ប្រមុខរាជរដ្ឋាភិបាលផ្តល់អនុសាស ន៍៦ចំណុចនៅពិធីបុណ្យទន្លេក្នុងខេត្តបាត់ដំបង ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា

285
ចែករម្លែក

ដោយ:តារារិទ្ធ/បាត់ដំបង ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ចំនួន ៦ ចំណុចដល់ស្ថាប័ននិងអ្នកធ្វើការ ងារខាងវិស័យទេសចរណ៍ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជាដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិតឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាពស្របតាមប្រធានបទ«ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព»រួមជាមួយពាក្យស្លោក«បាត់ដំបងជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌និងធម្មជាតិ» ។ នេះបើយោងតាមសុន្ទរកថារបស់សម្តេចនៅក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍នេះនៅក្នុងពិធីបើកបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទៈ”ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព”នា ល្ងាចថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០ នៅស្របនិងមាត់ស្ទឹងសង្កែ ។

សម្តេចតេជោនាយករដ្ឋមន្រីបានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិតឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាពស្របតាមប្រធានបទ«ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព»រួមជាមួយពាក្យស្លោក”បាត់ដំបងជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌និងធម្មជាតិ” ក្នុងនាមរាជរដ្ឋាភិបាលសូមផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

ទី១.ត្រូវរួមគ្នារក្សាឲ្យបាននូវវត្តមានជាអចិន្រ្តៃយ៍នៃសន្តិភាពទោះក្នុងតម្លៃណាក៏ដោយគ្មានសន្តិភាពគ្មានការអភិវឌ្ឍន៍គ្មានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីអ្វីទាំងអស់ ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នារក្សាការពារនូវសន្តិភាពដែលរកបានដោយលំបាកនិងមិនត្រូវឲ្យប្រទេសណាមួយឬក្រុមណាមួយ មកបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ ។ សន្តិភាពធានាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យមានសុខមាលភាពសង្គមល្អប្រសើរជាមួយនឹងជីវភាពរស់នៅ សម្បូរសប្បាយរុងរឿងជារៀងរហូត។

ទី២.ត្រូវបន្តធ្វើការអភិវឌ្ឍន៍ក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវរក្សាឲ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ ។ ត្រូវរួមគ្នារក្សាឲ្យបាននូវបណ្ដាសំណង់បុរាណផ្ទះបូរាណ ស្ពានបុរាណ ក្នុងខេត្តដោយមិនត្រូវឲ្យមាន ការកែប្រែខុសស្ថានភាពដើម ។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណនៃគោលដៅទេសចរណ៍អាទិភាពរួមមានទេសចរណ៍ផ្ទះបុរាណ(Clusters)តំបន់ទស្សនាសត្វ ស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាល ចេញពីរូងមុនពេលថ្ងៃរៀបលិចរួមទាំងលក្ខណៈពិសេសរបស់ម្ហូបអា ហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។

ទី៣.ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើអោយវិស័យទេសចរណ៍រួមមានអាកាសយានដ្ឋានផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយតាមផ្លូវគោកផ្លូវដែកនិងផ្លូវអាកាសហើយត្រូវពីធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលាន យន្តហោះបាត់ដំបងឡើងវិញដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យអោយបានហ្មត់ចត់លើការងារដ៏មានសារសំខាន់នេះ។

ទី៤.ត្រូវបន្តរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍តាមបណ្ដាខេត្តជាប់បឹងទន្លេសាបត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនក្រុមបងតូចបងធំនិងការលួចឆក់នានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។

ទី៥.ត្រូវជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ”នាំចេញនៅនឹងកន្លែង”។ត្រូវបន្តជំរុញការផលិតតាមស្តង់ដារត្រូវបង្កើតឲ្យមានខ្សែក្រវ៉ាត់បៃ តងក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះការចិញ្ចឹមត្រីនិងសាក់សម្រាប់ការផ្គត់ផ្គង់ដល់ទេស ចរ។ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍តាមរយៈការជំរុញនិងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឲ្យកាន់តែរីកចម្រើនជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍និងជំនាញចម្អិនម្ហូបអាហារជាដើម។

ទី៦.ជាមួយនឹងសភាពការណ៍វិវត្តន៍ថ្មីៗនៃការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងតំបន់និងពិភពលោកខ្ញុំនៅតែបន្តអំពីនាវដល់បងប្អូនជនរួមជាតិសូមរក្សានូវ ភាពស្ងៀមស្ងាត់ការពារសុខភាពនិងអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់និងក្រុមគ្រួសារហើយអាចការពារបាននូវជំងឺគ្រប់ប្រភេទ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំគឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជាជាពិ សេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយ័ព្យនិងចំកណ្ដាលនៃបណ្ដាខេត្តសំខាន់ៗនៃប្រទេសកម្ពុជាហើយក៏ជាខេត្តដែលសំបូរបេតិកភណ្ឌវប្បធម៌និងតំបន់ទេសចរណ៍ធម្មជាតិរមណីយដ្ឋានទេសចរណ៍ធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រនិងកសិទេសចរណ៍សំណង់ស្ថាបត្យកម្មដ៏ប្រណីតជាច្រើនកន្លែងដែលបន្សល់ទុកដោយអាណានិគមបារាំងនិងកំពុងទាក់ទាញភ្ញៀវចម្រុះជាតិសាសន៍បានមកកម្សាន្តនិងសិក្សាស្វែងយល់។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា៖បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង ។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ កន្លង ទៅចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានប្រមាណ ៦លាន៦សែននាក់កើនឡើងបីដងធៀបនឹង១០ឆ្នាំមុនដែលមានចំនួនប្រមាណ ២លាន១សែន៦ម៉ឺននាក់ ប៉ុណ្ណោះ។ ចំណូលដុលពីទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ មានចំនួន ៤,៩១៩ លានដុល្លារអាមេរិក ឬស្មើនឹងជិត ១៣ភាគរយនៃផសស។បើគិតជាតម្លៃបន្ថែមវិញ វិស័យទេសចរណ៍ចូលរួមចំណែកប្រមាណ ៤,៤ភាគរយនៃ ផ.ស.ស ក្នុងឆ្នាំ ២០១៩ ហើយក៏ជាអនុវិស័យធំជាងគេទី៤ នៅក្នុងវិស័យសេវាកម្មបន្ទាប់ពីអនុវិស័យ ពាណិជ្ជកម្មដឹកជញ្ជូន,ទូរគមនាគមន៍និងអចលនទ្រព្យ។វិស័យទេសចរណ៍បានបង្កើតមុខរបរនិងការងារទេសចរណ៍ដោយផ្ទាល់ប្រមាណជាង ៦៣ម៉ឺននាក់នឹងការ ងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖ការរីករាលដាលនៃជំងឺកូរវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំ ខាន់ៗដូចជាវិស័យសេវាកម្ម ដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។នៅដើមឆ្នាំ២០២០ នេះភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០,៥% ក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០ ភាគរយធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១៩ ។ យោងតាមទិន្នន័យនេះបើធៀបជាមួយនឹងគោលដៅ ទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជាអត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺនៅមានកម្រិតស្រាលនៅឡើយ ។ ដើម្បីជួយសម្រួលនូវ បញ្ហាលំបាករបស់អាជីវករវិនិយោគិន កម្មករនិយោជិត នៅក្នុងវិស័យទេសចរណ៍ដែលបណ្ដាលមកពីជម្ងឺរាតត្បាតសកល ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការរយៈពេលខ្លីមួយចំនួនដូចជាការលើកលែងពន្ធការជំរុញនូវសកម្មភាពទេសចរក្នុងស្រុកទៅកាន់ខេត្តសៀមរាបការ ធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាសជាពិសេសជាមួយប្រទេសជិតខាង(ដូចជាបាងកក-សៀមរាប និងហូជីមិញ-សៀមរាប)ការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញការពន្យារយៈពេលសម្រាប់សំបុត្រចូលទស្សនាអង្គរការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់ក្មួយៗកម្មករនិយោជិតដែលបានបាត់បង់ការងារ និងវិធានការមួយចំនួនទៀតដើម្បីកាត់បន្ថយផលប៉ះពាល់លើអាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់សំដៅរក្សាលំនឹងនិងអាជីវកម្មនិងជួយដល់ក្មួយៗកម្មករនិយោ ជិតដែលបាត់បង់ការងារឲ្យទទួលបានការបណ្ដុះបណ្ដាលជាមួយប្រាក់បំណាច់សមរម្យ ។វិធានការដែលត្រូវបានដាក់ចេញនាពេលនេះគឺជាកញ្ចប់វិធានការរយៈ ពេលខ្លីជុំទីមួយប៉ុណ្ណោះ ។ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវវិធានការកែទម្រង់ជាកញ្ចប់ថ្មីមួយទៀតនៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសាឆ្នាំ ២០២០ នេះ។

នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានសូមឲ្យបងប្អូនជនរួមជាតិរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មានពិតដើម្បីបំបាត់នូវព័ត៌មានក្លែង ក្លាយដែលធ្វើឲ្យមានភាពចលាចលវឹកវរនិងអសន្តិសុខសង្គម ។ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គ ការសុខភាពអន្តរជាតិនានាជាពិសេសអង្គការសុខភាពពិភពលោកមានវិធានការម៉ឺងម៉ាត់បំផុតក្នុងការការពារនិងត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីប្រឈមនឹងជំងឺ សកលនេះ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមទាំងអស់គ្នាការពារសុខភាពរាងៗខ្លួននិងក្រុមគ្រួសារឲ្យបានល្អប្រសើរជាជាងការភ័យខ្លាច ដែលធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និង ភាពសុខដុមរមនាគ្រប់ជាតិសាសន៍នៃព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកថានៅថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបងក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថាចំនួន​ភ្ញៀវទេសចរ​ដែល​មក​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ​ច្រើន​កុះករក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ផងដែរ​ ។ ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ចូលរួម​សរុប​មាន​ប្រមាណ​៣​ម៉ឺន​នាក់ដោយមាន​ប្រមាណ​៣០០​នាក់​ជា​ភ្ញៀវទេសចរ​អន្តរជាតិហើយ​ភាគច្រើន​ជា​ជនជាតិ​បារាំង​។​

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំ ២០២០ នេះមានលក្ខណៈពង្រីកវិសាលភាពដោយសារក្រុងបាត់ ដំបងមិនស្ថិតជាប់ដងទន្លេប៉ុន្តែមានស្ទឹងជាប់ទន្លេ។ លោកបន្តថាតាមទស្សនទាននៃការរៀបចំពិធីបុណ្យទន្លេ និង អនុសាសន៍ណែនាំរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីបុណ្យទន្លេអាចត្រូវរៀបចំនៅតាមបណ្តាខេត្តដែលស្ថិតនៅដងទន្លេឬខ្សែទឹកភ្ជាប់ទន្លេ ។ ក្នុងន័យនេះស្ទឹងសង្កែដែលមានភាពល្បីល្បាញដ៏យូរលង់គឺជាខ្សែ ទឹកតភ្ជាប់ក្រុងបាត់ដំបងទៅកាន់បឹងទន្លេសាបនិងទន្លេសាបដែលឆ្លើយតបទៅនឹងទស្សនទាននៃពិធីបុណ្យទន្លេ។

លោករដ្ឋមន្ត្រីបន្ថែមថាក្រៅពីនេះខេត្តបាត់ដំបងត្រូវបានចាត់ទុកជាជង្រុកស្រូវដ៏ធំរបស់ប្រទេសជាទីក្រុងស៊ីវិល័យជាទីក្រុងបេតិកភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុង បញ្ជីអង្គការUNESCOមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ល្អប្រសើរជាទីក្រុងបណ្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗប្លែកៗនិងសំបូរទៅដោយរមណីយដ្ឋានជាច្រើនទាំងទេស ចរណ៍បេតិកភណ្ឌរូបិយ អរូបិយ អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត ។

ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងត្រូវបានប្រារព្ធធ្វ់កាលពីថ្ងៃទី ១៣ ខែមីនា ដោយបាន​រក្សា​នូវ​សុខ​សុវត្ថិភាព​របស់​អ្នក​មក​ចូលរួមសម្រួល​ចរាចរណ៍ រក្សា​សណ្ដាប់ ធ្នាប់និង​មាន​ក្រុមគ្រូពេទ្យក៏ដូចជា​រថយន្ត​សង្គ្រោះបន្ទាន់​ប្រចាំការ​ផងដែរ ​។ ក្នុងនោះ​មានការ​តាំងពិព័រណ៍​ស​មិទ្ធ​ផល​ផលិតផល​ក្នុងស្រុកមហោស្រប​ម្ហូបអាហារ និង​ភេសជ្ជៈជាង​ ៣០០​ស្តង់​, ស្តង់​ក្រសួង​-​ស្ថាប័នរដ្ឋ​មាន​៣០​ស្តង់​, ផលិតផល​នាំចេញនិង​វិស័យ​ទេសចរណ៍​មាន​ ២០ ​ស្តង់​, ផលិតផល​ក្នុងស្រុក​មាន ៥០​ ស្តង់​, ផលិតផល​ទូទៅ​មាន ​១៥០ ​ស្តង់ និង​ស្ដង់​វិថី​ម្ហូបអាហារ​មាន​៥០​ស្ដង់ពិសេស​ម្ហូបអាហារ​ប្រចាំ​តំបន់​ក្នុង​ក្រុង​បាត់ដំបង​ផងដែរ​។​

ជាការសង្កេតនៅពេលថ្ងៃមិនសូវជាមានមនុស្សទៅទស្សនាស្តង់លក់ទំនិញប៉ុន្មាននោះទេ ដោយសារតែអាកាសធាតុក្តៅខ្លាំងរហូតដល់ ៣៩ ទៅ ៤០អង្សា ដែលធ្វើ បរិយាកាសហាក់ដូចជាមិនអធិកអធមនោះទេ។ក៏ប៉ុន្តែនៅពេលយប់បើទោះបីថាមានការព្រួយបារម្ភអំពីមេរោគឆ្លងកូវីដ ១៩ ក៏ដោយតែគេសង្កេតឃើញមានមនុស្ស ម្នាយ៉ាងច្រើនបានធ្វើដំណើរកំសាន្ត និង ទិញឥវ៉ាន់ នៅក្នុងតំបន់តាមមាត់ស្ទឹងសង្កែត ។ ការស្ទះចរាចរណ៍ក៏កើតមានសម្រាប់អ្នកធ្វើដំណើរដោយរថយន្តឆ្លងកាត់ ស្ទឹងសង្កែពីទិសខាងកើតទៅទិសខាងលិច ។

គួរបញ្ជាក់​ផងដែរ​ថាពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ប្រារព្ធ​ធ្វើឡើងក្រៅតែពី​ផ្ដល់​ការកម្សាន្ត​ជូន​ដល់​ប្រជាពលរដ្ឋក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ​ហើ​នោះក៏បានបំផុសស្មារតី ​ស្រឡាញ់​ជាតិនិង​កេរដំណែល​ដូនតាហើយ​បានរួម​ចំណែក​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅ​ខេត្តបាត់ដំបង​ផងដែរ​ ៕/B