​ក្មេងប្រុស​ម្នាក់ ស្លាប់ ដោយសារ​ដំរី​មួយ​ក្បាល ចាប់​នឹង​ប្រមោយ បោក​ផ្ទប់​នឹង​គល់ឈើ​

201
ចែករម្លែក

ដោយ​៖ ទេព មង្គល​
​រតនៈគិរី​៖
ក្មេងប្រុស​ម្នាក់ បាន​បាត់​បង់ជីវិត បន្ទាប់ពី​ដំរី​មួយ​ក្បាល ស្ទុះ​មក​ចាប់​នឹង​ប្រមោយ​របស់​វា បោក បណ្ដាល​ឲ្យ​ផ្លោង ប៉ះ​នឹង​ដើមឈើ កាលពី​វេលា​ម៉ោង ៩ និង ១១ នាទី ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ត្រង់ចំណុច​ភ្នំ​ក្រូច ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង ២ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ឃុំ​ល្បាំ​ង​២ បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ ឈ្មោះ ហៀក ជីវៈ អាយុ​១០​ឆ្នាំ ជនជាតិ​ព្រៅ ជា សិស្ស មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ ខាងលើ បាន​ស្លាប់ ក្រោយពី​ដឹកបញ្ជូន ទៅដល់​មន្ទីរពេទ្យបង្អែក ខេត្ត​។ រីឯ​ម្ចាស់​ដំរី ឈ្មោះ ខៃ ចិន្តា ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ រាជធានី​ភ្នំពេញ​។

​មន្ត្រីនគរបាល បាន​បន្តថា ហ្មដំរី ឈ្មោះ ប៊ុន រឿង ផ្លា​ល ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ព្រៅ មុខរបរ អ្នក​ថែទាំ​ដំរី មាន​ទីលំនៅ ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនៈគិរី ហើយ ដំរី​នោះ មានឈ្មោះ បុក ម៉ា​យ ឈ្មោល មាន អាយុ ៣២ ឆ្នាំ​។​

​ប្រភព​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ប៊ុន រឿង ផ្លា​ល បាន​នាំ​ជនរងគ្រោះ ជិះ​ម៉ូតូ ជូនទៅ កន្លែង ចង​ដំរី ដើម្បី​ឲ្យ​យក​ម៉ូតូ មក​ភូមិ​វិញ ពេលនោះ ដំរី ក៏បាន​ស្ទុះ​មក​ចាប់ ក្មេងប្រុស​រងគ្រោះ និង​ប្រមោយ​បោក​ផ្ទប់ ទៅនឹង​គល់ឈើ រងរបួស​ធ្ងន់ធ្ងរ​។ ហ្មដំរី ក៏បាន​លើក​ក្មេងរងគ្រោះ ដាក់​លើ​ម៉ូតូ ដឹក យកមក​មន្ទីរពេទ្យបង្អែក​ខេត្ត គ្រូពេទ្យ មិនទាន់បាន ជួយសង្គ្រោះ​ផង​នោះ ក្មេងរងគ្រោះ ក៏បាន​ស្លាប់ បាត់ទៅហើយ​។ ក្រោយពេល​ដឹងថា ក្មេងរងគ្រោះ បាន​ស្លាប់​នោះ ហ្មដំរី​នេះ ក៏បាន​រត់​គេចខ្លួនបាត់ តែម្ដង ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ និង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះមក​ពិនិត្យ នៅ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ​រួច បានធ្វើ​កំណត់ហេតុ ប្រគល់​សព ទៅ​ឲ្យ​ឪពុកម្ដាយ ដើម្បី យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ