាដាលីស

ប៉ូឡូញនិងដាណឺម៉ាកបិទព្រំដែនបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម